ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ តំណាងសហជីព និងកម្មករការងារសេវាកម្មកម្សាន្តជាង១០០នាក់ (ភាគច្រើនជាស្ត្រី) បានរួមគ្នាដាក់ញត្តិនៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងកិច្ចការនារី។
ស្ថាប័នទាំងនោះ បានព្រមទទួលយកញត្តិ។ តំណាងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី បានសន្យាថានឹងឆ្លើយតបចំពោះសំណើនេះ ក្នុងរយៈពេលមួយសប្ដាហ៍។
នេះជាការដាក់ញត្តិលើកទីបី របស់តំណាងសហជីព និងកម្មករ ដើម្បីស្នើសុំការគាំទ្រនិងកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល ដើម្បីជួយសម្រាលការលំបាក ក្នុងការផ្គត់ផ្គង់ជីវភាពរស់នៅ ដែលពួកគេកំពុងជួបប្រទះ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។
ញត្តិនោះ ស្នើរដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤០ ដុល្លារអាមេរិក ដល់អ្នកធ្វើការក្នុងវិស័យសេវាកម្មកម្សាន្តគ្រប់គ្នា ព្រមទាំងទទូចដល់រដ្ឋាភិបាល ជួយអន្តរាគមន៍ដល់ម្ចាស់ផ្ទះជួល ជួយបន្ធូរបន្ថយថ្លៃឈ្នួលផ្ទះពាក់កណ្តាល ទៅដល់កម្មករក្នុងវិស័យនេះ ខណៈដែលវិបត្តិកូវីដ១៩កំពុងកើតមាន៕
ដោយ៖កូឡាប