អ្នករករ៉ែខ្នាតតូចជនជាតិតង់ហ្សានីម្នាក់ បានក្លាយទៅជាមហាសេដ្ឋីត្រឹមតែរយៈពេល ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគាត់បានលក់ប្រភេទត្បូងថ្មខៀវ Tanzanite ទៅឲ្យរដ្ឋាភិបាល។ បុរសសំណាងរូបនោះ បានរកឃើញត្បូងថ្មដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រទេស។
លោក Saniniu Laizer ទទួលបានប្រាក់ ២,៤លានដុល្លាអាមេរិចពីការលក់ត្បូងថ្ម ២គ្រាប់ទំងន់ ១៥គីឡូក្រាមទៅឲ្យក្រសួងរ៉ែ។
បុរសមានប្រពន្ធ ៤នាក់ និងកូនជាង ៣០នាក់រូបនោះនិយាយថា “នឹងមានពិធីជប់លៀងដ៏ធំនៅថ្ងៃស្អែក”។
Tanzanite ដែលជាប្រភេទត្បូងខៀវដ៏ម្រនៅលើផែនដីនេះ មានតែនៅក្នុងប្រទេសតង់ហ្សានីភាគខាងជើងប៉ុណ្ណោះ ហើយវាត្រូវបានគេយកទៅធ្វើគ្រឿងលម្អ។
លោក Saniniu Laizer បានជីករកឃើញត្បូងថ្មពីគ្រាប់នោះ ទម្ងន់ ៩,២គីឡូក្រាម និង ៥,៨គីឡូក្រាម កាលពីសប្តាហ៍មុន ប៉ុន្តែគាត់បានលក់វានៅថ្ងៃពុធម្សិលមិញ អំឡុងមានព្រឹត្តិការណ៍ជួយដូរនៅតំបន់ Manyara។
បុរសវ័យ ៥២ឆ្នាំរូបនោះប្រកាសថា គាត់នឹងកាប់គោដើម្បីឈប់លៀង។ លោកក៏មានគម្រោងវិនិយោគនៅក្នុងសហគមន៍របស់លោកផងដែរ។
“ខ្ញុំចង់សង់ផ្សារលក់ទំនិញមួយខ្នង និងសាលារៀនមួយខ្នង។ ខ្ញុំចង់សង់សាលារៀននៅក្បែរផ្ទះរបស់ខ្ញុំ។ មានអ្នកក្រីក្រជាច្រើនដែលមិនអាចបញ្ជូនកូនពួកគេទៅរៀនបាន”។
លោកនិយាយទៀតថា “ខ្ញុំជាមនុស្សមិនទទួលបានការអប់រំទេ ប៉ុន្តែខ្ញុំចូលចិត្តអ្វីដែលដំណើរការប្រកប់វិជ្ជាជីវៈ ដូច្នេះខ្ញុំចង់អោយកូនៗរបស់ខ្ញុំបើកអាជីវកម្មប្រប់ដោយវិជ្ជាជីវៈ”។
លោកបន្ថែមថា ការក្លាយជាអ្នកមានមិនអាចផ្លាស់ប្តូររបៀបរស់នៅរបស់គាត់ឡើយ ហើយគាត់នឹងនៅតែបន្តមើលថែគោចំនួន ២.០០០ក្បាលរបស់គាត់ដដែល។ គាត់មិនចាំបាច់មានការប្រុងប្រ័ត្នជាងមុនឡើយ ទោះពីគាត់ក្លាយជាអ្នកមាន៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC