កណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍រវាងឡានដឹកដី បើកបុកជាមួយឡានដឹកកម្មកររោងចក្រ បណ្តាលឲ្យកម្មករនិងកម្មការិនី ចំនួន១៣នាក់ បានរងរបួសធ្ងន់ស្រាល រីឯបុរសម្នាក់ជាតៃកុងឡានដឹកដីបានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ដែលគ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង ១៨និង២០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ផ្លូវជាតិលេខ១ ស្ថិតនៅភូមិ ពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយរថយន្តដឹកដីបើកលឿន ជ្រុលមកបុកចំឡានដឹកកម្មករ-កម្មការិនី ដែលបើកបញ្ច្រាសទិសយ៉ាងពេញទំហឹងតែម្ដង ដែលបណ្ដាលឱ្យឡានក្រឡាប់ចាក់កម្មករ-កម្មការិនីពេញថ្នល់ រីឯតៃកុងឡានដឹកដីវិញ គៀបជាប់នឹងកាប៊ីនបណ្ដាលឱ្យស្លាប់ភ្លាមៗ ។
ក្រោយកើតហេតុភ្លាមៗ នគរបាលបានហៅរថយន្តសង្គ្រោះមកជួយដឹកកម្មករ-កម្មការិនីទាំងអស់ទៅព្យាបាល នៅឯមន្ទីរពេទ្យ។ រីឯរថយន្តត្រូវបាន យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំដោះស្រាយតាមច្បាប់ ៕
ដោយ៖បញ្ញាស័ក្តិ