ភ្នំពេញ៖វីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសជើងឯកពិភពលោក៤ជំនាន់ ទោះបីបានប្រកាសលាឈប់ពីអាជីពកីឡាប៉េតង់ ហើយ ដោយសារបញ្ហាសុខភាពរបស់លោកស្រីក៏ដោយក៏លោកស្រីនៅមិនទាន់អស់អាល័យពីកីឡាប៉េតង់ឡើយ ។
ជាមន្ត្រីយោធាជានខ្ពស់ដែលមានថានន្តរសក្តិជាឧត្តមសេនីយ៍ទោក៏ពិតមែនក៏អ្នកស្រីនៅបន្តភ្ជាប់ខ្លួនជាមួយកីឡាប៉េតង់ដដែលតែមិនមែនបន្តនៅក្នុងឋានៈជាកីឡាការិនីនោះទេ គឺបន្តនៅក្នុងឋានៈជាគ្រូបង្វឹកក្រុមយុវជន ។នរណាក៏មានជំនឿចិត្តដែរថាក្នុងឋានៈជាគ្រូបង្វឹក អ្នកស្រី កែ ឡេង នឹងប្រមូលនៅបពិសោធន៍ទាំងអស់ដែលអ្នកស្រីមានយកមកផ្ទេរដល់អ្នកជំនាន់ក្រោយ ។
អ្នកស្រី កែ ឡេង បានបញ្ជាក់ពីមូលហេតុនៃការបញ្ចប់អាជីពជាកីឡាការិនីនោះថា គឺអាស្រ័យដោយស្ថានភាពសុខភាពរបស់លោកស្រីផ្ទាល់ចុះខ្សោយមិនអាចបន្តស៊ូទ្រាំនឹងការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតតទៅមុខទៀតបាន។ អ្នកស្រីបន្តថា ក្មេងៗជំនាន់ក្រោយនឹងមានអ្នកពូកែជាងអ្នកស្រីទៀតក៏ថាបានដែរ ។
ស្ថិតនៅក្នុងវ័យ ៥៧ឆ្នាំ លោកស្រី កែ ឡេង បានអះអាងថា បច្ចុប្បន្នវ័យកាន់តែចាស់ទៅហើយពុំអាចបន្តការចូលរួមប្រកួតនៅលើឆាកអន្តរជាតិ ដណ្តើមកិត្យានុភាពជាតិមេដាយមាស ដូចកាលពីមុនៗទៀតឡើយ ពីព្រោះការត្រៀមចូលរួមប្រកួតម្តងៗ ត្រូវតែមានការហ្វឹកហាត់យូរម៉ោងក្នុង ១ថ្ងៃៗ។ ម្យ៉ាងទៀតលោកស្រីក៏ជាប់រវល់ច្រើននៅអង្គភាពរបស់ខ្លួនក្រោមចំណុះក្រសួងការពារជាតិ ក្នុងឋានៈជាមន្ត្រីយោធាផ្កាយពីរ។
កន្លងមក វីរកីឡាការិនីប៉េតង់កម្ពុជា លោកស្រី កែ ឡេង ដែលលេចធ្លោយ៉ាងខ្លាំងលើវិញ្ញាសាវាយយកពិន្ទុតែងតែប្រាប់ថា ការហ្វឹកហាត់ និងការប្រកួតលក្ខណៈអន្តរជាតិម្តងៗ លោកស្រីសម្លឹងមើលគោលដៅ (ប៊ី) ដើម្បីវាយឲ្យចំគោលដៅ ហើយលោកស្រីតែងតែទទួលបានការកោតសរសើរពីមហាជនថា ម្ចាស់មេដាយមាស៤ជំនាន់ជាប់ៗគ្នារបស់ពិភពលោករូបនេះវាយចំគោលដៅបានយ៉ាងល្អបំផុតដោយមិនទាន់មានកីឡាការិនីអន្តរជាតិណាម្នាក់បំបែកកំណត់ត្រា គ្រប់គ្រងម្ចាស់មេដាយមាសពីការប្រកួតជើងឯកពិភពលោករហូតដល់៤សម័យកាលជាប់ៗគ្នាបែបនេះឡើយ។ លោកស្រីបន្ថែមថាមកដល់ពេលនេះលោកស្រីមិនទាន់សម្លឹងឃើញមានកីឡាការិនីប៊ូលនិងប៉េតង់កម្ពុជាណាម្នាក់អាចស្នងដំណែងរបស់លោកស្រីបាននៅឡើយទេ។
សូមរំលឹកថា វីរកីឡាការិនីកែ ឡេងបានឈ្នះមេដាយមាសពីការប្រកួតជើងឯកពិភពលោក៤ជំនាន់ជាប់ៗគ្នាពោលគឺចាប់តាំងពីឆ្នាំ២០១៣មកម្លេះ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងរហូតដល់ឆ្នាំ២០១៩ ដែលភាពល្បីល្បាញនេះ បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា លើវិស័យកីឡាប៉េតង់មានភាពលេចធ្លោយ៉ាងខ្លាំង ហើយសហព័ន្ធកីឡាប៉េតង់អន្តរជាតិបានផ្តល់សិទ្ធិឲ្យកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតជើងឯកពិភពលោក នៅក្នុងឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។
នៅក្នុងឋានៈជាម្ចាស់ផ្ទះជើងឯកពិភព លោក យុវជន និងស្ត្រី លើកទី១៧ ឆ្នាំ ២០១៩ កីឡាការិនីជម្រើសជាតិ កែ ឡេង បានឈ្នះមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុដែលជាមេដាយមាសពិភពលោកជំនាន់ទី៤ចុងក្រោយបង្អស់របស់លោកស្រី។ក្រៅពីការឈ្នះមេដាយមាសជើងឯកពិភពលោក លោកស្រីកែ ឡេង ក៏ធ្លាប់បានឈ្នះមេដាយស៊ីហ្គេម និងការប្រកួតអន្តរជាតិមួយចំនួនទៀតដែរ៕ ដោយ៖បញ្ញាស័ក្តិ