Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ជនសង្ស័យ​២​នាក់​ដាក់ពន្ធនាគារ ករណី​វាយ​សម្លាប់​កម្មករសំណង់​ម្នាក់ ព្រោះ​ខឹង​ជនរងគ្រោះ​ចូលដេក​មុន​ខុស​កន្លែង

​កណ្តាល ៖ ជនសង្ស័យ​២​នាក់​ក្នុងចំណោម​បក្ខពួក​៣ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សហការ​ជាមួយ​នគរបាល​ខេត្តសៀមរាប និង​ខេត្តកំពង់ចាម ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយពី​ជនសង្ស័យ​និង​បក្ខពួក​ធ្វើ​សកម្មភាព​វាយ​សម្លាប់​អ្នកធ្វើការ​សំណង់​ជាមួយគ្នា កាលពី​វេលា​ម៉ោង​២២​និង​១៥ ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ នៅ​ភូមិ​អំពិល​ដាំទឹក ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។

​នគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹងថា កិច្ច​ប្រតិ​ប​ត្ដិ​ការស្រាវជ្រាវ និង​លទ្ធផល បង្ក្រាប ដោយមាន​កិច្ចសហការ ជាមួយ អធិការដ្ឋាន​នគរបាល​ស្រុក​បាធាយ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ចាម ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ដោយសារ​មរណភាព នៃ​ជនរងគ្រោះ​) ដែល​កើតហេតុ​នៅ​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ​២០២០​វេលា​ម៉ោង ២២​និង​១៥ នាទី នៅ​ចំណុច​ភូមិ​អំពិល​ដាំទឹក ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ជា​លទ្ធផល​ស្រាវជ្រាវ​
​នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ នៅវេលា​ម៉ោង​១៦:០០​នាទី ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ពេជ្រ លាក់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១០​មករា ឃុំ​បុស្សខ្នុរ ស្រុក​ចំការលើ ខេត្ដ​កំពង់ចាម នៅ​ចំណុច​ការដ្ឋាន​សំណង់ ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម ដោយមាន​ការចូលរួម​សហការ ពី​កងកម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្អាវ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាធាយ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​
​ដោយមាន​កិច្ចសម្របសម្រួល​ដឹកនាំ​ពន្លាត​ដែន​សមត្ថកិច្ច របស់លោក​ព្រះរាជអាជ្ញា ខេត្តកណ្ដាល​និង​ខេត្តកំពង់ចាម ។​

​លោក​វរសេនីយ៍ ឡាក់ ម៉េង​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​ករណី​ឃាតកម្ម​កើតឡើង សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ក្រោម​ការបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្ត កម្លាំង​បាន​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈានដល់​ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​២​នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់ ។​

​ជនសង្ស័យ​ទី​១-​ឈ្មោះ ស៊ី ណាត ហៅ​ម៉ាញ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករសំណង់ ត្រូវបាន​ចាប់ខ្លួន​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០ ។ ទី​២-​ឈ្មោះ ពេជ្រ លាក់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​១០​មករា ឃុំ​បុស្សខ្នុរ ស្រុក​ចម្ការលើ ខេត្តកំពង់ចាម ត្រូវបាន​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃទី​២៦​ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ការដ្ឋាន​សំណង់ នៅ​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម ។ ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ ម៉ិ​ក រឿន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ធ្នុ​ក​អណ្តូង ឃុំ​ស្លា​ក្រាម ក្រុង​សៀមរាប កំពុង​គេចខ្លួន ។​

​លោក​វរសេនីយ៍ ឡាក់ ម៉េង​ធី បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​ជនសង្ស័យ និង​ជនរងគ្រោះ​បានមក​ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់ ក្នុងភូមិ​អំពិល​ដាំទឹក ឃុំ​វិហារ​លួង ស្រុក​ពញាឮ ជាមួយគ្នា ។ លុះដល់​យប់​ថ្ងៃកើតហេតុ ក្រុម​ជនសង្ស័យ​ខឹង​ជនរងគ្រោះ​ចូលដេក​មុន​ខុស​កន្លែង ទើប​ក្រុម​ជនសង្ស័យ​នាំគ្នា​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ជនរងគ្រោះ ហើយក៏​នាំគ្នា​គេចខ្លួន​អស់ ។ ចាប់ពី​ថ្ងៃកើតហេតុ​រហូត​មកដល់​ថ្ងៃទី​២៦ ខែមិថុនា សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​ចំនួន​២​នាក់ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ខណៈ​ជនសង្ស័យ​ម្នាក់ទៀត សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​អស់ហើយ កំពុង​រត់គេចខ្លួន​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវបាន​តុលាការ​ខេត្តកណ្តាល បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​៕
​ដោយ​៖​កូ​ឡាប​

×