ចំនួនអ្នកស្លាប់ដោយសារ COVID-19 បានកើនដល់កន្លះលាននាក់ហើយ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ។ នេះបើតាមតួលេខរបស់សារព័ត៌មាន Reuters។
វីរុសនេះមានគ្រោះថ្នាក់ខ្លាំងចំពោះមនុស្សមានវ័យចំណាស់ ក៏ប៉ុន្តែក្នុងចំណោមអ្នកស្លាប់ទាំងនោះ ក៏មានកុមារ និងមនុស្សពេញវ័យច្រើនផងដែរ។
ចំណែកចំនួនករណីឆ្លងសរុបទូទាំងពិភពលោកកើនលើស ១០លាននាក់ ខណៈដែលអ្នកជាសះស្បើយមានជាងពាក់កណ្តាលនៃករណីឆ្លង។
មនុស្សច្រើនជាង ៤.៧០០នាក់ស្លាប់ដោយសារវីរុសកូរ៉ូណារៀងរាល់ ២៤ម៉ោង។ នេះបើតាមការគណនារបស់ Reuters ដោយផ្អែកតាមចំនួនអ្នកស្លាប់ជាមធ្យមពីថ្ងៃទី ១ ដល់ថ្ងៃទី ២៧ខែមិថុនា។
តួលេខនោះមានន័យថា ក្នុងរយៈពេលមួយម៉ោងមនុស្សប្រមាណ ១៩៦នាក់បានស្លាប់ ឬក៏ក្នុងរយៈពេល ១៨វិនាទីមានអ្នកស្លាប់ម្នាក់។
អាមេរិចជាប្រទេសរងការវាយប្រហារខ្លាំងជាងគេពីវីរុសមរណៈនេះ ដោយមានអ្នកស្លាប់សរុបជាង ១២៨.០០០សែននាក់ ឬស្មើជិត ១ ភាគ ៤នៃចំនួនអ្នកស្លាប់សរុបទូទាំងប្រទេស។ ចំណែកអ្នកឆ្លងមានជិត ៣លាននាក់។
សូមបញ្ជាក់ថា វីរុសកូរ៉ូណាបានផ្ទុះដំបូងចេញពីទីក្រុងវ៉ូហាន ប្រទេសចិន និងបានរាតត្បាតយ៉ាងលឿនទៅជុំវិញពិភពលោក៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters