ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី 27 ខែមិថុនាឆ្នាំ 2020 បានមានប្រសាសន៍ថា សម្រាប់សំណួរថា តើបុគ្គលដែលមាន វិជ្ជមានវីរុសកូវីដ-១៩ មានការឆ្លងវីរុសនេះនៅកន្លែងណា? ខ្ញុំសូមជម្រាបជូនថា យើងមិនអាចដឹងបានទេ ដោយសារយើងក៏មិនដឹងដែរថា វីរុសកូវីដ-១៩ នេះ មានអត្តចរិតបែបណា និងនៅកន្លែងណាដែរ ហើយក៏មិនអាចដឹងបានថា តើបុគ្គលនេះ គាត់បានប៉ះពាល់អ្វីខ្លះដែលមានវត្តមានវីរុសនេះដែរ? សូម្បីតែបុគ្គលផ្ទាល់ ក៏គាត់ប្រហែលជាមិនបានដឹងខ្លួនផង។ តែអ្វីដែលយើងដឹងនោះ គឺបណ្តាលមកពីកង្វះខាតក្នុងការអនុវត្តន៍វិធានការការពារខ្លួនបានត្រឹមត្រូវ ជាពិសេស ហានិភ័យខ្ពស់នៅពេលដែលបុគ្គលចល័ត ធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដោយភ្លេចអនុវត្តន៍វិធានការការពារខ្លួន។
លោកជំទាវ បានលើកឡើងទៀតថា ដូច្នេះហើយ បានជាខ្ញុំសូមធ្វើការអំពាវនាវហើយអំពាវនាវទៀត ដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ឲ្យចេះការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់របស់ខ្លួនឲ្យស្របតាម “ការរស់នៅធម្មតា តាមបែបគន្លងថ្មី” ។ ខ្ញុំធ្លាប់បានពន្យល់ហើយថា ការធ្វើតេស្តឃើញអវិជ្ជមាន មិនមែនមានន័យថាយើងអត់មានវីរុសនេះរហូតនោះទេ។ អវិជ្ជមានពេលម៉ោងដែលធ្វើតេស្ត តែចប់ពីពេលធ្វើតេស្តទៅ គឺអាចឆ្លងចូលខ្លួនបុគ្គល នៅគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ប្រសិនបើភ្លេចខ្លួន ឫមិនបានការពារខ្លួនទេនោះ។
ម្យ៉ាងទៀត ភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ នេះ គឺយើងមិនត្រូវមើលរំលងទេ ដោយវីរុសកូវីដ-១៩ នេះ វ៉ៃលុកផ្លូវដង្ហើមសាហាវណាស់ ធ្វើឲ្យមនុស្សពិបាកដកដង្ហើមណាស់ រហូតដល់ ត្រដរខ្យល់ដោយខ្វះអុកស៊ីហ្សែន ដែលក្រុមគ្រូពេទ្យក៏ពិបាកនឹងជួយសង្គ្រោះឲ្យផុតពីសេចក្តីស្លាប់។ ជ្រោះមរណៈដោយសារជំងឺកូវីដ-១៩ ស្ថិតនៅក្នុងស្ថានភាពគួរឲ្យមានការព្រួយបារម្ភណាស់នៅលើសាកលលោក នៅក្នុងតំបន់ នៅតាមបណ្តាប្រទេស នៅតាមសហគមន៍ និងសម្រាប់បុគ្គល។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋយើង ជាពិសេសបុគ្គលគ្រប់រូប ត្រូវតែខិតខំបន្តកិច្ចការពារខ្លួនពីការចម្លងវីរុសដ៏កាចសាហាវនេះ ដើម្បីសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារខ្លួន និងសហគមន៍របស់ខ្លួន គ្មានការចម្លងវីរុសកូវីដ-១៩ ។
សូមអនុវត្តន៍ការរស់នៅធម្មតា តាមបែបគន្លងថ្មី ជាមួយនឹងការអនុវត្តន៍កិច្ចការពារខ្លួនជាប់ជាប្រចាំ ដើម្បីចៀសផុតពីជ្រោះមរណៈ ដោយសារភាពធ្ងន់ធ្ងរនៃជំងឺដ៏កាចសាហាវនេះគ្រប់ៗគ្នា។ សូមអរគុណជាអនេកនូវរាល់ការចូលរួមទាំងអស់ ដើម្បីទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា៕
ដោយ៖កូឡាប