សមាជិកសភាពអាមេរិច កាលពីថ្ងៃពុធបានជំរុញឲ្យមានវិធានការបន្ថែមប្រឆាំងនឹងចិន ជុំវិញការដាក់ច្បាប់សន្តិសុខលើទីក្រុងហុងកុង។
ប្រធានសភាអាមេរិច អ្នកស្រី Nancy Pelsori បានជំរិញឲ្យប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំចាត់វិធានការច្រើនទៀត ក្រោមច្បាប់ ២០១៩ ដែលបានដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីចិន ដែលបំផ្លាញសេរីភាពរបស់ហុងកុង។
អ្នកស្រីថ្លែងនៅក្នុងសភាថា “ពួកយើងត្រូវពិចារណាគ្រប់មធ្យោបាយដែលមាន រួមមានការរឹតត្បិតទិដ្ឋការ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច”។ អ្នកស្រីគឺជាអ្នកតស៊ូវមតិដើម្បីសិទ្ធិមនុស្សនៅក្នុងប្រទេសចិនដ៏យូរយារមកហើយ។
អ្នកស្រីបន្ថែមថា “ប្រសិនជាពួកយើងមិននិយាយពីសិទ្ធិមនុស្សនៅក្នុងប្រទេសចិនដោយសារតែផលប្រយោជន៍ពាណិជ្ជកម្ម ពួកយើងបាត់បង់សិទ្ធិអំណាចទាំងអស់ក្នុងការនិយាយស្តីពីសិទ្ធិមនុស្សនៅគ្រប់កន្លែងក្នុងពិភពលោក”។
សូមបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ សភាចិនបានធ្វើការអនុម័យជាឯកច្ឆ័ននូវច្បាប់សន្តិសុខ ដែលអ្នកជំនាញមើលឃើញថា ច្បាប់នោះនឹងធ្វើឲ្យទីក្រុងហុងកុងបាត់បង់ស្វ័យភាពកម្រិតខ្ពស់។
កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រជាជនហុងកុងរាប់រយនាក់បានធ្វើការដើរក្បួនយ៉ាងស្ងៀមស្ងាត់តាមដងផ្លូវ ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងទៅច្បាប់សន្តិសុខ។
ការដើរក្បួនកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលប៉ូលីសហុងកុងមិនអនុញ្ញាតិឲ្យពួកគេធ្វើការហែរក្បួនប្រចាំឆ្នាំនៅថ្ងៃទី ១ ខែកក្កដា ដើម្បីប្រារពខួបនៃការប្រគល់ទីក្រុងហុងកុងមកអោយចិនកាលពីឆ្នាំ ១៩៩៧។
ប៉ូលីសបញ្ជាក់ថា ការដើរក្បួននឹងរំលោភដល់បំរាមរបស់ទីក្រុង ដែលមិនអនុញ្ញាតិឲ្យមានការប្រមូលផ្តុំមនុស្សចាប់ពី ៥០នាក់ឡើងទៅ ដើម្បីទប់ស្កាត់ការរាតត្បាតរបស់ COVID-19។
អង់គ្លេសបានប្រគល់ទីក្រុងហុងកុងទៅអោយចិនវិញ ក្រោមកិច្ចព្រមព្រៀង ដែលផ្តល់អោយហុងកុងមានប្រព័ន្ធដឹកនាំមួយសម្រាប់ខ្លួនឯង និងមានស្វ័យភាពកម្រិតខ្ពស់។
កាលពីពេលថ្មីៗកន្លងទៅនេះ អាមេរិចបានប្រកាសថា ទីក្រុងហុងកុងលែងមានស្វ័យភាពទៀតហើយ ក្រោយរដ្ឋាភិបាលចិនស្នើច្បាប់សន្តិសុខ ដែលអ្នកជំនាញមើលឃើញថា ច្បាប់នោះនឹងរឹតត្បិតដល់សេរីភាពប្រជាជនហុងកុង៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP