Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​បក្សកុម្មុយនិស្ត​ចិន ដែល​បំផ្លាញ​សេរីភាព​របស់​ហុងកុង​

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច Mike Pompeo បាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោន​បានដាក់​ការ​រឹតត្បិត​ទិដ្ឋាការ លើ​មន្ត្រី​បក្សកុម្មុយនិស្ត​ចិន ដែលមាន​ទំ​នួ​ស​ខុសត្រូវ​ក្នុង​បំផ្លាញ​សេរីភាព​ក្នុង​ទីក្រុង​ហុងកុង​។​

​លោក​បាន​ថ្លែងថា ទណ្ឌកម្ម​អា​មេ​រិច​មាន​គោលដៅ​លើ​អតីត និង​មន្ត្រី​បក្សកុម្មុយនិស្ត​ចិន​។​

​គាត់​បញ្ជាក់ទៀតថា វិធានការ​នោះ​ស្របតាម​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​ដែល​សន្យា​ដាក់ទណ្ឌកម្ម​ចិន ជុំវិញ​ច្បាប់​សន្តិសុខ​។​

​ចំណែក​ភាគី​ចិន​វិញ និយាយថា​ការសម្រេចចិត្ត​របស់​អា​មេ​រិច គឺជា​កំហុស ដែល​គួរតែ​ត្រូវ​ដកចេញ​វិញ​។​

​ការប្រកាស​ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​នេះ កើតឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​មាន​កិច្ចប្រជុំសភា​នៅ​ចិន​។​

​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​ប្រជាជន​ចិន នឹងធ្វើ​ការពិភាក្សា​លើ​ច្បាប់​សន្តិសុខ​ថ្មី​នៅក្នុង​កិច្ចប្រជុំ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ​។​

​សេចក្តីប្រកាស​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​អា​មេ​រិច មិនបាន​លើកឡើង​ពី​ឈ្មោះ​របស់​មន្ត្រី​ចិន ដែល​រង​ទណ្ឌកម្ម​របស់​អា​មេ​រិច​ឡើយ​។​

​ចំណែក​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន បាន​ប្រឆាំង​ដាច់ខាត​ទៅនឹង​ការសម្រេច របស់​អា​មេ​រិច ដែល​ខ្លួន​ថា​ជាការ​សម្រេចចិត្ត​ខុស​។​

​សូមបញ្ជាក់ថា កាលពី​ខែ​មុន រដ្ឋាភិបាល​ចិន​បានស្នើ​ច្បាប់​សន្តិសុខ​លើ​ហុងកុង ដែល​អ្នក​រិះគន់​មើលឃើញ​ថា ច្បាប់​នឹង​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​ប្រជាជន​ហុងកុង​។ ច្បាប់​សន្តិសុខ​នឹង​អនុវត្ត​ការដាក់ទណ្ឌកម្ម​លើ​វិទ្ធង្សនា (​សកម្មភាព​ដែល​បង្ក​ភាពវឹកវរ​) និង​ការគំរាមកំហែង​ផ្សេងៗ​ទៀត​នៅក្នុង​ទីក្រុង​ហុងកុង​។​

​រដ្ឋបាល​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បានប្រកាស​រួចរាល់​ហើយ​ថា អា​មេ​រិច​មិន​ចាត់ទុក​ហុងកុង​ថា​មាន​ស្វ័យភាព​ទៀត​ទេ​។​

​ទីក្រុង​ហុងកុង​ត្រូវបាន​អង់គ្លេស​ប្រគល់​ត្រឡប់​ឲ្យ​ចិន​វិញ​នៅក្នុង​ឆ្នាំ ១៩៩៧ ហើយ​ចិន​ប្តេជ្ញា​ថា​នឹង​រក្សា​ប្រព័ន្ធ ដាច់ដោយឡែក​សម្រាប់​ទីក្រុង​ហុង​ក្នុង​រយៈពេល ៥០​ឆ្នាំ​ខាងមុខ ដែល​ធានា​ពី​សិទ្ធិសេរីភាព​របស់​ប្រជាជន​ហុងកុង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

×