តាកែវ៖ អភិបាលខេត្តតាកែវ បានធ្វើការណែនាំទៅដល់ក្រុមកសិករ និងសហគមន៍ កសិកម្មគីរីឧត្តមតាអូរ ដែលកំពុងតែប្រកបរបរកសិកម្មដាំដំណាំរួមផ្សំ នៅក្បែរផ្ទះរបស់ខ្លួន ត្រូវបង្កើន ការដាំដំណាំបន្លែនេះ ឲ្យបានកាន់តែច្រើនឡើងថែមទៀត ដើម្បីយកមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈ ដែលវិស័យកសិកម្ម មិនទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដូចវិស័យផ្សេងៗនោះឡើយ ។
ថ្លែងនៅក្នុងឱកាសអញ្ជើញចុះជួបក្រុមកសិករ និងសហគមន៍ខាងលើ នៅក្នុងឃុំសោម និងឃុំតាអូរ ស្រុកគីរីវង់ កាលពី ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ស្របពេលដែលសេដ្ឋកិច្ចពិភពលោក ក៏ដូចជា វិស័យនានាដូចជាទេសចរណ៍ សំណង់ និងវាយណភ័ណ្ឌ រងផលប៉ះពាល់ដោយសារតែជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជារបស់យើង តែវិស័យកសិកម្មនៅតែដំណើរការជាធម្មតា មិនប៉ះពាល់អ្វីឡើយ ដូច្នោះសូមបងប្អូនប្រជាកសិករត្រូវខិតខំដាំដុះ និងបង្កើនផលដំណាំបន្លែនេះ ឲ្យបានកាន់តែច្រើន ព្រោះសម្រាប់ទីផ្សារនៃការលក់ចេញ មានច្រើនណាស់នៅក្នុងស្រុករបស់យើង ។
សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ នៅច្រកទ្វារអន្តរជាតិភ្នំឌិន មន្ត្រីជំនាញគយ និងរដ្ឋាករខេត្ត សហការជាមួយនឹងមន្ត្រីជំនាញ ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានធ្វើតេស្តរកឃើញបន្លែដែលនាំមកពីប្រទេសវៀតណាមចំនួន៤មុខ មានសំណាល់ថ្នាំកសិកម្មដែលវាជាបញ្ហានឹងមានគ្រោះថ្នាក់ ទៅដល់សុខភាពរបស់មនុស្សនៅពេលបរិភោគ ដូច្នោះសូមក្រុមកសិករ ក៏ដូចជាសហគមន៍កសិកម្ម ដែលនៅតាមបណ្តោយព្រំដែនជាមួយវៀតណាមក្នុង ស្រុកគីរីវង់ ត្រូវដាំដំណាំបន្លែនេះ ឲ្យបានច្រើនទ្វេរដង ពិសេសត្រូវធានាឲ្យបានថា ជាប្រភេទបន្លែដែលល្អ ស្រស់មិនប្រើសំណាល់ថ្នាំកសិកម្ម ដែលហាមឃាត់នោះទេ ពោលគឺប្រើជីធម្មជាតិឬជីសេរីរាង្គ ដើម្បីឲ្យ បន្លែរបស់យើងបរិភោគទៅ មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
បើតាមឯកឧត្តមអភិបាលខេត្តតាកែវ អ៊ូច ភា ក៏បានជំរុញបន្ថែមទៀតទៅដល់ក្រុមកសិករ ពិសេសទៅដល់សហគមន៍កសិកម្មគីរីឧត្តមតាអូរ ត្រូវដាំដំណាំបន្លែនេះ ឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស របស់មន្ទីរកសិកម្មខេត្ត ព្រោះដំណាំបន្លែរបស់កសិកររបស់យើងល្អ និងគ្មានសារធាតុគីមី បន្លែធម្មជាតិ បងប្អូននឹងមានទីផ្សារកាន់តែច្រើន ពិសេសអាចលក់នៅតាមផ្សារទំនើបនានា ក្នុងរាជធានីភ្នំពេញ ហើយចំណូលរបស់កសិករនឹងកើនឡើងផងដែរ ។
កសិករឈ្មោះ អ៉ឺន ឯម រស់នៅភូមិសោម ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ ដែលដាំត្រសក់នៅលើផ្ទៃដីចំនួន៣០អា តាំងពីឆ្នាំ២០១៧ បានប្រាប់ឲ្យដឹងថា ក្រោយពីពួកគាត់បានដាំដំណាំត្រសក់នេះ អស់រយៈពេលជាង៣ឆ្នាំ គឺកម្រិតជីវភាពរបស់គាត់ឃើញថា មានភាពធូរធាច្រើន មិនលំបាកដូចមុន ហើយសព្វថ្ងៃនេះ គាត់ប្រមូលផលពីដំណាំត្រសក់ពីបាន៨០ទៅ៩០គីឡូក្រាមក្នុងមួយថ្ងៃៗ ក្នុងនោះត្រសក់១គីឡូតម្លៃ១០០០រៀលឡើងទៅ ៕
ដោយ៖ តាកែវ