Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជបណ្ឌិត្យសភាកម្ពុជា ៖ ព្រឹត្តិការណ៍​ថ្ងៃទី​៥-៦ កក្កដា ១៩៩៧ កាលពី​២៣​ឆ្នាំមុន

​ភ្នំពេញ​៖ រាជបណ្ឌិត្យសភាកម្ពុជា កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២០ បានចេញ​ផ្សាយ​ពី ព្រឹត្តិការណ៍​ថ្ងៃទី​៥-៦ កក្កដា ១៩៩៧ កាលពី​២៣​ឆ្នាំមុន​។ តាម​ប្រសាសន៍​របស់​ឯកឧត្ដម​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដែល​បានបង្ហាញ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា​នេះ ក្រុមការងារ​យើង​សូម​លើក​យកមកចែក​ផ្សាយ​ជូន​ទាំងស្រុង ដូចខាងក្រោម​ថា​៖

«​ព្រឹត្តិការណ៍​ថ្ងៃនេះ កាលពី​២៣​ឆ្នាំមុន ស្ថិតនៅក្នុង​ការចងចាំ​របស់ខ្ញុំ​នៅឡើយ​។ នៅ​ព្រឹក​ថ្ងៃទី​៥ កក្កដា ១៩៩៧ ខ្ញុំ​បានធ្វើ​ដំណើរ​ពី​ផ្សារ​មាន់​អាំង​ឆ្ពោះទៅកាន់​ម្តុំ​សំណង់​១២ ខ្ញុំ​មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង​ចំពោះ​វត្តមាន​កងទ័ព​ដ៏​ច្រើនសន្ធឹក​សន្ធាប់​រាយ​បណ្តាក់​គ្នា​តាម​ដងផ្លូវ ដែលមាន​លក្ខណៈ​ប្រុង​ជើងការ​ត្រៀមប្រយុទ្ធ​ជានិច្ច​។ ថ្ងៃនេះ ខ្ញុំ​សូម​ចែករំលែក​អត្ថបទ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ខាងលើ ដើម្បី​ទុកជា​ការចងចាំ​។​

​សភាពការណ៍​ដ៏​គួរឱ្យ​ភ័យខ្លាច​នៅ​ទីក្រុង​ភ្នំពេញ បាន​ឈានទៅដល់​ភាព​តានតឹង​បំផុត​នៅក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​១៩៩៧​។ ដោយឡែក ភូមិសាស្ត្រ​មួយចំនួន​នៅក្នុង​ខណ្ឌដង្កោ ដែល​ស្ថិតនៅក្នុង​បន្ទាយ​សុវត្ថិភាព​តាំង​កសាង​នៃ​កងរក្សាព្រះអង្គ ប្រជាជន​នៅ​ទីនោះ​មានការ​ភ័យ​រអា ព្រោះ​ស្ទើរតែ​រៀងរាល់ថ្ងៃ កងវរសេនាតូច​ជាច្រើន​ក្រុម​របស់​បន្ទាយ​តាំង​កសាងបាន​ប្រកាសអាសន្ន ចេញ​ល្បាត​ក្នុង​លក្ខណៈ​ត្រៀម​ជាប់​ជានិច្ច ក្នុង​រង្វង់​ចម្ងាយ​ពី​១​គីឡូម៉ែត្រ​ទៅ​២​គីឡូម៉ែត្រ​។ ព្រឹត្តិការណ៍​នេះ បានចាប់ផ្តើម​បង្ខំ​ឱ្យ​គណៈកម្មការ​ចម្រុះ​ដោះស្រាយ​បាតុភាព​មិន​ប្រក្រតី​រប​ស់រាជ​រដ្ឋាភិបាល ចាត់វិធានការ​ចុះ​ត្រួតពិនិត្យ​។​

​គ្មាន​នរណា​អាច​ស្មាន​ដល់​ថា មានការ​ផ្ទុះអាវុធ​ដ៏​ធំ​នៅ​ក្រុងភ្នំពេញ​ដូច្នេះ​ទេ​។ បន្ទាប់ពី​កម្លាំង​ដែលមាន​ភក្តីភាព​នឹង គណបក្ស​ប្រជាជន​កម្ពុជា ដោះស្រាយ​កម្លាំង​អណាធិបតេយ្យ​នៅ​ព្រែកតាទែន​ក្នុងស្រុក​ពញាឮ​តាម បណ្តោយ​ផ្លូវជាតិ​លេខ​៥ និង​ដោះស្រាយ​កម្លាំង​អណាធិបតេយ្យ​នៅក្បែរ​វត្ត​ភ្នៀ​ត ស្រុក​អង្គស្នួល​មក សម្តេច ហ៊ុន សែន បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​១៩៩៧ ដោយបាន​បញ្ជាក់​ពី​សកម្មភាព​កងកម្លាំង​ប្រដាប់អាវុធ​របស់​រា​ជ​រដ្ឋាភិបាល​នៅពេលនោះ គឺ​រៀបចំឡើង​ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាជន និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ជា​ធរមាន​ទាំងឡាយ​របស់​រដ្ឋ ពីព្រោះ​កន្លងមក មាន​កើតឡើង​នូវ​អំពើ​ល្មើសច្បាប់​មួយចំនួន​ដែល​នាំឱ្យមាន​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ និង​ប្រជាជន​ទាំងមូល​។​

