ភ្នំពេញ៖ លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអនុញ្ញាត ដល់កាស៊ីណូមានលទ្ធភាព បើកប្រតិបត្តិការអាជីវកម្មសារជាថ្មីវិញ ក៏ប៉ុន្តែមានតែល្បែងភ្នាល់ និងស្លតម៉ាស៊ីនតែប៉ុណ្ណោះ។
សម្ដេច បានមានប្រសាសន៍ថា “កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាត ពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការ ការពារជាមួយជំងឺកូវីដ-១៩”។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បន្តពិភាក្សាលើ “សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង់ល្បែងពាណិជ្ជកម្ម” បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣ខែកក្កដា ឆ្នាំ២០២០ នៅវិមានសន្តិភាព៕
ដោយ៖កូឡាប