ខេត្តពោធិ៍សាត់៖ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានជំរុញឲ្យបងប្អូនមានពិការភាពដោយសារគ្រាប់មីន និងកាកសំណល់ពីសង្គ្រាមទាំងអស់ ត្រូវបន្តកសាងនូវសេដ្ឋកិច្ចគ្រួសារឲ្យបានរឹងមាំ និងឈរជាបង្អែកយ៉ាងកក់ក្ដៅសម្រាប់ក្រុមគ្រួសាររបស់ខ្លួន។
ឯកឧត្តម បានបញ្ជាក់ថា ទោះបីយើងពិការមែន តែមិនមែនអសមត្ថភាពទេ យើងមានឆន្ទៈខ្ពស់ និងគោលដៅជាក់លាក់ ក្នុងការចូលរួមកសាងសង្គមជាតិ សង្គមគ្រួសារ និងការអភិវឌ្ឍប្រទេសជាតិ។
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញសំណេះសំណាលជាមួយគ្រួសារជនពិបាក និងចែកនូវស្បៀងអាហារ និងសម្ភារអនាម័យ ដើម្បីរួមចំណែកកាត់បន្ថយការលំបាករបស់គ្រួសារជនពិការភាព ក្នុងកំឡុងពេលការរីករាលដាល នៃជំងឺកូវីដ-១៩ ចំនួន ៥៣៩គ្រួសារ មកពីស្រុកតាលោសែនជ័យ ស្រុកភ្នំក្រវ៉ាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដែលពិធីនេះរៀបចំដោយអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ (DDSP) ក្រោមជំនួយគាំទ្រឧបត្ថម្ភរបស់ អាជ្ញាធរមីន និងមូលនិធិ Sir Bobby Charlton នៃចក្រភពអង់គ្លេស។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី សូមថ្លែងអំណរគុណ និងសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបងប្អូនជនពិការភាពទាំងអស់ ដែលបានចូលរួមពលីគ្រប់បែបយ៉ាងជាមួយរាជរដ្ឋាភិបាល ហើយខ្ញុំសូមចាត់ទុកបងប្អូន ជាតួអង្គយ៉ាងសំខាន់ក្នុងការរំដោះ ការកសាងប្រទេសជាតិ និងការអភិវឌ្ឍ ដូចអ្វីដែលយើងទាំងអស់គ្នា បានឃើញ និងទទួលបាននូវសុខសន្តិភាព និងវឌ្ឍនភាព នាពេលបច្ចុប្បន្ននេះ៕ ដោយ៖បញ្ញាស័ក្តិ