Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហុងកុង​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង ក្រោយពេល​កាណាដា សម្រេច​ផ្អាក​កិច្ចព្រមព្រៀង ធ្វើ​បត្យាប័ន​ជាមួយគ្នា​

​មន្ត្រីជាន់ខ្ពស់​ក្នុង​ទីក្រុង​ហុងកុង បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ពួកគេ​មានការ “​ខកចិត្ត​ខ្លួន​យ៉ាងខ្លាំង​” ចំពោះ​ការសម្រេចចិត្ត​របស់​ប្រទេស​កាណាដា ក្នុង​ការផ្អាក​កិច្ចព្រមព្រៀង ធ្វើ​បត្យាប័ន​ជាមួយនឹង​ហុងកុង ហើយ​ហុងកុង បានធ្វើ​ការបន្ទោស​ទីក្រុង​វ៉ាស៊ីនតោន​ថា បាន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​។​

​ក្រុង​ប៉េកាំង​បានធ្វើ​ការអនុម័ត​ច្បាប់​សន្តិសុខ​ថ្មី​មួយ នៅ​សប្តាហ៍​នេះ​លើ​ទីក្រុង​ហុងកុង បើទោះបី​ជាមាន​ការតវ៉ា​ពី​ប្រជាជន​ហុងកុង និង​ប្រទេស​លោកខាងលិច​ដែល​បាន​កំណត់ថា ទីក្រុង​ហុងកុង​កំពុងតែ​នៅលើ​ផ្លូវ​នៃ​របប​ផ្តាច់ការ​។

​ប្រធាន​ផ្នែក​សន្តិសុខ​ហុងកុង John Lee បាន​ថ្លែង​នៅ​ថ្ងៃ​សោ​រ៍​នេះ​ថា “​រដ្ឋាភិបាល​កាណាដា​ត្រូវតែ​ធ្វើការ​ពន្យល់​អំពី​នីតិរដ្ឋ និង​ពន្យល់​ទៅកាន់​ពិភពលោក ថា​ហេតុអ្វី​កាណាដា​អនុញ្ញាត​ឲ្យ​ជន​រត់​គេ​ខ្លួន​មិន​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​ពួកគេ​”​។​

​លោក John Lee មានការ​ខកចិត្ត​យ៉ាងខ្លាំង និង​ប្រឆាំង​ចំពោះ​វិធានការ​របស់​កាណាដា ខណៈដែល​កាណាដា​អនុញ្ញាត​ឲ្យ​បញ្ហានយោបាយ​លុប​លើ​នីតិរដ្ឋ​។​

​ការប្រកាស​របស់​ហុងកុង កើតឡើង​ក្រោយពេល​កាណាដា ចេញ​សេចក្តីប្រកាស​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ដោយ​បញ្ជាក់​ពី​ការផ្អាក​កិច្ចព្រមព្រៀង ធ្វើ​បត្យាប័ន​ជាមួយនឹង​ហុងកុង បន្ទាប់ពី​មានច្បាប់​សន្តិសុខ​ថ្មី ដែល​អាច​ជំរុញ​ឲ្យ​មាន​ការធ្វើ​អន្តោប្រវេសន៍ យ៉ាងច្រើន​ចេញពី​ហុងកុង​។​

​នាយករដ្ឋមន្ត្រី​កាណាដា Justin Trudeau បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា កាណាដា​ក៏​នឹងធ្វើ​ការហាម​ការនាំចេញ​សម្ភារ​យោធា​ទៅកាន់​ហុងកុង​ផងដែរ​។​

​នៅ​ថ្ងៃ​សោ​រ៍​នេះដែរ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ហុងកុង អ្នកស្រី Teresa Cheng បាន​និយាយថា គាត់​មានការ​ខកចិត្ត​យ៉ាងខ្លាំង និង​សម្តែង​ការសោកស្តាយ​ចំពោះ​វិធានការ​របស់​កាណាដា​។ អ្នកស្រី​គិតថា ការសម្រេចចិត្ត​នោះ​ប្រហែល​រំលោភច្បាប់​អន្តរជាតិ​។​

​កាលពី​ថ្ងៃ​សុក្រ អ្នកនាំពាក្យ​រដ្ឋាភិបាល​ហុងកុង បានចាត់ទុក​ច្បាប់​ដែល​អនុម័ត​ដោយ​ព្រឹទ្ធសភា​អា​មេ​រិច​ថា ជាការ​មិនអាច​ទទួល​យកបាន​ទាំងស្រុង​។ អា​មេ​រិច​បានអនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម លើ​ធនា​ការ​ទាំងឡាយណា​ដែល​ធ្វើ​ជំនួយ​ជាមួយនឹង​មន្ត្រី​ចិន ដែល​បាន​អនុវត្ត​ច្បាប់​សន្តិសុខ​ថ្មី​។​

​សូមបញ្ជាក់ថា ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិន​វិញ​កាលពី​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង​អង់គ្លេស​ចិន ដោយ​ក្នុង​កិច្ចព្រមព្រៀង​នោះ ចិន​ត្រូវ​ផ្តល់​សិទ្ធិសេរីភាព និង​ស្វ័យភាព​កម្រិត​ខ្ពស់​ដល់​ហុងកុង​សម្រាប់​រយៈពេល ៥០​ឆ្នាំ​ទៅមុខ​។ ហុងកុង​ជា​ភ្នែក​មួយ​របស់​ចិន ប៉ុន្តែ​ហុងកុង​មាន​ប្រព័ន្ធ​ដឹកនាំ​ផ្សេង​ពី​ចិន​។ ប៉ុន្តែ​ការធ្វើ​ច្បាប់​សន្តិសុខ​របស់​ចិន​លើ​ហុងកុង ត្រូវបាន​អ្នកជំនាញ​លើកឡើងថា វា​នឹង​បំផ្លាញ​ដល់​សិទ្ធិសេរីភាព និង​ស្វ័យភាព​របស់​ហុងកុង​។​

​អា​មេ​រិច​បានប្រកាសថា ហុងកុង​លែងមាន​ស្វ័យភាព​កម្រិត​ខ្ពស់​ពី​ចិន​ទៀតហើយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


×