ប្រទេសវៀតណាម និងភីលីពីន កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការរិះគន់ទៅលើការធ្វើសមយុទ្ធយោធារបស់ចិន នៅក្នុងដែនទឹកមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង ដោយប្រទេសទាំងពីរនោះព្រមានថា វាអាចនឹងបង្កើតភាពតានតឹងនៅក្នុងតំបន់ និងប៉ះពាល់ទំនាក់ទំនងរបស់ក្រុងប៉េកាំងជាមួយនឹងប្រទេសជិតខាង។
រដ្ឋមន្ត្រីក្រសួងការពារជាតិភីលីពីន លោក Delfin Lorenzana បាននិយាយថា សមយុទ្ធរបស់ចិននៅក្នុងដែនទឹកក្បែរប្រជុំកោះ Paracel គឺជាការបង្កហេតុយ៉ាងខ្លាំង ខណៈដែលក្រសួងការបរទេសវៀតពាម ហៅសមយុទ្ធនោះថា ជាការរំលោភអធិបតេយ្យភាព ដែលអាចបង្កហន្តរាយដល់ទំនាក់ទំនង របស់ក្រុងប៉េកាំងជាមួយនឹងប្រទេសក្នុងតំបន់ ASEAN។
ចិនធ្វើសមយុទ្ធរយៈពេល ៥ថ្ងៃដោយចាប់ផ្តើមធ្វើសមយុទ្ធកាលពីថ្ងៃពុធនៅក្បែរប្រជុំកោះ Paracel។ នេះបើយោងតាមសេចក្តីប្រកាសថ្ងៃទី ២៧ខែមុថុនារបស់រដ្ឋបាលសុវត្ថិភាពដែនទឹក Hainan។ វៀតណាមមានតំបន់ត្រួតស៊ីគ្នាដែលទាមទារដោយចិននៅក្នុងប្រជុំកោះ Paracel។
វៀតណាម និងភីលីពីន ជាអ្នកប្រឆាំងចិនខ្លាំងក្នុងតំបន់ចំពោះអ្វីដែលពួកគេមើលឃើញ ខណៈដែលការរំលោភឈ្លានរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង និងការមិនគោរពព្រំដែនមានចែងក្នុងច្បាប់សមុទ្រអន្តរជាតិ។
ប្រទេសចិនទាមទារគ្រប់គ្រងដែនទឹកក្នុងប្រហែល ៨០ភាគរយនៅក្នុងសមុទ្រចិនខាងត្បូង។
ទីក្រុងហាណូយ និងម៉ានីល បានព្រមានពីការកើនឡើងនូវអសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃសុក្រមុន ចំពេលមានការព្រួយបារម្ភពីអាមេរិច ដែលចិនកំពុងប្រើប្រាស់ការរាតត្បាតវីរុសកូរ៉ូណាដើម្បីបង្កើនសកម្មភាពទ័ព និងជំរុញការទាមទារដែនទឹកយកធ្វើជារបស់ខ្លួន។
ទោះបីភីលីពីនមិនទាមទារយកប្រជុំកោះ Paracels ក៏ដោយ រដ្ឋមន្ត្រីក្រសួងការពារជាតិភីលីពីន លោក Delfin Lorenzana បាននិយាយថា ការធ្វើសមយុទ្ធរបស់ប្រទេសចិនហួសដែនទឹករបស់ខ្លួនគឺមិនអាចទទួលយកបាន។
លោកបានថ្លែងប្រាប់វេទិការសន្តិសុខថា “វាគឺជារឿងគួរឲ្យព្រួយបារម្ភជាខ្លាំង ពួកយើងមើលឃើញជារឿងគួរឲ្យបារម្មណ៍”។
ចំណែកវៀតណាមវិញ បានផ្ញើកំណត់តវ៉ាទូតទៅកាន់ប្រទេសចិន ដើម្បីធ្វើការប្រឆាំងចំពោះសមយុទ្ធចិន ដែលរំលោភធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាម។
វៀតណាមបញ្ជាក់ថា កាលពីខែមេសា ទូកនេសាទមួយរបស់ខ្លួន ត្រូវបានធ្វើឲ្យលិចដោយនាវាជើងទឹកចិន។ ចិនហៅការទាមទារគ្រប់គ្រងដែនទឹករបស់វៀតណាម ជារឿងខុសច្បាប់ និងត្រូវបរាជ័យ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia