Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ បាន​ថ្លែងថា បញ្ហា​ជំងឺ​កូ​វីដ​១៩ មិនបាន​ធ្វើឱ្យប៉ះពាល់​ដ​ល់​ដំណើរការ​អភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ នៅក្នុង​ប្រទេស​កម្ពុជា រួមទាំង​ព្រលានយន្តហោះ​ថ្មី​(វីដេអូ)

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ខែមិថុនា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិតនៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

​ព្រលានយន្តហោះ​ថ្មី​នេះ សាងសង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ២.៦០០​ហិកតា ស្ថិតនៅក្នុង​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ដី​ខ្លះ​ស្ថិតនៅ​ក្នុងស្រុក​បាទី ខេត្តតាកែវ ដែល​ពេលនេះ​សម្រេចបាន​ប្រមាណ ៣០​ភាគរយ​ហើយ​។ អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ ១.៥០០​លាន​ដុល្លារ ក្នុងនោះ​ទឹកប្រាក់​១,១០០​លាន​ដុល្លារ​ជា​កម្ចី​ពី​ធនាគារ​បរទេស និង​២៨០​លាន​ដុល្លារ​ជា​របស់​ក្រុម CAIC របស់​ឧកញ៉ា ពុង ខៀវ​សែ ហើយ​ដើមទុន​ចុះបញ្ជី​មាន​រហូតដល់​១២០​លាន​ដុល្លារ​អាមេរិក ដែល​នឹង​សាងសង់​រួចរាល់​នៅ​ឆ្នាំ​២០២៣ ខាងមុខ​។ វត្តមាន​អាកាសយានដ្ឋាន​អន្តរជាតិ​មួយ​នេះ អាច​ទទួល​អ្នកដំណើរ​បាន​ប្រមាណ ១៣​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ហើយ​អាច​ទទួល​អ្នកដំណើរ ៣០​លាន​នាក់ នៅ​ឆ្នាំ​២០៥០​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ពិនិត្យ​ព្រលានយន្តហោះ​ថ្មី​នេះ​។ សម្តេច​តេ​ជោ​ក៏បាន​ថ្លែង​ការកោតសរសើរ​ដល់គ​ណៈ​កម្ម​ការសាងសង់ ដែល​បាន​ប្រឹងប្រែង​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដើម្បី​សម្រួល​ដល់​ការសាងសង់​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា​បញ្ហា ជំងឺ​កូ​វីដ​១៩ មិនបាន​ធ្វើឱ្យប៉ះពាល់​ដ​ល់​ដំណើរការ​អភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា រួមទាំង​ព្រលានយន្តហោះ​ថ្មី​ផងដែរ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការរក្សាបាន​នូវ​ដំណើរការ​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ ក៏​រួមចំណែក​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​វិបត្តិ​ការងារ​ដោយសារ​ជំងឺ​កូ​វីដ​១៩​ផងដែរ នេះ​គឺជា​គោលដៅ​មួយ​សំខាន់​សំរាប់​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ក្នុងការ​បំពេញតម្រូវកា​រ​។​

​នៅក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើឱ្យ​ក្រុមហ៊ុន​ជួយ​ស្តា​របឹង​ជើង​លោង​ឱ្យ​កាន់តែ​ជ្រៅ ដើម្បី​ជា​ប្រយោជន៍​ប្រជាពលរដ្ឋ ពីព្រោះ​បឹង​ជើង​លោង​នេះ​មិន​ត្រឹមតែ​ដោះស្រាយ​បញ្ហា​ទឹក​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​នោះទេ តែ​ក៏​ជួយ​បញ្ចៀស​ជំនន់​ទឹក​ព្រែក​ត្នោត​ផងដែរ​។​

​សម្តេច​តេ​ជោ​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា ពេលនេះ​យើង​កំពុង​សាងសង់​អាកាសយានដ្ឋាន​ចំនួន​៣​ទីតាំង ដែល​ទី​១)​នៅទីនេះ ទី​២)​នៅ​ខេត្តសៀមរាប និង​ទី​៣)​កងកេង​នៅ​ខេត្ត​ព្រះសីហនុ​។ ទន្ទឹមនឹងនោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សូម​ឲ្យ​អាជ្ញាធរ​ក្រុង ខេត្ត​ទាំង​៣ មាន​រាជធានី​ភ្នំពេញ កណ្តាល និង​ខេត្តតាកែវ ត្រូវ​រួមសហការ​គ្នា និង​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ឲ្យ​ការងា​សាងសង់​នេះ​មាន​ភាពរលូន​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្តថា ចំពោះ​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​ពោធិចិនតុង​គឺ​ទុក​នៅ​ដដែល តែ​អាច​ទៅជា​ព្រលាន​សម្រាប់​យោធា​កងទ័ព ទី​២)​ប្រើ​សម្រាប់​ការហោះហើ​ផ្ទៃក្នុង ទី​៣)​ប្រើ​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ និង​ទី​៤)​ប្រើ​សម្រាប់​ភ្ញៀវ និង​ថ្នាក់ដឹកនាំ​ផ្លូវការ​នានា​។​

​មុននឹង​បញ្ចប់ សម្ដេច​តេ​ជោ​មន្ត្រី​ក៏បាន​ជូនពរ​ឲ្យ​ក្រុមការងារ​សាងសង់​សម្រេចបាន​នូវ​ភាពជោគជ័យ​ក្នុងការ​សាងសង់​នា​ពល​ខាងមុខ​។ បន្ទាប់មក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​នៃ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ ប្រកបដោយ​បរិយាកាស​រីករាយ​៕
​ដោយ​៖​កូ​ឡាប​


×