បាត់ដំបង៖ នៅតាមកសិដ្ឋានចិញ្ចឹមសត្វគោ និងតាមគ្រួសារ មិនបានរងផលប៉ះពាល់ ដល់ការបង្កើនការចិញ្ចឹមគោ សម្រាប់លក់សាច់ តាមកសិដ្ឋានក្នុងខេត្តបាត់ដំបងនោះទេ ខណៈបញ្ហាជំងឺកូវីដ១៩ នៅតែមានការរីករាលដាល និងធ្វើឲ្យមានការព្រួយបារម្ភនៅលើពិភពលោក ប៉ុន្តែបញ្ហាជំងឺដ៏កាចសាហាវនេះ និងទីផ្សារមានការថយចុះបន្តិចប៉ុណ្ណោះ។
បុរសម្នាក់ឈ្មោះ ខាស៊ូគិ ម៉ាត់ស៊ូម៉ូតុជាជនជាតិជប៉ុន ម្ចាស់ភាគហ៊ុនចិញ្ចឹមគោ ក្នុងកសិដ្ឋានអានស៊ិន ស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់ បានមានប្រសាសន៍ តាមរយៈអ្នកបកប្រែថា ដោយសារបញ្ហាជំងឺកូវីដ១៩ បានធ្វើឲ្យកន្លែងចិញ្ចឹមគោសម្រាប់លក់សាច់មួយចំនួន បានផ្អាកនូវអាជីវកម្មរបស់ខ្លួន ប៉ុន្តែសម្រាប់កសិដ្ឋានអានស៊ិន យល់ឃើញថានេះជាឱកាស ទោះទីផ្សារមានការថយចុះ ប៉ុន្តែ ពលរដ្ឋនៅតែមានតម្រូវការ ហើយពួកគាត់នៅតែបន្តទិញសាច់គោបរិភោគ។ កាលពីមិនទាន់មានបញ្ហាជំងឺកូវីដ១៩ ក្នុងកសិដ្ឋានអានសិន មានគោក្នុងទ្រុងជាង ៧០០ក្បាល។ បច្ចុប្បន្ននៅសល់តែជាង ១៥០ក្បាលប៉ុណ្ណោះ និងទោះបីបញ្ហាកូវីដនៅតែមានការរីករាលដាលក៏ដោយ កសិដ្ឋាននឹងបង្កើនការចិញ្ចឹមរហូតដល់ជាង ១០០០ក្បាល ហើយណាមួយ នៅពេលស្ងប់ជំងឺនេះ ក៏វាបានផ្ដល់ឱកាសល្អ ព្រោះទីតាំងរបស់លោក បានចាប់ផ្ដើមមុនគេ ក្នុងការពង្រីកការចិញ្ចឹមនេះ។
លោក ធី រ៉ាវុធ ជាម្ចាស់កសិដ្ឋានអានស៊ិនដែរនោះ បានមានប្រសាសន៍ថា ការចាប់ផ្ដើមប្រមូលទិញគោ សម្រាប់ដាក់ក្នុងក្រោលបន្ថែមនេះ ក៏មិនបានទិញឲ្យទូលំទូលាយដូចមុននោះដែរ ដោយសារបច្ចុប្បន្នជារដូវភ្លៀងធ្លាក់ ធ្វើឲ្យតំបន់ខ្លះក៏មានផ្ទុះជំងឺអ៊ុតក្ដាមលើសត្វគោក្របី ដែលបញ្ហានេះក៏បានធ្វើឲ្យមានការព្រួយបារម្ភ ។ ទោះបីយ៉ាងណា កសិដ្ឋានរបស់លោក នៅតែបង្កើនការចិញ្ចឹមគោ ឲ្យស្របតាមគោលដៅ និងមួយវិញទៀត នៅពេលខាងមុខ នឹងមានការកាត់បន្ថយការប្រើប្រាស់ចំណីសម្រេច ឲ្យគោស៊ីចំណីផលិតដោយខ្លួនឯង មានកន្ទក់ ស្មៅ ពោតក្រហម ដំឡូងមីជាដើម ដើម្បីកាត់បន្ថយការចំណាយ ខណៈការចិញ្ចឹមបច្ចុប្បន្ន ឲ្យវាស៊ីចំណីសម្រេច ៥០ភាគរយ និងចំណីលាយកសិផល ៥០ភាគរយ ។
គួរបញ្ជាក់ថា កសិដ្ឋានអានស៊ិន គឺជាទីតាំងចិញ្ចឹមគោលក់សាច់ដ៏ធំមួយ ក្នុងខេត្តបាត់ដំបង សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំទៅប្រទេសជិតខាង ដោយកសិដ្ឋាននេះមានចិញ្ចឹមគោ ៣ប្រភេទ មានខ្មែរ គោប្រាម៉ាន់ និងគោឆាឡេ ហើយផ្ដល់ការងារដល់ពលរដ្ឋនៅក្នុងតំបន់នេះ ឲ្យមានការងារធ្វើផងដែរ៕
ដោយ៖អ៊ុងសារុំ