Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​គ្រឿងញៀន ដុតបំផ្លាញ​គ្រឿងញៀន​ជិត​៥០០​គីឡូក្រាម​

​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដុតបំផ្លាញ​គ្រឿងញៀន​ជិត​៥០០​គីឡូក្រាម ក្នុងឱកាស​ប្រារព្ធ​ពិធី​អបអរសាទរ ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០​។​

​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា នៅ​​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ ទិវា​អន្តជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​អធិបតី​ក្នុង​ពិធី​ដុតបំផ្លាញ​គ្រឿងញៀន​ជិត​៥០០​គីឡូក្រាម នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ ទីលាន​ចត​យានយន្ត មុខ​ស្ពាន​នាគ រាជធានី​ភ្នំពេញ​។

​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គឿង​ញៀន តែងតែ​រៀបចំ​ការដុត​បំផ្លាញ​គ្រឿងញៀន ដែល​រឹបអូស​បាន​ពី​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន ក្នុង​ពិធី​អបអរសាទរ ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នេះ​។​

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចេញ​សារលិខិត​ក្នុងឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ។ ការរៀបចំ​ទិវា​អន្តរជាតិ​កម្រិត​ថ្នាក់ជាតិ​សម្រាប់​ឆ្នាំ 2020 នេះ​ព្រះរាជាណាចក្រ​កម្ពុជា​នៅតែ​បន្ត​ការរៀបចំ​ឡើង​ក្រោម​ប្រធានបទ “​បញ្ហា​គ្រឿងញៀន​និង​វិបត្តិ​ជំងឺ​កូ​វីដ​19 គឺជា​កិច្ចការ​បច្ចុប្បន្នភាព​និង​អាទិភាព​របស់​យើង​” ដោយ​គ្រាន់តែ​ធ្វើការ​កែសម្រួល​ពី​ការរៀបចំ​ជា​មិ​ទ្ទិញ​ដោយមាន​ការជួបជុំ​ឬ​ការ​ដង្ហែ​ផ្សេងៗ​មកជា​ការរៀបចំ​ក្នុង​ទម្រង់​ជា​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​គ្រប់​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​និង​ការដុត​បំផ្លាញ​គ្រឿងញៀន​ដែល​ចាប់​យកបាន​ដើម្បី​ពញ្ញាក់​ស្មារតី​បងប្អូន​កូនក្មួយ​ជា​ជនរួមជាតិ​ឲ្យ​បន្ត​យកចិត្តទុកដាក់​ក្នុងការ​បង្ការ​ការពារ​ខ្លួនឯង​និង​ការពារ​ក្រុមគ្រួសារ​កុំឱ្យ​មានការ​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​ក៏ដូចជា​កុំឱ្យ​មានការ​ឆ្លង​រាលដាល​មេរោគ​ឬ​ជំងឺ​ផ្សេងៗ​ពិសេស​ជំងឺ​កូ​វីដ​19 ដែល​បាន​នឹង​កំពុង​រាលដាល​យ៉ាងខ្លាំង​និង​សម្លាប់​មនុស្ស​យ៉ាងច្រើន​នៅលើ​សកលលោក​នាពេល​បច្ចុប្បន្ន​នេះ​។​

​ក្នុងពេល​កន្លងមកនេះ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​និង​ប្រើប្រាស់​គ្រប់​លទ្ធភាព​ធ្វើការ​ទប់ស្កាត់​និង​បង្ក្រាបបាន​ទាន់ពេលវេលា​នៅ​រាល់​ការប៉ុនប៉ង​ផលិត​កែច្នៃ​រក្សាទុក​ជួញដូរ​និង​ចរាចរ​គ្រឿងញៀន​ខុសច្បាប់​ទាំង​មកពី​ខាងក្រៅ​និង​នៅ​ផ្ទៃក្នុង​ប្រទេស​ហើយ​ក្រុម​ឧក្រិដ្ឋជន​និង​ជនល្មើស​ជាច្រើន​នាក់​ដោយ​រួមទាំង​មេខ្លោង​សំខាន់ៗ​និង​បណ្ដាញ​ជួញដូរ​គ្រឿងញៀន​មួយចំនួនទៀត​ក៏ត្រូវ​បាន​ចាប់ខ្លួន​និង ផ្ដន្ទាទោស​ទៅតាម​ច្បាប់​ផងដែរ​។ ជាមួយ​នោះ​ជនរងគ្រោះ​ដែលជា​អ្នក​ប្រើ​និង​ជា​អ្នកញៀន​គ្រឿងញៀន​ជាច្រើន​ពាន់​នាក់​ក៏ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​បញ្ឈប់​ការប្រើប្រាស់​និង​បាន​ឲ្យ​ទៅ​ទទួលយក​ការព្យាបាល​ស្ដាយ​នីតិសម្បទា​បណ្ដុះបណ្ដាល​បំ​ណិ​ន​ជីវិត​និង​វិជ្ជាជីវៈ​ផ្សេងៗ​រហូត​ធ្វើ​ឲ្យ​ពួកគេ​ទទួលបាន​មកវិញ​នូវ​សម្បទា​ល្អ​ទាំង​ផ្លូវកាយ​ផ្លូវចិត្ត​ហើយ​មានលទ្ធភាព​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត​និង​កសាង​គ្រួសារ​មួយ​ដ៏​សមរម្យ​នៅក្នុង​សង្គមជាតិ​ផងដែរ​។

​សម្ដេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​មានប្រសាសន៍ថា “​ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​កូនក្មួយ​ជា​ជនរួមជាតិ​ទាំងអស់​ពិសេស​មាតាបិតា​និង​អាណាព្យាបាល​សូម​បន្ត​ចូលរួម​និង​គាំទ្រ​ឲ្យ​បាន​កាន់តែ​សកម្ម​ថែមទៀត​ដើម្បី​រួមគ្នា​បង្ការ​ទប់ស្កាត់​និង​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​អាច​កើតមាន​នៅក្នុង​សហគមន៍​។ ជាមួយ​នោះ​ខ្ញុំ​ក៏​សូម​ឲ្យ​មាតាបិតា​និង​អាណាព្យាបាល​បន្ត​យកចិត្តទុកដាក់​ថែទាំ​និង​អប់រំ​កូនចៅ​ឲ្យ​បានល្អ​ដើម្បី​ឲ្យ​ពួកគេ​ធំធាត់​ប្រកបដោយ​សុខភាព​និង​សុវត្ថិភាព​ចៀស​ផុតពី​បញ្ហា​គ្រឿងញៀន​បញ្ហា​កូ​វីដ​19 នឹង​បញ្ហា​អវិជ្ជមាន​ក្នុងសង្គម​ផ្សេងៗ​ទៀត​។ ក្នុងករណី​ដឹងថា​កូនចៅ​របស់ខ្លួន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​ត្រូវ​យកចិត្តទុកដាក់​លើក​ទឹកចិត្ត​និង​ណែនាំ​ឲ្យ​ពួកគេ​បញ្ឈប់​ជាបន្ទាន់​ឬ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ដោយ​មិនត្រូវ​ព្យាយាម​លាក់បាំង​ឬ​រក្សាទុក​ដែល​អាច​បង្ក​គ្រោះថ្នាក់​នឹង​ភាពឈឺចាប់​កាន់តែ​ធ្ងន់ធ្ងរ​ដល់​ខ្លួន​គាត់​ផ្ទាល់​ក្រុមគ្រួសារ​អ្នកដទៃ​និង​សហគមន៍​៕ ដោយ​៖​កូ​ឡាប​

×