តាកែវ៖មុខទំនិញបន្លែផ្លែឈើចំនួន ៤មុខ រួមមាន ខ្ញី ម្ទេស ស្ពៃគុយលេង និងផ្លែក្រូចឃ្វេចកិនជាមួយទឹកអំពៅ មានទម្ងន់សរុប ៤តោន ត្រូវបានប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ សហការជាមួយមន្ត្រីជំនាញ ក.ប.ប ខេត្តចុះត្រួតពិនិត្យការនាំចូលទំនេញបន្លែ ផ្លែឈើ នៅច្រកទ្វាទ្វេភាគីអន្តរជាតិភ្នំដិន សម្រេចឲ្យអាជីវករនាំយកត្រឡប់ទៅប្រទេសវៀតណាមវិញ រួចធ្វើកិច្ចសន្យា ដើម្បីសម្រាលការខាតបង់របស់អាជីវករខ្មែរ ។
ការកឃើញមុខទំនិញជាប្រភេទបន្លែ ផ្លែឈើ ដែលមានផ្ទុកនៅសារធាតុគីមីថ្នាំកាកសំណល់ជីកសិកម្មនេះ គឺធ្វើឡើងក្រោមកិច្ចសហការរវាង លោក កែវ វ៉ាន្នី ប្រធានសាខាគយ និងរដ្ឋាករខេត្ត រួមជាមួយលោក ប៉ោ លាងគង់ ប្រធានក.ប.ប (កាំកុងត្រូល) សាខាខេត្តចុះត្រួតពិនិត្យមុខទំនិញបន្លែផ្លែឈើ នៅច្រកទ្វាអន្តរជាតិភ្នំដិន ស្ថិតនៅស្រុកគីរីវង់ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០ ។
បើតាមការឲ្យដឹងពីលោក កែវ វ៉ាន្នី ប្រធានសាខាគយ និងលោកប៉ោ លាងគង់ ប្រធាន ក.ប.ប បានឲ្យដឹងថា ដោយអនុវត្តន៍តាមសេចក្តីប្រកាសបស់រាជរដ្ឋាភិបាលលេខ ៥៧៤.ប្រក ចុះថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណអាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) បានធ្វើការចុះត្រួតពិនិត្យទំនិញ និងទប់ស្កាត់ការនាំចូលបន្លែ ផ្លែឈើ ដែលមានផ្ទុកសារធាតុគីមី នាំចូលពិក្រៅប្រទេសចូលមកចរាចរណ៍លក់នៅក្នុងស្រុក ដើម្បីការពារអំពីផលប៉ះពាល់ដល់អ្នកបរិភោគទៅលើសុវត្ថិភាពចំណីអាហារ ថ្ងៃមន្ត្រីជំនាញទាំងពីរ បានធ្វើការត្រួតពិនិត្យ និងដកហូតបន្លែ ផ្លែឈើ ចំនួន ២១គំរូ យកមកធ្វើការពិនិត្យលើរថយន្តពិសោធន៍ចល័ត ដោយក្នុងការពិនិត្យនោះយើងបានធ្វើតេស្ត រកឃើញបន្លែចំនួន ៣មុខ និងផ្លែឈើ១មុខ រួមមាន ខ្ញី ម្ទេស ស្ពៃគុយលេង និងផ្លែក្រូចឃ្វេចកិនជាមួយទឹកអំពៅ មានផ្ទុកនៅសារធាតុគីមីសំណល់ថ្នាំកសិកម្ម ក្រោយការរកឃើញនេះរួចយើងបានធ្វើការដកហូត បានចំនួន ៤តោន តែមិនបានយកបំផ្លាញចោលនោះទេ ដោយឲ្យក្រុមអាជីវករដែលជាជនជាតិខ្មែរទាំងនោះធ្វើកិច្ចសន្យា និងឲ្យនាំបន្លែផ្លែឈើទាំង ៤មុខនោះត្រឡប់ទៅប្រទេសដើម្បីវិញ ដើម្បីបន្ធូរបន្ថយការខាតបង់របស់អាជីវករខ្មែរយើង ។
សូមបញ្ជាក់ផងដែរថា ចំពោះមុខទំនិញដែលជាប្រភេទបន្លែផ្លែឈើទាំង ៤មុខខាងលើ គឺហាមឃាត់ការនាំចូលជាបណ្តោះអាសន្នសិន រងចាំមានវិញ្ញាបនបត្របញ្ជាក់អំពីគុណភាពទំនិញពីភាគីមន្ត្រីជំនាញវៀតណាមថា មិនមានសារធាតុគីមីសំណល់ថ្នាំកសិកម្មសិន រួចមន្ត្រីជំនាញរបស់ភាគីកម្ពុជារបស់យើងនិងដកហូតទៅពិនិត្យសាជាថ្មីម្តងទៀតបញ្ជាក់ថា មិនមានសារធាតុគីមី នោះបន្លែផ្លែឈើទាំង ៤មុខខាងលើ និងអនុញ្ញាតឲ្យនាំចូលបង់ពន្ធគយជាធម្មតាវិញ ៕
ដោយ៖តាកែវ