Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០២០​នេះ ជា​ឆ្នាំ​ចុងក្រោយ នៃ​ការអនុវត្ត​កម្មវិធី​ជាតិ​រយៈពេល​១០​ឆ្នាំ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ

​ភ្នំពេញ​៖ ឯកឧត្តម សក់ សេដ្ឋា បាន​ថ្លែងថា ការរៀបចំ​វគ្គ​ភាពជា​អ្នកដឹកនាំ សម្រាប់​ថ្នាក់ដឹកនាំ​នៅ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ នេះ​គឺធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​សមត្ថភាព​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ក្នុងការ​បំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ខណៈដែល​ឆ្នាំ​២០២០​នេះ ជា​ឆ្នាំ​ចុងក្រោយ នៃ​ការអនុវត្ត​កម្មវិធី​ជាតិ​រយៈពេល​១០​ឆ្នាំ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ។

​ក្រសួងមហាផ្ទៃ បើក​វគ្គ​បណ្ដុះបណ្ដាល វគ្គ​ភាពជា​អ្នកដឹកនាំ សម្រាប់​ថ្នាក់ដឹកនាំ​នៅ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​
​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៦ ខែកក្កដា ឆ្នាំ​២០២០​នេះ សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំ​ពិធី​បើក​វគ្គ​ភាពជា​អ្នកដឹកនាំ​សម្រាប់​ថ្នាក់ដឹកនាំ​នៅ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដោយមាន​ការគាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គជ​អប​) ក្រោម​អធិបតី​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក សិក្ខាកាម ព្រមទាំង​អគ្គនាយដ្ឋាន​ពាក់ព័ន្ធ និង​អង្គភាព​នានា​ជាច្រើន​ផងដែរ​។​

​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ បាន​លើកឡើងថា “​ឆ្នាំ​២០២០​នេះ ជា​ឆ្នាំ​ចុងក្រោយ​នៃ​ការអនុវត្ត​កម្មវិធី​ជាតិ​រយៈពេល​១០​ឆ្នាំ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ដោយ​ក្នុង​រយៈពេល​នេះ រដ្ឋាភិបាល​បាន​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក​ខណ្ឌ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពរលូន សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​”​។
​ឯកឧត្តម បាន​បន្ថែមថា ទោះបីជា​ការរៀបចំ​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ការផ្ទេរ​សិទ្ធិអំណាច មុខងារ និង​ធនធាន​ឲ្យ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​មាន​បញ្ហា​មួយចំនួន ប៉ុន្តែ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​បាន​ខិតខំ​សហការគ្នា និង​ពុះពារ​គ្រប់​ឧបសគ្គ ដើម្បី​ជម្រុញ​ឲ្យ​កិច្ចដំណើរការ​នៃ​កំណែទម្រង់​ដ៏​មាន​សារសំខាន់​នេះ សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។

ឯកឧត្តម សក់ សេដ្ឋា បាន​លើកឡើងថា ការអនុវត្ត​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល មកដល់​បច្ចុប្បន្ននេះ ទទួលបាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់ នៅ​គ្រប់​កម្រិត​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ហើយ​សិក្ខាកាម​ដែលជា​ថ្នាក់ដឹកនាំ ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​ក្លាយជា​អ្នកទទួលខុសត្រូវ​ដោយផ្ទាល់​ក្នុងការ​អនុវត្ត​កំណែទម្រង់​នេះ នៅ​មូលដ្ឋាន​ក្រុង ស្រុក ខណ្ឌ​របស់ខ្លួន​។

ឯកឧត្តម បាន​បញ្ជាក់ថា ការរៀបចំ​វគ្គ​ភាពជា​អ្នកដឹកនាំ សម្រាប់​ថ្នាក់ដឹកនាំ​នៅ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ នេះ​គឺធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​សមត្ថភាព​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ក្នុងការ​បំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ។ សូមបញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​រយៈពេល​ចំនួន​១០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៦ ខែ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×