​ដោយ​អនុវត្តតាម​ស្មារតី​នៃ​បទបញ្ជា​របស់​សហ​អគ្គបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​កម្ពុជា ចុះ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​១៩៩៧ និង​សេចក្តីប្រកាស​របស់​គណៈ​កម្ម​ការ​ចម្រុះ​នៃ​រាជរដ្ឋាភិបាល​ដោះស្រាយ​បាតុភាព​មិន​ប្រក្រតី​ចុះ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​១៩៩៧ ព្រមទាំង​សេចក្តីថ្លែងការណ៍​របស់​សម្តេច ហ៊ុន សែន កងកម្លាំងប្រដាប់អាវុធ​របស់​រាជរដ្ឋាភិបាល​កម្ពុជ បាន​ចុះបង្ក្រាប​កម្លាំង​ដែលមាន​ភក្តីភាព​ចំពោះ​ហ្វ៊ុនស៊ិនប៉ិច​នៅ​ចំណុច​មួយចំនួន ដែល​ស្ថិតនៅ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ ជាពិសេស ម្តុំ​ផ្ទះ​លោក ចៅ សម្បត្តិ អូរ​បែកក្អម និង​ផ្ទះ​លោក ញឹក ប៊ុនឆៃ ម្តុំ​សំណង់​១២ ដែល​ស្ថិតនៅ​ខាងត្បូង​អតីត​មន្ទីរពេទ្យ​លោកសង្ឃ​។​

​តាម​របាយការណ៍​រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ ប្រទេស ដែល​ទទួលភារៈ​ដឹកនាំ​កម្លាំង​មួយផ្នែក ដើម្បី​បង្ក្រាប​កម្លាំង​ដែលមាន​ភក្តីភាព​ចំពោះ​ហ្វ៊ុនស៊ិនប៉ិច នោះបាន​ឱ្យដឹងថា ដំបូង​ឡើយ​កម្លាំង​រាជរដ្ឋាភិបាល​គ្មាន​គម្រោង​ផ្ទុះអាវុធ ឬ​ចាប់ខ្លួន​លោក ញឹក ប៊ុនឆៃ លោក ចៅ សម្បត្តិ ទេ គឺមាន​គម្រោង​តែ​ដក​អាវុធ​នៅផ្ទះ​លោក ចៅ សម្បត្តិ ដែល​ធ្វើឡើង​បន្ទាប់ពី​បាន​ដក​អាវុធ​នៅ​បន្ទាយ​ស្រែអំពិល (​អង្គស្នួល​) រួចមក​។ បន្ទាប់ពីនោះ​នឹងធ្វើ​ការដកហូត​អាវុធ​នៅផ្ទះ​លោក ញឹក ប៊ុនឆៃ និង​ផ្ទះ​អស់លោក​មួយចំនួនទៀត​នៅក្នុង​សំណង់​១២ ដែលមាន​អាវុធ​ខុសច្បាប់​ជាច្រើន​នៅ​ទីនោះ​។ ក៏ប៉ុន្តែ នៅពេលដែល​កម្លាំង​រាជរដ្ឋាភិបាល​ចូលទៅ​ដក​អាវុធ​នៅផ្ទះ​លោក ចៅ សម្បត្តិ ក៏មាន​ការផ្ទុះអាវុធ​បាញ់​សម្រុក​មកលើ​កម្លាំង រាជរដ្ឋាភិបាល​វិញ​យ៉ាងខ្លាំង​ក្លា​នៅវេលា​ម៉ោង​៣​រសៀល​ក្នុង​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​១៩៩៧ ដែលជា​ពេលវេលា​ចាប់ផ្តើម​ផ្ទុះ​សង្គ្រាម​នៅក្នុង​រាជធានី​ភ្នំពេញ ប៉ែក​ខាងលិច​ធ្វើឱ្យ​កក្រើក​រាជធានី​ភ្នំពេញ​ទាំងមូល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានបញ្ជាក់​ឱ្យដឹងទៀតថា នៅវេលា​ម៉ោង​៣​រសៀល​នា​ថ្ងៃនោះ (​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​១៩៩៧) កម្លាំង​របស់លោក​សហ​ការ​ជាមួយ​កម្លាំង​ខណ្ឌឫស្សីកែវ មាន​ភារកិច្ច​ចូល​ដក​អាវុធ​នៅផ្ទះ​លោក ចៅ សម្បត្តិ តែ​ត្រូវ​កម្លាំង​របស់លោក ចៅ សម្បត្តិ គប់​គ្រាប់បែក និង​បាញ់កាំភ្លើង បេ​-៤០ និង កាំភ្លើង DK ទៅលើ​កម្លាំង​របស់លោក​មុន ក្នុងពេលដែល​លោក​កំពុង​ទាក់ទង​តាម​វិទ្យុទាក់ទង និង​តាម​ឧគ្ឃោសនាសព្ទ​។ នៅពេលដែល​កម្លាំង​រប​ស់លោក ចៅ សម្បត្តិ ប្រហែល ១០០​នាក់​បាញ់​ទៅលើ​កម្លាំង​របស់លោក ហើយ​កម្លាំង​របស់លោក​ក៏​បាញ់​តបត​ការពារ​ខ្លួន​វិញ បង្កើតបានជា​ការប្រយុទ្ធ​គ្នា​នៅពេលនោះ​ទៅ​។​

