កណ្ដាល ៖ នារីរងគ្រោះ និងជនសង្ស័យ បានស្គាល់គ្នាតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដោយជនសង្ស័យប្រើប្រាស់អាខោនហ្វេសបុកឈ្មោះ Punleu Meas រហូតមានទំនាក់ទំនងជាស្នេហានឹងគ្នា ហើយបានព្រមព្រៀងគ្នា ឡើងផ្ទះសំណាក់ម្តុំផ្សាដើមគរ និងបានដេកនៅជាមួយគ្នារហូតដល់ម៉ោង៥ ហើយជនសង្ស័យបានលួចថតសកម្មភាពខ្លួន និងនារីរងគ្រោះក្នុងសភាពអាក្រាតកាយរួមរក្សគ្នា ទុកក្នុងទូរស័ព្ទដៃរបស់ខ្លួន ប៉ុន្តែក្រោយមក ពួកគេក៏ឈ្លោះគ្នា ផ្តាច់ទំនាក់ទំនង។ ជនសង្ស័យខឹងនឹងស្រីស្នេហ៍ផ្ដាច់ទំនាក់ទំនងស្នេហាជាមួយខ្លួន ក៏យករូបថតអាក្រាតកាយរបស់ស្រីស្នេហ៍ ដែលបានឡើងឋានសួគ៌ជាមួយគ្នា នៅក្នុងផ្ទះសំណាក់នោះ ទៅចែកចាយបរិហាកេរ្ដិ៍ជាសាធារណៈ ធ្វើឲ្យស្រីស្នេហាទ្រាំលែងបាន និងមានការអាម៉ាសផង ក៏សម្រេចចិត្តប្តឹងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលធ្វើការចាប់ខ្លួន ។ ករណីនេះ ចែកចាយរូបថតអាក្រាតកាយរបស់ស្រីស្នេហ៍បានកើតឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ចំណុចភូមិពាមប្រជុំ សង្កាត់ព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល ។
មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង៉ែត សុផាត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតាញព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្ដកំពត មុខរបរ កម្មករសំណង់។ ចំណែកនារីរងគ្រោះមានអាយុ៣២ឆ្នាំ មានទីលំនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល ។ ចំណែកវត្ថុតាងដកហូតបានមាន ទូរស័ព្ទ១គ្រឿង ម៉ាកOPPO ពណ៌ខ្មៅ ។
ប្រភពដដែលបន្តថា កន្លងមក នារីរងគ្រោះ និងជន សង្ស័យ បានស្គាល់គ្នាតាមរយៈបណ្ដាញសង្គមហ្វេសបុក ដោយជនសង្ស័យប្រើប្រាស់អាខោនហ្វេសបុកឈ្មោះ Punleu Meas រហូតមានទំនាក់ទំនងជាស្នេហានឹងគ្នា រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០វេលាម៉ោង១០និង០០នាទី នារីរងគ្រោះបានណាត់ជាមួយជនសង្ស័យតាមហ្វេសប៊ុក ដើម្បីមកផ្ទះសំណាក់ម្តុំផ្សាដើមគរ(មិនចាំយីហោ) និងបានដេកនៅជាមួយគ្នារហូតដល់ម៉ោង៥ ហើយខណៈដែលដេកជាមួយគ្នានោះ ជនសង្ស័យបានលួចថតសកម្មភាពខ្លួន និងនារីរងគ្រោះក្នុងសភាពអាក្រាតកាយទុកក្នុងទូរស័ព្ទដៃរបស់ខ្លួន ។
រហូតមកដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ដោយសារតែជនសង្ស័យឈ្មោះ ពន្លឺ បានប្រើពាក្យសំដីមាក់ងាយដល់នារីរងគ្រោះ ទើបនារីរងគ្រោះព្យាយាមផ្តាច់ទំនាក់ទំនងស្នេហា និងបានប្លុកលេខទូរស័ព្ទ ព្រមទាំងអាខោនហ្វេសប៊ុកដែលធ្លាប់លេងជាមួយគ្នានោះក៏ប្លុកដែរ ។ ចាប់តាំងពីបែកបាក់ជាមួយស្រីស្នេហ៍រួចមក មកដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០.ជនសង្ស័យ បានឆាតរូបអាក្រាតការរបស់នារីរងគ្រោះនោះ ចូលក្នុងអាខោនហ្វេសបុករបស់ក្មួយប្រុសនារីរងគ្រោះ និងមិត្តភក្តិមួយចំនួនផ្សេងទៀត ដោយប្រើពាក្យប្រមាថ មើលងាយទៅលើនារីរងគ្រោះទៀតផង រហូតបែកធ្លាយដល់នារីរងគ្រោះដឹងថា ជនសង្ស័យចែកចាយរូបអាក្រាតកាយរបស់ខ្លួន ក៏ដាក់ពាក្យបណ្ដឹង ប្តឹងទៅនគរបាលជំនាញខេត្តកណ្ដាល បានចុះមកធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យបាន រួចយកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានលួចថតរូបអាសអាភាស ពេលដេកជាមួយជនរងគ្រោះ និងផ្ញើរូបភាព និងសារជាសំឡេងបរិហាកេរ្ដិ៍ ទៅឲ្យបងប្អូន មិត្ដភក្ដិជនរងគ្រោះ បានឃើញប្រាកដមែន មូលហេតុដោយសារជនរងគ្រោះ បានផ្ដាច់ទំនាក់ទំនងស្នេហាជាមួយខ្លួន ៕
ដោយ៖បញ្ញាស័ក្តិ