សៀមរាប៖ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះ ផលប៉ះពាល់នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ ពិសេសបងប្អូនប្រតិបត្តិករ និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ក្នុងខេត្ត ព្រមទាំងបានធ្វើឱ្យខេត្តសៀមរាប ក្នុងនោះតំបន់រមណីយដ្ឋានអង្គរ ដែលធ្លាប់តែទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ បែរជាមានភាពស្ងប់ស្ងាត់។
មានប្រសាសន៍នៅកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តបទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ជំហានទី១ សម្រាប់ដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ នៅសាលាខេត្តសៀមរាប នា ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះឯកឧត្តម បានថ្លែងថា ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៣៨៤.៣១៨នាក់ ថយចុះ -៦០,៥១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ។
ឯកឧត្តម ទៀ សីហា មានប្រសាសន៍ទៀតថា កន្លងមក ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ពិសេសមានការចង្អុលបង្ហាញជាប្រចាំពីក្រសួងទេសចរណ៍ និងដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយផ្នែកឯកជន និងមានការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ជាតិ-អន្តរជាតិនានា ព្រមទាំងមានការចូលរួមចំណែកគាំទ្រពីប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ធ្វើឲ្យវិស័យទេសចរណ៍ខេត្តសៀមរាបមានការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងថា ដោយការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល សំខាន់ការចង្អុលបង្ហាញជាប្រចាំរបស់ក្រសួងទេសចរណ៍ ដោយមានកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និង មានការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ជាតិ អន្តរជាតិ ពិសេសការចូលរួមចំណែកគាំទ្រពីប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជា ភ្ញៀវទេសចរជាតិ អន្តរជាតិ ធ្វើឲ្យវិស័យទេសចរណ៍ក្នុងខេត្ត មានការអភិវឌ្ឍន៍ និង បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និង កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋទៀតផង ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ផលប៉ះពាល់នៃ វិបត្តិជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ និង ប្រជាពលរដ្ឋ សំខាន់បងប្អូនប្រតិបត្តិករ និង អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ហើយបានធ្វើឲ្យខេត្តសៀមរាប ពិសេសនៅតំបន់រមណីយដ្ឋានអង្គរ ធ្លាប់តែទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ បែក្លាយជាភាពស្ងប់ស្ងាត់ទៅវិញ។
ឯកឧត្តមបន្តទៀតថា អាជ្ញាធរខេត្តបានខិតខំកែលម្អសោភ័ណភាពក្រុង ដោយផ្តោតទៅលើយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ ក្នុងការជំរុញឲ្យមានផលិតផលទេសចរណ៍ថ្មី ប្រកបដោយការច្នៃប្រឌិត ស្របតាមនិន្នាការនៃការអភិវឌ្ឍ ទេសចរណ៍នាពេលបច្ចុប្បន្ន និងទៅអនាគត ដោយកំណត់នូវគោលដៅជាយុទ្ធសាស្ត្រសម្រាប់ជំរុញ និង ពង្រឹងការគ្រប់គ្រង អភិវឌ្ឍន៍ គោលដៅទេសចរណ៍សៀមរាបអង្គរ និង ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បង្កើនប្រសិទ្ធភាពការងារ សំដៅធ្វើឲ្យផលិតផលទេសចរ និង សេវាកម្មទេសចរមានគុណភាព បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ១៩ ខេត្តសៀមរាបប្រែក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរប្រកបដោយគុណភាព ៕ ដោយ៖កូឡាប