Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ប្រកាស​បោះបង់ចោល ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល របស់​អា​មេ​រិច

​ប្រទេស​ជប៉ុន​បានប្រកាស​បោះបង់ចោល ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល របស់​អា​មេ​រិច ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ បន្ទាប់​ពីស​ម្រ​ច​ផ្អាក​កម្មវិធី​នោះ​។ នេះ​បើតាម​ការបញ្ជាក់​រដ្ឋាភិបាល​ជប៉ុន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​មី​ស៊ី​ល​របស់​ប្រព័ន្ធ Aegis Ashore បម្រុង​នឹងធ្វើ​ការដាក់​ពង្រាយ​នៅក្នុង​តំបន់​ចំនួន ២​ក្រោម​កម្មវិធី​ដ៏​ចម្រូងចម្រាស់ ប៉ុន្តែ​រដ្ឋាភិបាល​ប្តូរ​ទិសដៅ ដោយសារ​តែមាន​សម្ពាធ​ពី​ប្រជាជន ដោយ​ពួកគេ​មានការ​ព្រួយ​បារ​ម្ព​ពី​ហានិភ័យ របស់​ប្រព័ន្ធ​មី​ស៊ី​ល​នៅ​ទីធ្លា​ក្បែរ​ផ្ទះ​ពួកគេ​។​

“​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​បាន​ពិភាក្សាគ្នា​ពី​បញ្ហា​នេះ និង​បានធ្វើ​ការសម្រេច​ថា ការដាក់​ពង្រាយ​ប្រព័ន្ធ Aegis Ashore នៅក្នុង​តំបន់ Akita និង Yamaguchi នឹងត្រូវ​ដកចេញ​វិញ​”​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​ជប៉ុន Taro Kono ប្រាប់​កិច្ចប្រជុំ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​។​

​ដំបូង​ឡើយ រដ្ឋាភិបាល​បានធ្វើការ​ធានាថា មី​ស៊ី​ល​នឹងមិន​ដាក់​នៅ​តំបន់​ក្បែរ​លំនៅដ្ឋាន​ឡើយ កន្លែង​ដែល​ប្រព័ន្ធ​វា​ស្ថិតនៅ​។​

​ប៉ុន្តែ​កាលពី​សប្តាហ៍​មុន នៅពេល​មានការ​ប្រកាសថា ការដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល ត្រូវបាន​ផ្អាក រដ្ឋមន្ត្រី​ការពារជាតិ​ខាងលើ បាន​និយាយថា​ការសន្យា​តម្រូវ​ឲ្យ​មានការ​ចំណាយ​ច្រើន និង​បង្កើន​សមត្ថភាព​កម្មវិធី ដែល​ត្រូវ​ប្រើពេល​ច្រើន​។​

​ប្រព័ន្ធ Aegis Ashore ដែល​ជប៉ុន​ទិញ​ពី​អា​មេ​រិច ត្រូវបាន​អនុ​ម័​យ​កាលពី​ឆ្នាំ ២០១៧ ហើយ​ជប៉ុន​ត្រូវ​ចំណាយ​ប្រាក់ ៤,២​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៣​ទសវត្ស​ន៍​។​

​កិច្ចព្រមព្រៀង​ក្នុង​ការទិញ​ប្រព័ន្ធ​ការពារ​ពី​អា​មេ​រិច ត្រូវបាន​គេ​មើលឃើញ​ពី​គោលបំណង​ពីរ ដោយ​ជប៉ុន​ចង់​ពង្រឹងសមត្ថភាព​ការពារ​របស់ខ្លួន ក្រោយពេល​កូរ៉េខាងជើង​បានធ្វើការ​បាញ់​មី​ស៊ី​ល និង​ជប៉ុន​ចង់​បង្កើន​ទំនាក់ទំនង​ឲ្យ​ស្និទ្ធ​នឹង​អា​មេ​រិច​ផងដែរ​។​

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ជំរុញ​ឲ្យ​សម្ត​ព័ន្ធ​មិត្ត​របស់ខ្លួន ទិញ​ផលិតផល​ពី​អា​មេ​រិច​ឲ្យ​បាន​ច្រើន រួមមាន​ឧបករណ៍​យោធា​។​

​កងកម្លាំង​របស់​ជប៉ុន​ត្រូវ​បានដាក់​កំហិត​លើ​ការការពារ​ខ្លួន ហើយ​ប្រទេស​នេះ​ពឹងផ្អែក​ខ្លាំង ទៅលើ​សហរដ្ឋ​អា​មេ​រិច​ក្រោម​កិច្ចព្រមព្រៀង សម្ព័ន្ធមិត្ត​សន្តិសុខ​ទ្វេភាគី​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បាន​ថ្លែង​កាលពី​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​ប្តេជ្ញាចិត្ត​ពិចារណា​លើ​ជម្រើស​ផ្សេងៗ​ចំពោះ​ប្រព័ន្ធ Aegis Ashore៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

×