Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​៖ គម្រោង ៩៣ លាន​ដុល្លារ ជួយ បង្កើន​សុវត្ថិភាព​សិទ្ធិ​កាន់កាប់​ដីធ្លី របស់​កសិករ​ក្រីក្រ និង សហគមន៍​ជនជាតិដើម​ភាគតិច​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារពិភពលោក បានអនុម័ត​ឥណទាន ៩៣​លាន​ដុល្លារ​អាមេរិក ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) សម្រាប់ «​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​៣» (LASED III) នៅ​ប្រទេស​កម្ពុជា​។ គម្រោង​នេះ​នឹង​ជួយ​បង្កើន​សុវត្ថិភាព​សិទ្ធិ​កាន់កាប់​ដីធ្លី និង​ការទទួលបាន​ហេដ្ឋារចនាសម្ព័ន្ធ​និង សេវា​កសិកម្ម និង សង្គម​សម្រាប់​ប្រជាជន​ក្រីក្រ​គ្មាន​ដី និង​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​។​

​ការជួយ​ឱ្យ​កសិករ​ខ្នាតតូច និង សហគមន៍​ជនបទ មាន លទ្ធភាព ប្រើប្រាស់​ដីធ្លី និង ធនធានធម្មជាតិ​តាមរបៀប​មួយ​មាន​ចីរភាព និង ឋិតថេរ​យូរអង្វែង គឺជា​ផ្នែក​ស្នូល​មួយ​នៃ​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្នុងនេះ រដ្ឋាភិបាល​បាន​បង្កើតឡើង​នូវ​ក្របខណ្ឌ​ច្បាប់​សម្រាប់​ការធ្វើសម្បទាន​ដី​សង្គមកិច្ច ដែល​ពង្រីក​សិទ្ធិ​កាន់កាប់​ដីធ្លី​សម្រាប់​ជនក្រីក្រ​គ្មាន​ដី​នៅតាម​ទីជនបទ​។ ទន្ទឹមគ្នានេះ រដ្ឋាភិបាល​ក៏​លើកកម្ពស់​ផងដែរ​នូវ​ការផ្តល់​សិទ្ធិ​កាន់កាប់​ដីធ្លី​សហគមន៍​ជនជាតិដើម​ភាគតិច ដើម្បី​ពង្រឹងពង្រីក​សិទ្ធិ​របស់​ពួកគេ​នៅក្នុង​ការកាន់កាប់​ដីធ្លី​។​

​ចាប់តាំងពី​ឆ្នាំ​២០០៨ មក គម្រោង LASED ជំហាន​១ និង​ជំហាន​២ ដែល​ទទួលបាន​ការឧបត្ថម្ភ​តាមរយៈ​ធនាគារពិភពលោក បាន​គាំទ្រ​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច ក្នុង​គោលដៅ​ជំរុញឱ្យមាន​ការបែងចែក​ដី​ដល់​ជនក្រីក្រ តាម​ដំណើរការ​មួយ​មាន​ចីរភាព និង​តម្លាភាព​ឈានទៅ​សម្រេចបាន​ជោគជ័យ​។ គម្រោង​ទាំងនេះ បាន​ជួយ​ដល់​ការអភិវឌ្ឍ​ផ្លូវ​ជនបទ ការកសាង​ប្រព័ន្ធធារាសាស្ត្រ​ខ្នាតតូច ការសាងសង់​សាលាបឋមសិក្សា ប៉ុស្តិ​សុខភាព ផ្តល់​ការបណ្តុះបណ្តាល បច្ចេកទេស​កែលម្អ​ការដាំដុះ និង​ជួយ​គាំទ្រ​ដល់​ការបង្កើតឱ្យមាន​សេវា​កាន់តែច្រើន​ទៀត​សម្រាប់​កសិករ​។ តាមរយៈ​គម្រោង​ទាំងពីរ​ដំណាក់កាល​មកនេះ កម្ពុជា បាន បែងចែក​ដីធ្លី​ចំនួន ១៧០០០​ហិកតា សម្រាប់ សង់​លំនៅឋាន និង ធ្វើ​ការដាំដុះ ដល់​គ្រួសារ​គ្មាន​ដី​និង​គ្រួសារ​ខ្វះ​ដី ចំនួន​ជាង ៥០០០​គ្រួសារ ក្នុងនោះ​មាន​ជាង ៣ ៣៦០​គ្រួសារ ទទួលបាន បណ្ណ​កម្មសិទ្ធិ​ដីធ្លី​រួចហើយ​។​

