ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានយល់ឃើញថា ការចរចាប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២១ខាងមុខនេះ គួរត្រូវបានពន្យារពេល។ ប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០២១ គួរបន្តសុពលភាពអនុវត្តរហូតដល់វិស័យនេះ អាចត្រឡប់ទៅរកភាពដើមវិញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១ ដែលគ្រោងនឹងចាប់ផ្តើមពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២០។
បើយោងតាមសេចក្តីថ្លែងការណ៍របស់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC កាលពីថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២០ ស្តីពីការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២១ បានបញ្ជាក់ថា ស្ថិតក្នុងកាលៈទេសៈនេះ វិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង កំពុងមានការផុយស្រួយ និងមានភាពមិនច្បាស់លាស់ ក្នុងការវិលត្រឡប់មករកសភាពដើមវិញ ក៏ដូចជាការធ្វើឲ្យប្រសើរឡើងវិញរបស់វិស័យនេះ នឹងត្រូវចំណាយពេលយូរ។ ម្យ៉ាងវិញទៀត ក្នុងពេលបច្ចុប្បន្ន រោងចក្រយ៉ាងច្រើននៅក្នុងវិស័យនេះ បាននិងកំពុងព្យួរការងារនិងមានរោងចក្រមួយចំនួនកំពុងបិទទ្វារ ដូចនេះយន្តការគាំទ្រនានា គឺជាវិធានការចាំបាច់ ដើម្បីជួយរក្សាលំនឹងនៃវិស័យនេះ ។ ដូចនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានយល់ឃើញថា ការចរចាប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២១ខាងមុខនេះ គួរត្រូវបានពន្យារពេល។ ប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០២១ គួរបន្តសុពលភាពអនុវត្តរហូតដល់វិស័យនេះ អាចត្រឡប់ទៅរកភាពដើមវិញ។
សមាគមសង្ឃឹមយ៉ាងមុតមាំថា ការចរចាប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២១ នឹងត្រូវផ្អាកជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពនៃវិស័យនេះ មានភាពប្រក្រតីឡើងវិញ។ ការបង្អង់ការចរចាប្រាក់ឈ្នួលអប្បបរមានឹងជាយន្តការមួយ ក្នុងការគាំទ្រឲ្យវិស័យនេះ នៅបន្តមានជីវិតរស់នៅ ក៏ដូចជាការរក្សាការងារសម្រាប់បងប្អូនកម្មករនិយោជិត យ៉ាងដូច្នេះដែរ។
ស្ថិតក្នុងកាលៈទេសៈបច្ចុប្បន្នដែលលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅលើពិភពលោក បាននិងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារការរីករាតត្បាតជាសកលនៃជំងឺផ្លូវដង្ហើមថ្មី កូវីដ១៩ បណ្តាលឲ្យវិស័យមួយចំនួនជួបនូវវិបត្តិជាច្រើនដែលមិនអាចប៉ាន់ស្មានបានជាមុន។ ជាក់ស្តែងនៅក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង រោងចក្រ សហគ្រាសជាច្រើនបានផ្អាកដំណើរការសកម្មភាពផលិតកម្មជាបណ្តោះអាសន្ន ខណៈមួយចំនួនទៀត បានសម្រេចចិត្តឈប់ដំណើរការសកម្មភាពជាស្ថាពរតែម្តង ពីព្រោះអ្នកបញ្ជាទិញជាច្រើន បានលុបចោលការបញ្ជាទិញ និងបដិសេធមិនទទួលយកទំនិញដែលបានផលតរួច ក៏ដូចជាមិនបានធ្វើការទូទាត់ប្រាក់ដែលបានព្រមព្រៀងសម្រាប់ទំនិញដែលបានផលិត និងទទួលយករួច ដោយហេតុថានៅតាមបណ្តាហាងលក់ទំនិញដុំ និងរាយ នៅជុំវិញពិភពលោកបានបិទស្ទើរតែអស់ ខណៈតម្រូវការនៅក្នុងសកលលោកមានការធ្លាក់ចុះដល់កម្រិតអប្បបរមា៕
ដោយ៖កូឡាប