បាត់ដំបង៖កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បុរសម្នាក់ជួញដូររក្សាទុក និងថ្នាំម៉ាទឹកកក៨ថង់ និងសម្ភារពាក់ព័ន្ធមួយចំនួន ហើយមានដីការចាប់ខ្លួនពីបទជួញដូរថ្នាំញៀនបន្ថែមទៀត កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។
ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់នេះ បានធ្វើឡើងកាលពីម៉ោង១១និង០០នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
លោកសុខ និមល នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលចាប់ឃាត់ខ្លួនឈ្មោះរ៉ា វិឡា ហៅប៉ិ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក៨ថង់ ទម្ងន់២,៨៧ក្រាម ទូរស័ព្ទដៃមួយគ្រឿង និងសម្ភារមួយចំនួនទៀត ហើយចាប់ឃាត់ខ្លួនកាលពីម៉ោង១១និង០០នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ ជនសង្ស័យឈ្មោះរ៉ា វិឡា ហៅប៉ិនេះ មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៣៦០ត ព្រ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ របស់លោក ជា វណ្ណៈ ចៅក្រមជំនំជម្រះនៃ
សាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ មួយករណី។
លោកសុខ និមល បានបញ្ជាក់ថា កម្លាំងបានសហការជាមួយកម្លាំងប៉ូលិសក្រុង ចុះបង្ក្រាបបានករណីរនេះ ហើយចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។ បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ហើយ៕
ដោយ៖អ៊ុងសារុំ