ភ្នំពេញ ៖ អាជ្ញាធរមីន និងអង្គការ Mine Advisory Group (MAG) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីប្រសិទ្ធភាពនៃការគ្រប់គ្រងព័ត៌មានប្រតិបត្តិការនៅទីវាល ក្រោមជំនួយឧបត្ថម្ភគាំទ្រដោយ កម្មវិធីអភិវឌ្ឍន៍និងស្រាវជ្រាវការបោសសម្អាតមីនមនុស្សធម៌ (Humanitarian Demining Research and Development Program_HDR&D) របស់សហរដ្ឋអាមេរិក ក្រោមអធិបតីភាពឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅអាជ្ញាធរមីន។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យសកម្មភាពមីននៅកម្ពុជា បានឈានដល់របត់មួយនៃការគ្រប់គ្រងព័ត៌មាន តាមរយៈការប្រើប្រាស់ និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានថ្មី ដែលជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់ការគ្រប់គ្រងទិន្នន័យវិស័យសកម្មភាពមីននៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្នុងសតវត្សរ៍ទី២១នេះ។
អាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា ផ្នែកវិស័យសកម្មភាពមីន នឹងបន្តគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការដល់គ្រប់ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ដើម្បីធានាឲ្យការរៀបចំផែនការសកម្មភាពមីនទទួលបានជោគជ័យ និងស្របតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ គឺកម្ពុជាគ្មានមីនឆ្នាំ២០២៥។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តលេីកឡេីងថា ការធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិស័យមីន នៅទូទាំងប្រទេស គឺជាកត្តាចាំបាច់មួយ ដែលយើងទាំងអស់ត្រូវយកចិត្តទុកដាក់ និងគិតគូឲ្យទាន់ពេលវេលា ដើម្បីឆ្លើយតបនូវតម្រូវការរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយអាចទាញយក និងប្រើប្រាស់ព័ត៌មាន ប្រកបដោយគុណភាព និងសុក្រឹតភាព ស្របតាមទំនើបនីយកម្មនៃបច្ចេកវិទ្យាព័ត៌មានបច្ចុប្បន្ន។
ការរួមចំណែកលើកដំបូងរបស់កម្មវិធី HDR&D របស់សហរដ្ឋអាមេរិក តាមរយៈអង្គការ MAG នេះ នឹងជួយពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្ត្រី-បុគ្គលិកនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់អាជ្ញាធរមីនទូទាំង ២៥ រាជធានី-ខេត្ត ដោយអាចប្រមូលនូវទិន្នន័យបានលឿនជាងមុន និងអាចរាយការណ៍មកអាជ្ញាធរមីន បានទាន់ពេលវេលា។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណជូនចំពោះ HDR&D និងអង្គការ MAG តំណាងដោយ លោក Shathel Fahs ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរំដោះផ្ទៃដី និងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ឲ្យរួចផុតពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយនាថ្ងៃនេះ អង្គការ MAG បាននាំមកនូវកម្មវិធី HDR&D ចូលរួមឧបត្ថម្ភគាំទ្រការធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិស័យមីន នៅទូទាំងប្រទេស៕
ដោយ៖បញ្ញាស័ក្តិ