សម្ដេចក្រឡាហោម បានប្រកាសនឹងបន្តលើកទឹកចិត្តដល់កងកម្លាំងអនុវត្តច្បាប់ប្រទេសកម្ពុជានិងចិន និងបន្តលើកកម្ពស់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ទោះបីស្ថានភាពនេះ យើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក៏ដោយ។
នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងប្រគល់ជូនសម្ភារការពារជំងឺកូវីដ-១៩។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រ និងបានយកចិត្តទុកដាក់ជួយដល់កម្ពុជា និងក្រសួងមហាផ្ទៃកម្ពុជាតាមគ្រប់លទ្ធភាព។
សម្ដេចបានមានប្រសាសន៍ទៀតថា សម្ភារៈដែលមិត្តចិនបានប្រគល់ជូនពេលនេះ ពិតជាបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់ និងគិតគូរមកដល់ប្រទេសកម្ពុជាដែលជាមិត្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។
សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែបន្តយកចិត្តទុកដាក់ជួយជ្រោមជ្រែងដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងក្រសួងសន្តិសុខសាធារណៈចិន ជាមួយនិងក្រសួងមហាផ្ទៃកម្ពុជា ជាពិសេសនៅលើវិស័យសន្តិសុខ។
ជាមួយគ្នានោះ សម្ដេចក្រឡាហោមបានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថា តាមរយៈស្មារតីជួយគាំទ្រគ្នាទៅវិញទៅមកនេះ នឹងរួមចំណែកធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក៏ដូចជារវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរផងដែរ ហើយក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់កិច្ចសហការជាមួយភាគីចិន និងស្ថានទូតចិន ក្នុងការគាំទ្រលើកិច្ចការផ្សេងៗដែលនៅក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃផ្ទាល់។
សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមដែរថា សម្ដេចនឹងបន្តលើកទឹកចិត្តដល់កងកម្លាំងអនុវត្តច្បាប់ប្រទេសទាំងពីរ និងបន្តលើកកម្ពស់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត ទោះបីស្ថានភាពនេះ យើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក៏ដោយ។
ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណជូនសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី និងបាននាំមកនូវសារសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំចិន ព្រមទាំងឯកឧត្តម ចាវ ឃឺជឺ ដែលជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមាចនិតចិន ជូនចំពោះសម្ដេចក្រឡាហោមផងដែរ។
ឯកឧត្តមបន្តថា ទោះបីជាចិន កំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ១៩ ក៏ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅតែបន្តដំណើរការជាប្រក្រតី និងបន្តមានវឌ្ឍនភាពល្អប្រសើរ ពិសេសឆ្លុះបញ្ចាំងតាមរយៈការរួមចំណែករបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ក្នុងការជួយឧបត្ថម្ភនូវធនធាន រួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងមួយនេះ នៅពេលជំងឺនេះបានចាប់ផ្ដើមកើតមានជាលើកដំបូង។
ឯកឧត្តមបានមានប្រសាសន៍ថាសម្ភារប្រគល់ជូនក្រសួងមហាផ្ទៃនៅពេលនេះ ថ្វីដ្បិតតែមានចំនួនមិនច្រើន ប៉ុន្តែ ឯកឧត្តមសូមឯកភាពចំពោះប្រសាសន៍លើកឡើងរបស់សម្ដេច ដោយបានលើកឡើងថាជំនួយសម្ភារៈទាំងនេះ បានស្ដែងពីទឹកចិត្តរបស់ប្រជាជនចិន និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះប្រជាជន និងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានរំលឹកថា ក្នុងរយៈពេលមួយឆ្នាំមកនេះ កិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់រវាងប្រទេសទាំងពីរ ពិតជាទទួលបាននូវលទ្ធផលល្អប្រសើរ ទោះបីជាប្រទេសទាំងពីរកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩យ៉ាងណា ក៏ដោយ ហើយថាការសម្រេចបានលទ្ធផលល្អប្រសើរនេះ ឯកឧត្តមសូមថ្លែងអំណរគុណ ចំពោះការដឹកនាំរបស់សម្ដេចក្រឡាហោមក្នុងកិច្ចការនេះ។
ឯកឧត្តម សង្ឃឹមជឿជាក់ថាកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ នឹងបំរើដល់ផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ លើវិស័យថែរក្សាសន្តិសុខទៅអនាគត៕
ដោយ៖បញ្ញាស័ក្តិ