នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានធ្វើដំណើរតាមយន្តហោះ ទៅកាន់តំបន់ Ladakh នៃភ្នំហិម៉ាល័យនៅថ្ងៃសុក្រនេះ ក្រោយពេលមានការប៉ះទង្គិចគ្នារវាងទាហានឥណ្ឌា និងទាហានចិននៅតាមព្រំដែនមានជម្លោះ បណ្តាលឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងមហាអំណាចអាស៊ីទាំងពីរ។
លោក Modi បានជួបជាមួយនឹងកម្លាំងឥណ្ឌានៅតំបន់ Nimu នៃតំបន់ Ladakh។
ឥណ្ឌា និងចិនបានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមក ចំពោះការប៉ះទង្គិចគ្នាកាលពីថ្ងៃទី ១៥ ខែមិថុនា នៅជ្រលង Galwan ដែលការប៉ះទង្គិចនោះបណ្តាលឲ្យទាហានឥណ្ឌា ២០នាក់ស្លាប់ និងជាង ៧៦នាក់រងរបួស។
ចំណែកភាគីចិនវិញ មិនបានបញ្ជាក់ថា ទាហានខ្លួនប៉ុន្មានទេ ដែលរងគ្រោះក្នុងហេតុការណ៍នោះ។
ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរ បានធ្វើការប្រមូលផ្តុំទ័ពនៅតាមព្រំដែន ដែលតំបន់ភាគច្រើនកំពុងមានជម្លោះ ចំណែកការពិភាក្សាផ្នែកការទូត និងយោធាកំពុងតែបន្តធ្វើ ដើម្បីកាត់បន្ថការប្រឈមដាក់គ្នា៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters