តាកែវ ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ លោក កែវ វ៉ាន្នី ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ សហការជាមួយនិងមន្ត្រីជំនាញ ក.ប.ប (កាំកុងត្រូល) ខេត្ត បានចុះត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលបន្លែ-ផ្លែឈើ ដែលមានផ្ទុកសារធាតុគីមី នៅច្រកទ្វាព្រំដែនទ្វេភាគីអន្តរជាតិភ្នំដិន ស្ថិតនៅស្រុកគីរីវង់ ខេត្តតាកែវ ។
សូមបញ្ជាក់ផងដែរថា នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ គឺមន្ត្រីជំនាញបានធ្វើការដកហូតបន្លែ ផ្លែឈើ ចំនួន ២១គំរូ យកមកធ្វើការពិនិត្យរកសារធាតុគីមី នៅក្នុងរថយន្តពិសោធន៍ចល័តរបស់កាំកុងត្រូល ហៅកាត់ ក.ប.ប ក្នុងពេលនេះមន្ត្រីជំនាញ បាននិងកំពុងពិនិត្យ នៅមិនទាន់ចេញជាលទ្ធផលនៅឡើយទេ ។
លោក ប៉ោ លាងគង់ ប្រធានសាខា កបប ខេត្តតាកែវបានឲ្យដឹងថា ចំពោះសកម្មភាពនេះ គឺយើងអនុវត្តន៍តាមសេចក្តីប្រកាស បស់រាជរដ្ឋាភិបាលលេខ ៥៧៤.ប្រក ចុះថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនេញ នីហរ័ណអាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) បានធ្វើការចុះត្រួតពិនិត្យទំនិញទប់ស្កាត់ការនាំចូលបន្លែ ផ្លែឈើ ដែលមានផ្ទុកសារធាតុគីមី នាំចូលពីក្រៅប្រទេស(វៀតណាម) ចូលមកក្នុងចរាចរណ៍លក់នៅក្នុងស្រុកខ្មែរ ដើម្បីការពារអំពីផលប៉ះពាល់ ដល់អ្នកបរិភោគទៅលើសុវត្ថិភាពចំណីអាហារ ៕
ដោយ៖ តាកែវ