ប្រទេសចិនបានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ១២នាក់បន្ថែមទៀតគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ដែលតួលេខឆ្លងថ្មីនេះមានការធ្លាក់ចុះ បើធៀបទៅនឹងថ្ងៃសៅរ៍មាន ១៧ករណី។
គណៈកម្មការសុខាភិបាលចិននិយាយ នៅថ្ងៃចន្ទនេះថា ក្នុងចំណោមអ្នកឆ្លងថ្មី មាន ៥ករណីជាករណីនាំចូលពាក់ព័ន្ធនឹងអ្នកដំណើរមកពីបរទេស។
ក្នុងចំណោម ១២ករណីថ្មីនោះដែរ មាន ៧ករណីកើតនៅក្នុងទីក្រុងប៉េកាំង កន្លែងដែលអាជ្ញាធរកំពុងចាត់វិធានការ ដើម្បីទប់ស្កាត់រលកនៃការឆ្លងថ្មី។
ប៉េកាំងធ្វើតេស្តប្រជាជនបាន ១ភាគ៣នៃចំនួនប្រជាជន ២០លាននាក់ក្នុងក្រុងនេះ គិតត្រឹមថ្ងៃអាទិត្យ ដែលវាគឺជាកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីធានាថា ការផ្ទុះវីរុសចេញពីផ្សារបោះដុំ Xinfadi អាចគ្រប់គ្រងបាន។
ក្រុងនេះ បានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាជាលើកដំបូងកាលពីថ្ងៃទី ១១ ខែមិថុនានេះ ហើយរហូតមកដល់ពេលនេះ មានអ្នកឆ្លងសរុបចំនួន ៣១១នាក់។
តំបន់នៅជុំវិញក្រុងប៉េកាំងកំពុងមានការប្រុងប្រយ័ត្នខ្ពស់។ អាជ្ញាធរមិនអនុញ្ញាតិឲ្យប្រជាជនក្នុងក្រុងចាកចេញឡើយ។
សូមបញ្ជាក់ថា វីរុសកូរ៉ូណាបានផ្ទុះដំបូងចេញពីទីក្រុងវ៉ូហាន ប្រទេសចិន និងបានរាតត្បាតយ៉ាងលឿនទៅជុំវិញពិភពលោក។ បើតាមតួលេខចុងក្រោយ វីរុសមរណៈនេះ បានឆក់យកជីវិតមនុស្សជាង ៥០០.០០០នាក់ទូទាំងពិភពលោក និងចម្លងទៅកាន់មនុស្សជាង ១០លាននាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters