សៀមរាប៖ នៅលើខ្នងភ្នំគូលែន ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រង់ចំណុចស្ទឹងលិង្គ១០០០ ដែលជាកន្លែងដ៏ស័ក្កសិទ្ធ ហើយក៏កន្លែងតំបន់រម្មណីយដ្ឋានទេសចររណ៏ទឹកធ្លាក់ដ៏ស្រស់ស្អាតនៅទីនោះផងដែរ លោកជំទាវ និងមន្ដ្រី អាជ្ញាធរខេត្ដសៀមរាប បានរៀបចំពិធីបួងសួង ដើម្បីសុំសេចក្តីសុខ សេចក្តី ចម្រើនជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា និង ដើម្បីបញ្ជៀសនូវគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ជាពិសេស គឺជៀសផុតពីជំងឺកូវីដ១៩ ។
ពិធីបួងសួងនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់បានអញ្ជើញចូលរួមជាច្រើននាក់ កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០នេះ ។
លោកជំទាវ ក៏បានបួងសួងឲ្យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូម សុខភាពល្អ ដើម្បីបន្តការដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍បន្ថែមទៀត និងជូនពរ ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា និងរដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀង រហូត។
លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានមានប្រសាសន៍លើកឡើងថា ការប្រារព្ធធ្វើពិធីនេះឡើងបានដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេស បង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គោរពស្រឡាញ់ប្រណិប័តន៍ ព្រះពុទ្ធសាសនា ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែមានភាពរុងរឿងនិងរីកចម្រើន។
លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈម មុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺមួយនេះ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអាជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ៕ ដោយ៖បញ្ញាស័ក្តិ