អង់គ្លេសបានចាប់ផ្តើមធ្វើការសាកល្បងចាក់វ៉ាក់សាំង COVID-19 ថ្មីទៅលើមនុស្សក្រោយពេលការធ្វើតេស្តលើសត្វមានប្រសិទ្ធភាព។
អ្នកស្ម័គ្រប្រហែល ៣០០នាក់នឹងធ្វើការចាក់វ៉ាក់សាំងថ្មីមួយនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលវាគឺជាផ្នែកមួយនៃការសាកល្បង ដែលដឹកនាំដោយសាស្ត្រាចារ្យ Robin Shttock និងសហការីរបស់គាត់ នៅសកលវិទ្យាល័យ Imperial College London។
ការធ្វើតេស្តលើសត្វបានបង្ហាញថា វ៉ាក់សាំងមានសុវត្ថិភាព និងបង្កើតឲ្យមានប្រព័ន្ធការពារយ៉ាងមានប្រសិទ្ធភាព។
នេះជាវ៉ាក់សាំងថ្មីមួយទៀត ខណៈដែលអ្នកជំនាញនៅសកលវិទ្យាល័យ Oxford បានចាប់ផ្តើមធ្វើការសាកល្បងវ៉ាក់សាំង លើមនុស្សរួចរាល់ហើយ។
កម្មវិធីវ៉ាក់សាំងចំនួន ១២០កំពុងដំណើរការទូទាំងពិភពលោក។
សូមបញ្ជាក់ថា ប្រទេសជាច្រើនកំពុងតែប្រកួតប្រជែងគ្នា ដើម្បីបង្កើតវ៉ាក់សាំងឲ្យបានមុនគេ ដើម្បីលក់ទៅកាន់ពិភពលោក ខណៈដែលពិភពលោក កំពុងតែរងការវាយប្រហារពីវីរុសកូរ៉ូណា។
ប្រធានាធិបតីអាមេរិចដូណាល់ ត្រាំ បានប្រកាសពីជំនឿចិត្តរបស់លោកថា អាមេរិចនឹងមានវ៉ាក់សាំងនៅដើមឆ្នាំ ២០២១។
វីរុសដ៏កាចសាហាវនេះ ផ្ទុះដំបូងចេញពីទីក្រុងវូហានប្រទេសចិន ចុងឆ្នាំ ២០១៩ ហើយរហូតមកដល់ពេលនេះ វាបានឆ្លងទៅកាន់មនុស្សជិត ៩,៤លាននាក់ និងផ្តាច់ជីវិតមនុស្សជិត ៥០០.០០០នាក់ទូទាំងពិភព៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC