តាកែវ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបាននគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយបក្ខពួកបានសារភាពដាក់ និងនាំទៅចាប់មុខសញ្ញាជាបន្តបន្ទាប់ ដោយក្នុងនោះប៉ូលិសបានឃាត់ខ្លួនព្រះសង្ឃ២អង្គផងដែរ គង់នៅវត្តអង្គរកា ក្នុងករណីចោរកម្មគាស់ដំបូលលួចកុំព្យូទ័រសាលារៀន កាលពីខែឧសភា ឆ្នាំ២០២០។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីដើមខែមិថុនា ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងធំខាងត្បូង បានទទួលពាក្យបណ្តឹង១ច្បាប់ ពីឈ្មោះ ខឿន សុទ្ធិកា ភេទប្រុស អាយុ ៣៨ ឆ្នាំនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ជានាយកសាលាមណ្ឌលសិក្សាប៊ុតប្រីដច៍ បានប្តឹងពីក្រុមចោរពុំស្គាល់អត្តសញ្ញាណ១ ក្រុម បានធ្វើសកម្មភាពបើកដំបូលក្បឿងនៅសាលារៀនបឋមសិក្សាអង្គរកា ចូលលួចយក កុំព្យូទ័រអស់ចំនួន ១៦ គ្រឿង ប្រដាប់បំពងសំឡេងចំនួន ២ គ្រឿង កាលពីថ្ងៃពុំចាំក្នុងអំឡុងខែឧសភា ឆ្នាំ២០២០ ។
ក្រោយពីទទួលបានបណ្តឹង នៅថ្ងៃទី២៨ ខែមិថុនា សមត្ថកិច្ចបានឃាត់ជនសង្ស័យ ១នាក់ ឈ្មោះ ហ៊ុន ធារ៉ា ភេទប្រុស អាយុ ២០ ឆ្នាំរស់នៅភូមិតាកឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាជនដៃដល់ធ្វើសកម្មភាពលួច ដោយដកហូតបានកុំព្យូទ័រចំនួន ២ គ្រឿង បន្ទាប់ពីបានសាកសួរយកចម្លើយ និងចម្លើយសារភាពឆ្លើយដាក់ទៅមុខសញ្ញាផ្សេងទៀត។
ហើយនៅថ្ងៃបន្ទាប់ សមត្ថកិច្ចក៏បន្តឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ទៀត ១-ឈ្មោះ លាវ រ៉ុង ភេទ ប្រុស អាយុ ២៥ ឆ្នាំរស់នៅភូមិ ព្រៃរំដួល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ, ២-ឈ្មោះ វន ផានិត ភេទប្រុស អាយុ ១៧ ឆ្នាំនៅភូមិតាតឹម ឃុំជាងទង ស្រុក ត្រាំកក់ ខេត្តតាកែវ ជាព្រះសង្ឃគង់នៅវត្តអង្គរកា និង ៣-ឈ្មោះ នេត សំណាង ហៅ ទូច ភេទប្រុស អាយុ ១៤ ឆ្នាំមានស្រុកកំណើតនៅឃុំ បន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាព្រះសង្ឃគង់នៅវត្តអង្គរកា និង បន្តដកហូតវត្ថុតាងបានកុំព្យូទ័រចំនួន ៥ គ្រឿងបន្ថែមទៀត សរុបកុំព្យូទ័រដែលយើងដកបានចំនួន គ្រឿង ។ ហើយនៅក្នុងថ្ងៃទី ៣០ ខែមិថុនា នេះដែរ សមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
ដោយ៖ តាកែវ