ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រជាការពារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយបានសហការយ៉ាងល្អ ជាមួយនឹងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលមានប៉ូលិស ទាហាន និងកងរាជអាវុធហត្ថ ពួកគាត់គឺជាកម្លាំងស្នូលដែលពីដើមឡើយពោលគឺ ក្រោយឆ្នាំ ១៩៧៩ ប្រជាការពារភូមិគឺជាកម្លាំងស្ម័គ្រចិត្ត ដែលមិនយកប្រាក់ខែនោះទេ។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ដោយការយកចិត្តទុកដាក់ពីសំណាក់ រាជរដ្ឋាភិបាល ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន កម្លាំងប្រជាការពារត្រូវបានបញ្ចូលជាបុគ្គលិកជាប់កិច្ចសន្យា ដែលមានប្រាក់បៀវត្សរ៍ចំនួន៦៥ម៉ឺនរៀល។
ការលើកឡើងបែបនេះ របស់លោកឃួង ស្រេងបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ មិថុនា ២០២០ ក្នុងពិធីប្រគល់អំណោយជូនបងប្អូនប្រជាការពារខណ្ឌទាំង១៤ខណ្ឌ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកហ៊ុន ម៉ានី លោកស សុខា និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោកឃួង ស្រេងបានបន្តទៀតថា ការផ្ដល់នូវអំណោយជូនចំពោះបងប្អូនប្រជាពលរដ្ឋការពារនាពេលនេះ គឺជាការគិតគូរ ពីជីវភាពរស់នៅរបស់បងប្អូនពីសំណាក់រាជរដ្ឋាភិបាល។
លោកឃួង ស្រេង ក៏បានស្នើឱ្យបងប្អូនប្រជាការពារ បន្តការផ្សព្វផ្សាយពីការទប់ស្កាត់នូវជំងឺកូវីដ១៩ ដោយអនុវត្តទៅតាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
លោកហ៊ុន ម៉ានី ក្នុងឱកាសនោះ ក៏បានបញ្ជាក់ថា ការទប់ស្កាត់ជំងឺកូវីដ១៩ វាគឺជារឿងរបស់យើងទាំងអស់គ្នា។ លោកបន្តថា ការទប់ស្កាត់បាននូវជំងឺកូវីដ១៩ ដោយមិនបានធ្វើឲ្យមានមនុស្សស្លាប់នៅកម្ពុជា គឺជាការបង្ហាញពីភាពជោគជ័យរបស់កម្ពុជា ខណៈដែរប្រទេសមួយចំនួនអនុវត្តមិនទាន់បានល្អប្រសើរដូចប្រទេសយើង។ ប៉ុន្តែទោះបីយ៉ាងណាក្តីយើងមិនអាចមើលស្រាលនោះទេ ។ ដូច្នេះទេសូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវយកចិត្តទុកដាក់បន្តលើកកិច្ចការពារ ការឆ្លងនៃជំងឺនេះ។
លោកហ៊ុន ម៉ានី បានថ្លែងការអំណអរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាការពារ ដែលបានខិតខំប្រឹងប្រែងបំពេញការងារដោយមិនថា ក្តៅ ឬមានភ្លៀងឡើយ សំដៅធ្វើយ៉ាងណារក្សាឲ្យបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយនៅពេលមានបញ្ហាអ្វីមួយកើតឡើង បងប្អូនប្រជាការពារ ជាកម្លាំងជួរមុខ ក្នុងការទប់ស្កាត់នៅព្រឹត្តិការណ៍ទាំងនោះ ។
លោកបន្តថា តួនាទីរបស់ប្រជាការពារ គឺពិតជាមានសារសំខាន់ក្នុងការថែរក្សាសណ្តាប់ធ្នាប់សង្គម ទាំងថ្ងៃទាំងយប់ ហើយពេលខ្លះតម្រូវឲ្យបំពេញការងារផ្សេងៗទៀត រួមទាំងអនាម័យបរិស្ថាន និងការសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋផងដែរ។ ពោលគឺប្រជាការពារយើងធ្វើការផ្ទាល់ជាមួយមហាជន និងដើម្បីមហាជន ដែលពេលខ្លះយើងទទួលនូវការសាទរពីប្រជាជនផង ហើយពេលខ្លះក៏ទទួលការរិះគន់ផង។ ទោះបីជាយ៉ាងណា មានការសាទរច្រើនជាងការរិះគន់។ ដូច្នេះ សូមបងប្អូនប្រជាការពារបន្តការចូលរួម ថែរក្សាសណ្តាប់ធ្នាប់សង្គម ជាមួយនឹងការបង្កើនទំនាក់ទំនងល្អ ជាមួយប្រជាជនជាពិសេសការទទួលបាននូវជំនឿទុកចិត្តពីមហាជនគឺត្រូវធ្វើជាប្រចាំ។ ខ្ញុំសូមសម្តែងនូវការគាំទ្រចំពោះការបំពេញភារកិច្ច ដើម្បីរក្សាសណ្តាប់ធ្នាប់ល្អក្នុងសង្គមនេះ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ មានការឈានទៅដល់ការវាយប្រហារ មកលើប្រជាការពាររបស់យើងប្រមាណ៣៩នាក់ ដែលខ្លះត្រូវការសង្គ្រោះបន្ទាន់។ នេះជាមេរៀនដែលមិនអាចអនុញ្ញាតឲ្យកើតឡើងវិញនោះទេ។ ការអនុវត្តនីតិរដ្ឋត្រូវឲ្យមានភាពហ្មត់ចត់ ដើម្បីធានាថា ជីវភាពប្រជាជនភាគច្រើនបានក្តីសុខ ហើយធានាថា មិនឲ្យបាត់សណ្តាប់ធ្នាប់សង្គម ពោលគឺមិនអនុញ្ញាតឲ្យសង្គមមានភាពវឹកវរដូចឆ្នាំ២០១៣ និងដើម ២០១៤ ជាដាច់ខាត។ កងកម្លាំងប្រដាប់អាវុធ ទាំងអស់អាចអព្យាក្រឹតចំពោះគណបក្សនយោបាយ តែមិនអាចអព្យាក្រឹតមុខរដ្ឋអំណាចបាននោះទេ។
សូមអរគុណចំពោះបងប្អូនប្រជាការពារ ដែលបានប្រឹងប្រែង និងបំពេញភារកិច្ចក្នុងដំណាក់កាលនោះ និងសូមសំណូមពរផងដែរ សូមឲ្យមានការយោគយល់គ្នា ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ជាមួយនឹងសកម្មភាពដែលធ្វើឡើង ដើម្បីសុខសុវត្ថិភាពប្រជាជនយើងជារួម៕
ដោយ៖កូឡាប