ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមជួបជុំផឹកស៊ីមានគ្នាប្រហែលជា ៣០នាក់ ក្នុងស្ថានភាពស្រវឹងខ្លាំង ដែលកំពុងផឹកស៊ី ចាក់ធុងបាស់ ឡូឡា បង្កសំឡេងរំខានដល់អ្នកជិតខាងមិនអាចសម្រាកបាន មិនត្រឹមតែមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ថែមទាំងប្រើប្រាស់សម្តី និងកាយវិការមិនសមរម្យមកលើសមត្ថកិច្ច ហើយថែមទាំងចាប់ក្របួចកអាវរកវាយសមត្ថកិច្ចទៀតផង ហើយនៅព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២០ ក្រុមជួបជុំផឹកស៊ី បានចូលខ្លួនសុំទោសជាសាធារណៈ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ជូនសាធារណជន ឲ្យបានជ្រាបទាក់ទងទៅនឹងករណីសមត្ថកិច្ច ចុះណែនាំអប់រំ និងបញ្ឈប់សកម្មភាពផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសម្លេងរំខានដល់អ្នកជិតខាង។
ជាភារកិច្ចជាប្រចាំរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សដែលតាមដាន ឆ្លើយតប និងមានវិធានការណ៍ចុះដល់ទីកន្លែង ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភ្លាមៗ នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២៣និង១០នាទីយប់ បន្ទាប់ពីទទួលបានទូរស័ព្ទប្តឹងពីប្រជាពលរដ្ឋថាមានករណីជួបជុំ ផឹកស៊ី ចាក់ធុងបាស់ បង្កសំឡេងរំខាន នៅផ្លូវ៤៩០ កែងផ្លូវ១៣៥ ភូមិ០២ សង្កាត់ផ្សារដើមថ្កូវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវចំនួន២នាក់ បានចុះដល់ទីតាំងភ្លាមៗ ដើម្បីធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាពរំខាននេះ។
ប៉ុន្តែក្រុមជួបជុំផឹកស៊ីមានគ្នាប្រហែលជា ៣០នាក់ ក្នុងស្ថានភាពស្រវឹងខ្លាំង ដែលកំពុងផឹកស៊ី ចាក់ធុងបាស់ ឡូឡា បង្កសំឡេងរំខានដល់អ្នកជិតខាងមិនអាចសម្រាកបាន មិនត្រឹមតែមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ថែមទាំងប្រើប្រាស់សម្តី និងកាយវិការមិនសមរម្យមកលើសមត្ថកិច្ច ហើយថែមទាំងចាប់ក្របួចកអាវរកវាយសមត្ថកិច្ចទៀតផង៕
ដោយ៖បញ្ញាស័ក្តិ