​នៅ​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​១៩៩៧ ការប្រយុទ្ធ​គ្នា​នៅ​ម្តុំ​ផ្ទះ ចៅ សម្បត្តិ អូរ​បែកក្អម និង​នៅផ្ទះ​លោក ញឹក ប៊ុនឆៃ សំណង់​១២ បាន​បន្ត​យ៉ាង​ខ្លាំងក្លា​។ កងកម្លាំង​អន្តរាគមន៍​របស់​រាជ​រដ្ឋាភិបាល​ត្រូវបាន​បញ្ជូន​មកពី​ភូមិភាគ​៣ ភូមិភាគ​២ ពី​អង្គភាព ង​៧០ ពី​អង្គភាព​ឆ័​ត្រ​យោង ពី​យោធភូមិភាគ​ពិសេស ដើម្បី​ជួយ​ដល់​កម្លាំង​រាជរដ្ឋាភិបាល​ដែល​កំពុង​ទប់ទល់​យ៉ាង​ត្រដាបត្រដួស​ជាមួយនឹង​កម្លាំង ដែលមាន​ភក្តីភាព​ចំពោះ​ហ្វ៊ុនស៊ិនប៉ិច​។ កម្លាំង​ទាំងនោះ​មួយចំនួន​ដាក់​នៅ​ខាងត្បូង និង​ខាងលិច​ព្រលានយន្តហោះ​អន្តរជាតិ​ពោធិចិនតុង និង​វាយយក​បន្ទាយ​តាំង​កសាង​នៅពេលដែល​លោក ញឹក ប៊ុនឆៃ បាន​បញ្ជា​ទ័ព​ឱ្យ​វាយ​ចូល​ទីក្រុង​ភ្នំពេញ កម្លាំង​មួយចំនួនទៀត​យកទៅជួយ​ទប់​ម្តុំ​តោ​ពីរ ត្រឡោកបែក ទំនប់ទួលគោក ដែលជា​មុខព្រួញ​វាយលុក​របស់​កម្លាំង​ដែលមាន​ភក្តីភាព​ចំពោះ​ហ្វ៊ុនស៊ិនប៉ិច​។​

​នៅវេលា​ម៉ោង ៩​ព្រឹក ថ្ងៃទី​៦ ខែកក្កដា កម្លាំង​របស់លោក ញឹក ប៊ុនឆៃ នៅ​ព្រលានយន្តហោះ និង​នៅ​បន្ទាយ​តាំង​កសាងបាន​ចាប់ដៃគ្នា​លើ​មហាវិថី​សហព័ន្ធ​រូ​ស្ស៊ី ហើយ​វាយលុក​តម្រង់​មក​ផ្សារ​ពោធិចិនតុង និង​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​តាមផ្លូវ​សហព័ន្ធ​រូ​ស្ស៊ី និង​តាម​ផ្លូវដែក ដែលមាន​ការគាំទ្រ​ពី​រថក្រោះ​៦​គ្រឿង និង​មាន​កម្លាំង​ថ្មើរជើង​ប្រមាណ ៣០០ នាក់ ដើម្បី​ចាប់ដៃ​ជាមួយ​កម្លាំង​របស់លោក ចៅ សម្បត្តិ នៅ​អូរ​បែកក្អម និង​កម្លាំង​នៅ​សំណង់​១២ ផ្ទះ​លោក​ញឹក ប៊ុនឆៃ និង​វាយលុក​ចូល​ភ្នំពេញ​។ ទិសដៅ​របស់លោក ញឹក ប៊ុនឆៃ គឺ​ច្បាម​កាន់​អគ្គសេនាធិការ​ក្រសួងការពារជាតិ កាន់កាប់​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ចំណុច​សំខាន់ៗ​មួយចំនួន ទៀត​នៅ​ក្រុងភ្នំពេញ​។​

