តាកែវ៖ ដោយមើលឃើញពីភាពលំបាក របស់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ និងចាស់ជរា កំពុងមានជីវភាពខ្វះខាត ចំនួន២គ្រួសារ នៅស្រុកទ្រាំង និងក្រុងដូនកែវ នៅរសៀលថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២០ នេះ ក្រុមការងារចលនាយុវជន ១៥៧ សាខាខេត្តតាកែវ ដែលដឹកនាំដោយលោក អេង ប៉ជាក អនុប្រធាន តំណាងឲ្យលោក កែវ វ៉ាន្នី ដែលជាប្រធានចលនាយុវជន ១៥៧ សាខាខេត្តតាកែវ រួមជាមួយក្រុមការងារបានចុះធ្វើសកម្មភាពមនុស្សធម៌ ដោយនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចុះចែកអំណោយដល់ពួកគាត់នៅតាមខ្នងផ្ទះ ដើម្បីជួយដោះស្រាយនៅទុកលំបាករបស់ពួកគាត់អោយបានមួយគ្រា ។
លោក អេង ប៉ជាក បានប្រាប់ឲ្យអ្នកសារព័ត៌មានដឹងថា ក្រុមការងារចលនាយុវជន ១៥៧ខេត្តតាកែវ បានធ្វើសកម្មភាពមនុស្សធម៌ជាច្រើន លើសកម្មភាពមនុស្សធម៌នេះ ដែលដឹកនាំដោយលោក កែវ វ៉ាន្នី ជាប្រធានលោកតែងតែជំរុញឲ្យក្រុមការងារធ្វើការសហការ ជាមួយនឹងអាជ្ញាធរមូលដ្ឋានចុះស្វែងរក ចំពោះពលរដ្ឋក្រីក្រពិត ចាស់ជរា និងជនពិការភាព ដែលមិនមានលទ្ធភាពផ្គត់ផ្គង់លើជីវភាពរស់នៅរបស់ខ្លួន ហើយក្រុមការងារនឹងចុះយកអំណោយសប្បុរសធម៌ទាំងនោះ ទៅចែកជូនដល់ពួកគាត់នៅតាមខ្នងផ្ទះតែម្តង ។
លោក អេង ប៉ជាក បន្តថា សកម្មភាពមនុស្សធម៌នេះ គឺធ្វើឡើងដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល លើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដើម្បីសម្រួលដល់ការលំបាករបស់ពួកគាត់ ដែលកំពុងជួបប្រទះនៅជីវភាពខ្វះខាត នៅក្នុងអំឡុងពេលដែលផ្ទុះនៅជំងឺកូវីដនេះនៅទូទាំងពិភពលោក ៕
ដោយ: តាកែវ