បាត់ដំបង៖ ស្នងការដ្ឋាននគរបាលបានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែ កក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ២២និង១០នាទី នៅក្រុមទី ០៥ ភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីហិង្សាមួយកើតឡើងដែលករណីនេះ បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណប្រើប្រាស់អាវុធបាញ់មកលើជនរងគ្រោះ ឈ្មោះ សៀន វុទ្ធី ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបងបណ្តាលឱ្យរងរបួសចំក្បាលបែកឈាម។
ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹង ចូលមកអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីស្រាវជ្រាវនិងមានវិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិដោយ ក្នុងបណ្តឹងជនរងគ្រោះមានការសង្ស័យទៅលើអ្នករស់នៅជិតខាងម្នាក់ដែលធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមកថាអាចជាអ្នកប្រព្រឹត្តិ។
ពេលទទួលបានព័ត៌មាននេះ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់ណែនាំរបស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំមន្ត្រីជំនាញធ្វើការស្រាវជ្រាវករណីនេះហូតដល់ថ្ងៃទី៤ ខែ កក្កដា ឆ្នាំ២០២០ នគរបាលសម្រេចឃាត់ខ្លួនឈ្មោះ មឿត សាមឿន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរស្រាវជ្រាវលើបញ្ហានេះ ក្រោយពេលសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកកាំភ្លើងខ្យល់បាញ់ទៅលើជនរងគ្រោះខាងលើ កាលពីរាត្រីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២០ ពិតប្រាកដមែន។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានបញ្ជាក់ថា មូលហេតុដែលជនស័ង្សយប្រើប្រាស់អាវុធខ្យល់បាញ់ទៅលើជនរងគ្រោះខាងលើ ដោយសារតែខ្លួនចង់ដោះស្រាយគំនុំចាស់ ជាមួយតែប៉ុណ្ណោះ ។ លោកអធិការបន្តថា ក្នុងពេលនេះ សមត្ថកិច្ចនគរបាលធ្វើការដកហូតអាវុធខ្យល់ ដែលជាមធ្យោបាយបង្កនោះហើយ និងបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖កូឡាប