បាត់ដំបង៖ ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ កោតសរសើរនិងកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អាជ្ញាធរពាក់ព័ន្ធគ្រប់ថ្នាក់ អង្គការដៃគូអភិវឌ្ឍន៍និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងប្រជាជនផ្ទាល់នៅក្នុងឃុំបាយដំរ៉ាំ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលបានប្រែក្លាយនិងបញ្ឈប់នូវការបន្ទោបង់ពាសវាលពាសកាលបានទាំងស្រុង។
ការលើកឡើងនេះ ក្នុងឱកាសដែលឯកឧត្តមទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតី នៅក្នុងពិធីប្រកាសទទួលស្គាល់ ឃុំបាយដំរ៉ាំ ជាឃុំបញ្ឈប់នូវការបន្ទោបង់ ពាសវាលពាសកាល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងបរិវេណ អនុវិទ្យាល័យបាយដំរ៉ាំ ក្នុងឃុំបាយដំរ៉ាំ ស្រុកបាណន់ ដែលមានការចូលរួម និងអមដំណើរព្រមទាំងប្រជាពលរដ្ឋជាច្រើនផងដែរ។
លោក វណ្ណ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា ពិធីប្រកាសទទួលស្គាល់ឃុំដែលបញ្ឈប់
បន្ទោបង់ពាសវាលពាសកាល(ODF) នៅថ្ងៃនេះ គឺឃុំបាយដំរ៉ាំ ស្រុកបាណន់ ខេត្តបាត់ដំបង មានភូមិចំនួន៨។ នៅទូទាំងខេត្តបាត់ដំបងឃុំដែលសម្រេចបានODF មានចំនួន៨ឃុំ និងមានភូមិចំនួន១៣៥ភូមិ។ អត្រាភាគរយនៅទូទាំងខេត្តបាត់ដំបង គឺទឹកស្អាតមាន៦៩% និងអនាម័យមាន៧៣%។
លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានមានប្រសាសន៍ថា វឌ្ឍនភាពពីការអនុវត្តគម្រោង នៃគម្រោងផ្គត់ផ្គង់ទឹកនិងអនាម័យជនបទទី២(ហិរញ្ញប្បទានបន្ថែម) គឺដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន ដែលរស់នៅតាមទីជនបទ ដែលស្ថិតក្នុងតំបន់គោលដៅ របស់គម្រោងតាមរយៈការពង្រីកសេវាកម្មទឹក និងអនាម័យឲ្យកាន់តែប្រសើរឡើង ដោយការកែប្រែការអនុវត្តទម្លាប់អនាម័យ និងការប្រើប្រាស់ទឹកស្អាត ដែលស្ថិតក្នុងខេត្តគោលដៅទាំង៦ ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ពោធិ៍សាត់ សៀមរាប និងខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ មានស្រុកចំនួន៦ ហើយ ដែលបានប្រកាសទទួលស្គាល់ ជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។ នេះជាសមិទ្ធផលដ៏ធំធេងមួយ នៅក្នុងឃុំបាយដំរ៉ាំ របស់ស្រុកបាណន់ ខេត្តបាត់ដំបង ហើយវាក៏ជាការខិតខំប្រឹងប្រែងរួមគ្នា ដែលមិនអាចកាត់ផ្តាច់បាន រវាងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋនិងដៃគូអភិវឌ្ឍន៍នានា ដូចជាធនាគារអភិវឌ្ឍន៍អាស៊ីADB ដែលបានគាំទ្រលើផ្នែកទឹកស្អាត និងអនាម័យជនបទ និងមានកិច្ចសហការដ៏ល្អ ដែលបានជួយជ្រោមជ្រែង រហូតធ្វើឲ្យលេចចេញជារូបរាងពិតប្រាកដ នូវសមិទ្ធផលដ៏សំខាន់នាពេលនេះ។
ឯកឧត្តម ទ្រី ម៉េង បានស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេសធនា
គារអភិវឌ្ឍន៍អាស៊ីADB បន្តជួយបន្ថែមទៀត ដល់ប្រជាជននៅឃុំ ដែលបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងអស់ ដើម្បីបន្តនូវនិរន្តរភាពអនាម័យ របស់ខ្លួនជារៀងរហូតបាន៕
ដោយ៖អ៊ុងសារុំ