Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត ព្រឹទ្ធសភា​អា​មេ​រិច បានអនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម ចិន ជុំវិញ​ច្បាប់​សន្តិសុខ​នៅ​ហុងកុង​

​ព្រឺទ្ធសភា​អា​មេ​រិច នៅ​ថ្ងៃ​ព្រហស្បតិ៍ បានធ្វើការ​អនុម័ត​ជា​ឯក​ច្ឆ​ន្ធ​លើ​ច្បាប់​មួយ ដែល​នឹងធ្វើ​ការដាក់ទណ្ឌកម្ម លើ​មន្ត្រី​ចិន​ទាំងឡាយណា ដែល​បាន​បំផ្លាញ​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង ខណៈដែល​ទីក្រុង​ប៉េកាំង​ជំរុញ លើ​ច្បាប់​សន្តិសុខ​ដ៏​ចម្រូងចម្រាស់​លើ​ហុងកុង​។​

​សភាតំណាងរាស្ត្រ​នៅតែ​ត្រូវការ​អនុម័ត​ច្បាប់​នោះ ដែល​នឹង​អនុញ្ញាត​ឲ្យ​មានទណ្ឌ​កម្ម​នៅ​អា​មេ​រិច ប្រឆាំងនឹង​មន្ត្រី​ចិន និង​ប៉ូលីស​ហុងកុង ព្រមទាំង​ធនាគារ ដែល​ធ្វើ​ជំនួយ​ជាមួយ​ពួកគេ​។​

​ការបោះឆ្នោត​អនុម័ត​នោះ​កើតឡើង ខណៈដែល​ចិន​ជំរុញ​ច្បាប់​សន្តិសុខសម្រាប់​ហុងកុង​។ ច្បាប់​សន្តិសុខ​នឹង​អនុវត្ត​ការដាក់ទណ្ឌកម្ម​លើ​វិទ្ធង្សនា (​សកម្មភាព​ដែល​បង្ក​ភាពវឹកវរ​) និង​ការគំរាមកំហែង​ផ្សេងៗ​ទៀត នៅក្នុង​ទីក្រុង​ហុងកុង​។​

“​ពួកគេ​កំពុងធ្វើដំណើរ​ឆ្ពោះទៅមុខ​តាម​វិធី​របស់​ពួកគេ ដើម្បី​ដកហូត​សេរីភាព​របស់​ប្រជាជន​ហុងកុង ដូច្នេះ​ពេលវេលា​គឺមាន​សារសំខាន់​ណាស់​”​។ នេះ​ជាការ​លើកឡើង​របស់​ស​មា​ជិ​ក​ព្រឹទ្ធសភា​អា​មេ​រិច Chris Van Hollen​។​

​ច្បាប់​សម្រាប់​ដាក់ទណ្ឌកម្ម​ចិន ទំនងជា​នឹងត្រូវ​អនុ​ម័​យ​យ៉ាង​ស្រួល នៅក្នុង​សភា​ដែល​ដឹកនាំ​ដោយ​បក្ស​ប្រជាធិបតេយ្យ ដែល​បាន​រិះគន់​ចិន​ម្តង​ហើយ​ម្តងទៀត​ចំពោះ​បញ្ហា​សិទ្ធិ​។​

​រដ្ឋបាល​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បានប្រកាស​រួចរាល់​ហើយ​ថា អា​មេ​រិច​មិន​ចាត់ទុក​ហុងកុង​ថា មាន​ស្វ័យភាព​ទៀត​ទេ​។​

​សូមបញ្ជាក់ថា ទីក្រុង​ហុងកុង​ត្រូវបាន​អង់គ្លេស ប្រគល់​ត្រឡប់​ឲ្យ​ចិន​វិញ​នៅក្នុង​ឆ្នាំ ១៩៩៧ ហើយ​ចិន​ប្តេជ្ញា​ថា​នឹង​រក្សា​ប្រព័ន្ធ​ដាច់ដោយឡែក សម្រាប់​ទីក្រុង​ហុង​ក្នុង​រយៈពេល ៥០​ឆ្នាំ​ខាងមុខ ដែល​ធានា​ពី​សិទ្ធិសេរីភាព​របស់​ប្រជាជន​ហុងកុង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

×