ភ្នំពេញ៖ ផ្អែកលើលទ្ធផល នៃវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល លើកទី៣ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ កន្លងមក តំណាង អង្គការសង្គមស៊ីវិលប្រមាណ៥០០ បានស្នើសុំឲ្យរាជរដ្ឋាភិបាល ធ្វើការពិនិត្យ និងពិចារណាលើសំណើសុំធ្វើវិសោធនកម្មច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ក្រសួងមហាផ្ទៃ និងអង្គការសង្គមស៊ីវិល ចេញសេចក្ដីប្រកាសរួមស្ដីពី លទ្ធផលនៃកិច្ច ប្រជុំពិភាក្សា ពិគ្រោះយោបល់លើ សំណើសុំ ធ្វើវិសោធន កម្មច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រោយបញ្ចប់កិច្ចប្រជុំនាទីស្តីការ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ។
ផ្អែកលើមូលដ្ឋាននេះ ក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្រប សម្រួល ដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល បានរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ ជាមួយតំណាង អង្គការសង្គមស៊ីវិល ដើម្បីស្វែងយល់ពីគោលបំណង និងហេតុផលក្នុងការលើកសំណើរធ្វើវិសោធនកម្មច្បាប់នេះ ដោយបានចាប់ផ្ដើមក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ដែលជាកិច្ចប្រជុំលើកទី៦ និងជា លើក ចុងក្រោយផងដែរ។ ជាលទ្ធផលនៃកិច្ចប្រជុំកន្លងមក ក៏ដូចជានាថ្ងៃនេះ ក្រុមការងារបានពិភាក្សា និងពិគ្រោះយោបល់លើ មាត្រាចំនួន១៧ រូមមាន៖ មាត្រា១ ,មាត្រា៣ ,មាត្រា៤ ,មាត្រា៧ ,មាត្រា៨, មាត្រា៩ ,មាត្រា១០ ,មាត្រា១១ ,មាត្រា២០ ,មាត្រា២៤ ,មាត្រា២៥ ,មាត្រា២៦ ,មាត្រា២៧ ,មាត្រា៣០ ,មាត្រា៣១ ,មាត្រា៣២ និងមាត្រា៣៥។
ក្រុមការងាររបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃ ក៏បានប្ដេជ្ញាថា នឹងរៀបចំនូវកិច្ចប្រជុំពិគ្រោះ យោបល់បន្ដទៀត ជាមួយតំណាង អង្គការសង្គមស៊ីវិល ក្នុងគោលបំណងពង្រឹងភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីពង្រឹងពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សូមបញ្ជាក់ថា នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃច័ន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបន្តកិច្ចប្រជុំលើកទី៦ ដើម្បីពិភាក្សា និងពិគ្រោះយោបល់លើសំណើ និងអនុសាសន៍របស់អង្គការសង្គមស៊ីវិលពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល ដោយមានការចូលរួមពីសមាជិក ក្រុមការងាររបស់រាជរដ្ឋាភិបាល ព្រមទាំងអង្គការសង្គមស៊ីវិល និងអង្គភាពស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ។
ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា «ថ្ងៃនេះជាកិច្ចប្រជុំលើកទី៦ ហើយយើងបានជួបពិភាក្សាគ្នា ពិគ្រោះយោបល់លើសំណើធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ដោយសារបញ្ហាជំងឺកូវីដ-១៩ ត្រូវខកខានមិនបានជួបពិភាក្សាគ្នា អស់រយៈពេល៣ខែ គឺយើងបានជួបគ្នាជាចុងក្រោយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០»។
ឯកឧត្តមសង្ឃឹមថា កិច្ចប្រជុំនាពេលព្រឹកនេះនឹងចប់រួចរាល់ចំពោះមាត្រាដែលនៅសល់ ដែលក្នុងកិច្ចកន្លងមកយើងបានពិភាក្សា និងពិគ្រោះយោបល់ជាមួយគ្នាបានចំនួន១៣មាត្រា ក្នុងចំណោម១៧មាត្រា ដូច្នេះក្នុងកិច្ចប្រជុំព្រឹកនេះនៅសល់តែ៤មាត្រាទៀតតែប៉ុណ្ណោះ។ ឯកឧត្តមបន្ដថា ការជួបប្រជុំពិគ្រោះយោបល់រវាងក្រុមការងាររាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលធ្វើឡើងក្នុងគោលដៅស្វែងយល់អំពី សំណើរបស់អង្គការសង្គមស៊ីវិល ដែលបានស្នើសុំធ្វើវិសោធនកម្មច្បាប់នេះមានចំនួន១៧មាត្រា។
ឯកឧត្តមពន្យល់ថា ក្រុមការងាររបស់រាជរដ្ឋាភិបាល មិនមែនជាអ្នកសម្រេច ហើយក៏មិនមែនជាអ្នកបដិសេធលើមាត្រាទាំងអស់នេះទេ ហើយក៏មិនអាចធ្វើវិសោធនកម្មច្បាប់ទាំងស្រុងតាមការលើកឡើងបានឡើយ ប៉ុន្ដែអ្វីដែលក្រុមការងាររាជរដ្ឋាភិបាលបានជួបពិគ្រោះយោបល់នាពេលនេះគឺស្វែងយល់គ្នាឲ្យបានច្បាស់លាស់ និងបញ្ជាក់ជូនអង្គការសង្គមស៊ីវិលអំពីខ្លឹមសាច្បាប់នេះ ហើយស្វែងយល់អំពីគោលបំណងរបស់អង្គការសង្គមស៊ីវិលក្នុងការស្នើសុំធ្វើវិសោធនកម្មច្បាប់នេះ ដែលនឹងមានមូលដ្ឋានជាក់លាក់ដើម្បីរៀបចំរបាយការណ៍ជូនរាជរដ្ឋាភិបាល។
សូមជម្រាបថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មាន៩ជំពូក និង៣៩មាត្រា ហើយច្បាប់នេះគោលបំណងធានាការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ។ ជាងនេះទៅទៀត ច្បាប់នេះមានគោលដៅកំណត់បែបបទទទួលស្គាល់តាមផ្លូវច្បាប់ដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលព្រមទាំងកំណត់ទំនាក់ទំនងរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ ដើម្បីអភិវឌ្ឍសង្គមកម្ពុជា។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែមានបទប្បញ្ញត្តិច្បាប់ដោយឡែកដែលចែងផ្សេងពីនេះ៕
ដោយ៖កូឡាប