ភ្នំពេញ៖ ឯកឧត្តម អ៊ិត សំហេង បានណែនាំឲ្យគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) គ្រប់កម្រិតរួមទាំងរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ដោះស្រាយនូវអ្វីដែលជាបញ្ហានៃការទាមទាររបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។
ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ កងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ និងកម្លាំងមានសមត្ថកិច្ច មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត ត្រូវបន្តចូលរួមសហការគ្នាឱ្យបានកាន់តែជិតស្និទ្ធថែមទៀត ប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការដោះស្រាយ នូវសំណូមពរ ការទាមទារដែលអាចទទួលយកបានស្របតាមច្បាប់ និងបទបញ្ញតិជូនដល់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ហើយបន្តចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត ចំពោះជនទាំងឡាយណា ដែលមានចេតនាក្នុងការញុះញង់បង្កបញ្ហាដល់សង្គម និងខាតបង់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ដោយធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ បង្កជាអំពើហិង្សា បិទផ្លូវសារធារណៈ ការគប់ឬវាយបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិរដ្ឋ ឯកជន ការរាំងមធ្យោបាយដឹកជញ្ជូនទំនិញរបស់រដ្ឋ ឬឯកជន ការបង្ករបួសស្នាម ការគំរាមគំហែងកម្មករមិនឱ្យចូលធ្វើការ។ល។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានស្នើឲ្យបន្តការផ្សព្វផ្សាយការយល់ដឹង ជូនដល់បងប្អូនកម្មករនិយោជិតនៅតាមកន្លែងធ្វើការផ្ទាល់ពីអ្វី ដែលជាផលវិបាកដោយសារជំងឺកូវីត១៩ និងវិធាការនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីជួយសម្រួលដល់ប្រក្រតីភាពនៃអាជីវកម្ម ផលិតកម្ម របស់រោងចក្រ សហគ្រាស ក៏ដូចជាការជួយឧបត្ថម្ភគាំទ្រដើម្បីសម្រួលដល់ជីវភាពរស់របស់បងប្អូនកម្មករនិយោជិត ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ។
ការស្នើឡើងបែបនេះ ធ្វើឡើងនាឱកាស ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន គ.ក.ប អញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការងារ ក្នុងគោលបំណងផ្សព្វផ្សាយផែនការស្តីពីការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (២០២០-២០២៤) និងបទបញ្ជា លេខ ០១ បប ស្តីពីការអនុវត្តផែនការស្តីពីការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (២០២០-២០២៤) ជាពិសេសក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ។
ឯកឧត្តមបណ្ឌិតអ៊ិត សំហេង ក៏បានស្នើដល់ គណៈបញ្ជាការឯកភាព និងគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម រាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ត្រូវមានផែនការអនុវត្តក្នុងភូមិសាស្ត្ររបស់ខ្លួន។ រាល់ករណីកូដកម្ម បាតុកម្មដែលកើតឡើងនៅតាមភូមិសាស្ត្រណាមួយ គណៈបញ្ជាការឯកភាព និងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញានោះ ត្រូវទទួលខុសត្រូវដឹកនាំបញ្ជាដោះស្រាយរាល់ករណីជាក់ស្តែងនីមួយៗ និងត្រូវខិតខំដោះស្រាយឱ្យអស់លទ្ធភាព ជាពិសេសត្រូវក្តាប់នូវមូលហេតុនៃបញ្ហា ភស្តុតាង និងមុខសញ្ញាជនឱកាសនិយមដែលញុះញង់ឬធ្វើសកម្មភាពខុសច្បាប់។ ត្រូវខិតខំការពារសន្តិសុខសុវត្ថិភាពជូនសហជីពបងប្អូនកម្មករនិយោជិតដែលធ្វើកូដកម្ម បាតុកម្មស្របច្បាប់។ ក្នុងករណីមានអំពើហិង្សាត្រូវចាត់វិធានការតាមនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវចុះជួបជាប្រចាំ ជាមួយកម្មករនិយោជិតនៅតាមតំបន់ផ្ទះជួល ឬស្នាក់នៅរបស់កម្មករនិយោជិត ដើម្បីក្តាប់ឱ្យបាននូវស្មារតី ស្ថានភាពរស់នៅ បញ្ហាថ្លៃបន្ទប់ ថ្លៃអគ្គិសនី ថ្លៃទឹកស្អាត និងសំណូមពររបស់កម្មករនិយោជិត ព្រមទាំងពិនិត្យហានិភ័យនានា ដែលអាចកើតមានចំពោះកម្មករនិយោជិតនៅក្នុងតំបន់ភូមិសាស្ត្ររបស់ខ្លួន។ ផ្តល់លេខទូរស័ព្ទទំនាក់ទំនងរបស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្នុងករណីកម្មករនិយោជិតត្រូវការប្រើប្រាស់សេវាផ្នែកច្បាប់ផងដែរ៕
ដោយ : បញ្ញាស័ក្តិ