​លោកស្រី អ៊ី​ន​ហ្គូ​ណា ដូ​ប្រា​ចា នាយក​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា​៖ «​លទ្ធភាព​ទទួល បាន ដីធ្លី និង ការផ្តល់សេវា​និង​ការបណ្តុះបណ្តាល​បច្ចេកទេស​កសិកម្ម​ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម ក៏ដូចជា​ការទទួលបាន​សេវាសាធារណៈ​ល្អប្រសើរ គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រជាជន​ក្រីក្រ​ដែល​រស់​នៅតាម​ទីជនបទ​។ គម្រោង LASED ជំហាន​៣ នេះ នឹង​បន្ត ជួយ​រដ្ឋាភិបាល​ក្នុងការ​ផ្តល់​ដីធ្លី និង សិទ្ធិ កាន់កាប់​ដីធ្លី​ដល់​គ្រួសារ​គ្មាន​ដី និង គ្រួសារ​ខ្វះ​ដី និង​ធានាឱ្យមាន​សន្តិសុខ​ផ្នែក​សិទ្ធិ​កាន់កាប់​ដីធ្លី​សម្រាប់​សហគមន៍​ជនជាតិដើម​ភាគតិច នៅតាម​តំបន់​គោលដៅ​របស់​គម្រោង​នេះ​។​»

​គម្រោង LASED ជំហាន​៣ នឹង​បន្ត​ពង្រីក​សមិទ្ធផល​ថែមទៀត​ត​ពី​គម្រោង​ជំហាន​១ និង ជំហាន​២ នៅក្នុង​ការអនុវត្ត​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​។ ការផ្តល់​សិទ្ធិ​កាន់កាប់​ដីធ្លី​សម្រាប់​សហគមន៍​ជនជាតិដើម​ភាគតិច នឹង​ជួយ​គាំទ្រ​ផងដែរ​ដល់​ដំណើរការ​ផ្តល់​សិទ្ធិ​កាន់កាប់​ដីធ្លី​របស់​សហគមន៍​ជនជាតិដើម​ភាគតិច​ដែល​កំពុងតែ​ប្រព្រឹត្តទៅ ឱ្យបាន​ឈានទៅ​ចប់សព្វគ្រប់​។ ជាមួយគ្នានេះ គម្រោង​នឹង​ផ្តល់ជំនួយ​ដល់​បណ្តា​សហគមន៍​ដែល បានបញ្ចប់​ដំណើរការ​ផ្តល់​សិទ្ធិ​កាន់កាប់​ដីធ្លី​របស់​សហគមន៍​ជនជាតិដើម​ភាគតិច រួចរាល់​ហើយ ផងដែរ​។​

​គម្រោង LASED ជំហាន​៣ នឹង​គ្របដណ្តប់​ទៅលើ ទីតាំង​និង​សហគមន៍​ចំនួន​៧១ នៅក្នុង​ខេត្ត​ទាំងអស់​នៃ​ប្រទេស​កម្ពុជា លើកលែងតែ​រាជធានី​ភ្នំពេញ​។ គម្រោង​នេះ​នឹង​ជួយ​ដល់​ការកសាង​ផ្លូវលំ​ជនបទ ប្រព័ន្ធធារាសាស្ត្រ​ខ្នាតតូច សម្បទា​ផ្នែក​ផ្គត់ផ្គង់​សេវ​ទឹកស្អាត​និង​អនាម័យ អគារ​សាលារៀន ផ្ទះ​គ្រូបង្រៀន ប៉ុស្តិ​សុខភាព និង មណ្ឌល​សហគមន៍​។ អ្នកទទួលផល​ថ្មី​ពី​កម្មវិធី​ដី​សម្បទាន​សង្គមកិច្ច នឹង​ទទួលបាន ជំនួយ​សម្រាប់​ការដាំដុះ​ឆ្នាំ​ដំបូង​របស់ខ្លួន ក្នុងនោះ​មាន​គ្រាប់ពូជ​ផងដែរ​។​

​គម្រោង​នេះ​នឹង​ផ្តល់ជំនួយ​បច្ចេកទេស​ផងដែរ​ដើម្បី​អនុវត្ត បច្ចេកទេស​កសិកម្ម​វៃឆ្លាត​ផ្នែក​អាកាសធាតុ បង្កើត​សមាគមន៍​កសិករ​សម្រាប់​ជា​ប្រយោជន៍​ដល់​សកម្មភាព​ផលិតកម្ម និង ទីផ្សារ និង ដើម្បី​គ្រប់គ្រង​មូលនិធិ​សហគមន៍ សម្រាប់​ពង្រីក​សកម្មភាព​សេដ្ឋកិច្ច​នៅក្នុង​មូលដ្ឋាន​៕

ដោយ​៖​កូ​ឡាប​


×