អង្គការសុខភាពពិភពលោក (WHO) នឹងបញ្ជូនក្រុមអ្នកជំនាញទៅកាន់ប្រទេសចិន នៅសប្តាហ៍ក្រោយ ដើម្បីធ្វើការស៊ើបអង្កេតរកប្រភពវីរុសកូរ៉ូណា។ នេះបើតាមការបញ្ជាក់របស់លោក Tedros Adhanom Ghebreyesus អគ្គលេខធិការនៃអង្គការនេះកាលពីថ្ងៃចន្ទម្សិលមិញ។
លោកបាននិយាយថា “ពួកយើងអាចប្រយុទ្ធប្រឆាំងនឹងវីរុសបានកាន់តែល្អ នៅពេលពួកយើងដឹងគ្រប់យ៉ាងពីវីរុស ដូចជាតើវីរុសចាប់ផ្តើមដោយរបៀបណា។ ពួកយើងនឹងបញ្ជូនក្រុមរបស់យើងទៅកានប្រទេសចិនសប្តាហ៍ក្រោយ ដើម្បីត្រៀមខ្លួនធ្វើវា”។
ទាំងប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេស Mike Pompeo សុទ្ធតែបានលើកឡើងថា វីរុសនោះអាចចេញមកពីមន្ទីរពិសោន៍ក្រុងវូហាន ទោះបីពួកគេមិនបានបង្ហាញភស្តុតាងក្តី ប៉ុន្តែចិនបានធ្វើការបដិសេធការលើកឡើងនោះ។
ចំណែកអ្នកវិទ្យាសាស្ត្របាននិយាយថា វីរុសផ្ទុះចេញដោយធម្មជាតិ។
លោកដូណាល់ ត្រាំ បានប្រកាសពីគម្រោងដកអាមេរិច ចេញពីអង្គការសុខភាពពិភពលោក ដោយគាត់និយាយថា អង្គការនោះមានភាពជិតស្និទ្ធខ្លាំងជាមួយចិន។
សូមរំលឹកថា វីរុសកូរ៉ូណា ឬ COVID-19 បានផ្ទុះចេញដំបូងពីទីក្រុងវូហាន ប្រទេសចិនកាលពីចុងឆ្នាំ ២០១៩។ ក្នុងរយៈពេលជាងកន្លះឆ្នាំ វីរុសនេះបានរាតត្បាតយ៉ាងលឿនទៅកាន់ទូទាំងពិភពលោក ហើយរហូតមកដល់ពេលនេះ វីរុសមរណៈនេះបានឆក់យកជីវិតមនុស្សជាង ៥០០.០០០នាក់ និងឆ្លងទៅកាន់មនុស្សជាង ១០លាននាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters