Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ក្រុង​ប៉េកាំង​ប្រកាសថា អាច​គ្រប់គ្រង​ការ​រាតត្បាត​បាន ខណៈ​តួលេខ​ឆ្លង​សរុប​កើន​ដល់​ជិត ២៦០​ករណី​

​មន្ត្រី​ក្រុង​ប៉េកាំង បានប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​បាន​ឆ្លង​ទៅកាន់​មនុស្ស​ចំនួន ២៥៦​នាក់​នៅ​ប៉េកាំង កាលពីដើម​ខែមិថុនា​នេះ គឺអាច​គ្រប់គ្រង​បាន ប៉ុន្តែ​នៅតែមាន​ការព្រួយបារម្ភ ពី​ការ​ហានិភ័យ​នៃ​ការឆ្លង​នៅក្នុង​សហគមន៍​។​

​អាជ្ញាធរ​បាន​ប្រញាប់ប្រញាល់​ទប់ស្កាត់​ការផ្ទុះ ដែល​ផ្តើមចេញពី​ទីផ្សារ​លក់ដុំ​ដ៏​ធំ​នៅក្នុង​ក្រុង​ប៉េកាំង ក្រោយពេល​ការឆ្លង​ករណី​ដំបូង​ក្នុង​រដ្ឋធានី​នេះ ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី ១១ ខែមិថុនា​។

“​ការ​រាតត្បាត​វីរុស​ក្នុង​ក្រុង​ប៉េកាំង​ដែល​ជាប់ទាក់ទង​នឹង​ផ្សារ Xinfadi គឺ​កំពុង​ស្ថិតក្រោម​ការគ្រប់គ្រង ប៉ុន្តែ​នៅពេល​ជាមួយគ្នានេះដែរ ពួកយើង​បាន​រកឃើញ​ការឆ្លង​នៅ​កន្លែងធ្វើការ នៅផ្ទះ និង​សហគមន៍​”​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង Xu Hejian​។​

​លោក​បន្ថែមថា “​ស្ថានភាព​ការពារ និង​គ្រប់គ្រង​នៅតែមាន​ភាពស្មុគស្មាញ ដូច្នេះ​ពួកយើង​មិនអាច​បន្ថយ​ការការពារ​បន្តិច​ឡើយ​”​។​

​មន្ត្រី​ក្រុង​បាន​រកឃើញថា ក្នុងចំណោម​អ្នក​ឆ្លង​សរុប ២៥៦​នាក់​ក្នុង​ក្រុង​ប៉េកាំង មាន ២៥៣​ករណី​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ផ្សារ Xinfadi ដែលជា​ផ្សារ​ផ្គត់ផ្គង់​ទំនិញ​ស្ទើរ ៨០​ភាគរយ​ទៅដល់​ក្រុង​ប៉េកាំង​។​

​សូមបញ្ជាក់ថា អាជ្ញាធរ​ក្រុង​ប៉េកាំង​បាន​បង្កើន​ការធ្វើ​តេស្ត​រក​វីរុស​ប្រចាំថ្ងៃ ទៅលើ​មនុស្ស​ពី ១០០.០០០ ទៅ ៣០០.០០០​នាក់​ក្នុង​មួយថ្ងៃ ចាប់ពី​ដើមខែ​មិថុនា​មក​។ រហូតមកដល់​ពេលនេះ មនុស្ស​ជិត ៣​លាន​នាក់​ត្រូវបាន​ធ្វើតេស្ត​រួច​។​

​ករណី​ឆ្លង​ជាច្រើន​កើត​ទៅលើ​កម្មករ​ដែលមាន​ចំណូល​ទាប​នៅក្នុង​ផ្សារ Xinfadi និង​ក្បែរ​ភោជនីយដ្ឋាន​។ ផ្សារ​នោះ​ត្រូវបាន​អាជ្ញាធរ​ធ្វើការ​បិទ​ចោល​ចាប់តាំងពី​ថ្ងៃទី ១៣​មក​ម្លេះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

×