​ពេលដែល​កម្លាំង​លោក ញឹក ប៊ុនឆៃ វាយលុក​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ កម្លាំង​រាជ​អាវុធហត្ថ ប៉ូលីស និង​ជីវពល​របស់​ខណ្ឌដង្កោ​ប្រមាណ ១០០ នាក់ ដែលមាន​កាំភ្លើង​ដៃ​នោះ មិនបាន​តបត​ជាមួយ​កម្លាំង​លោក ញឹក ប៊ុនឆៃ ដែលមាន​រថក្រោះ និង​អាវុធ​ទំនើបៗ​នោះទេ​។ កម្លាំង​ទាំងនោះ​បាន​លាក់​អាវុធ ដូរ​ខោអាវ ហើយ​បណ្តោយ​ឱ្យកម្លាំង​លោក​ញឹក ប៊ុនឆៃ និង នួន ប៉ែត (​នួន ប៉ែត ជា​មេ​ខ្មែរក្រហម​ភ្នំ​វ​ល្លិ៍ ដែល​បានសម្លាប់​អ្នក​ទេសចរណ៍​បរទេស​៣​នាក់​គឺ ៖ បារាំង អង់គ្លេស អូស្ត្រាលី​) វាយលុក​ឆ្ពោះ​មក​ភ្នំពេញ​នោះ កម្លាំង​របស់​រាជរដ្ឋាភិបាល​បាន​ចូល​កាន់កាប់​ព្រលានយន្តហោះ​ពោធិចិនតុង និង​បន្ទាយ​តាំង​កសាង ហើយ​ធ្វើការ​បោសសម្អាត​ពីក្រោយ​កម្លាំង​របស់លោក​ញឹក ប៊ុនឆៃ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការរង​នៃ​អាវុធហត្ថ​ផ្ទៃ​ប្រទេស​បានឱ្យដឹងថា ពេលដែល កម្លាំង​របស់លោក ញឹក ប៊ុនឆៃ សម្រុកចូល​ពី​ពោធិចិនតុង​ដល់​ពេទ្យ​លោកសង្ឃ និង​ត្រឡោកបែក គឺ​គ្មាន កម្លាំង​របស់​រាជរដ្ឋាភិបាល​ទប់ស្កាត់​ទេ គឺ​មានតែ​ទាហាន​យាមឃ្លាំង និង​ក្រុមហ៊ុន​ប៉ុណ្ណោះ ដែល​បាន​រត់​ចូលក្នុង​ក្រុង​ដែរ​។ ចំណែក​កម្លាំង​របស់លោក​ដែល​ដាក់​ហ៊ុមព័ទ្ធ​ផ្ទះ​លោក ចៅ សម្បត្តិ នោះ​ក៏បាន​ដកចេញ​យកមក​ដាក់​នៅ​ខ្សែត្រៀម​ត្រឡោកបែក ដើម្បី​ទប់ទល់​កុំឱ្យ​កម្លាំង​លោក ញឹក ប៊ុនឆៃ វាយ​ចូល​ក្រុង​បាន​។ កម្លាំង​របស់លោក សៅ សុខា គ្មានកាំភ្លើង​ទប់ទល់​ជាមួយ​រថក្រោះ​ទេ ដោយសារតែ​លោក​នឹកស្មាន​មិន​ដល់​ថា លោក ញឹក ប៊ុនឆៃ អាច​នាំ​ទ័ព​វាយ​ចូល​ភ្នំពេញ ទើប​មិនបាន​បំពាក់អាវុធ​ប្រឆាំង​រថក្រោះ​ដូច្នេះ​។​

​ពេលដែល​កម្លាំង​លោក ញឹក ប៊ុនឆៃ នួន ប៉ែត ចៅ សម្បត្តិ ចាប់ដៃគ្នា​វាយលុក​ចូល​ភ្នំពេញ ដោយមាន​ការគាំទ្រ​ដោយ​រថក្រោះ ៦ គ្រឿង​ផង​នោះ លោក​សៅ សុខា បានចេញ​បញ្ជា​ឱ្យកម្លាំង​របស់លោក​ឱ្យ​លើក កាំភ្លើង DK-75 ដាក់​លើផ្លូវ ដើម្បី​បាញ់​រថក្រោះ តែ​ត្រូវ​កងកម្លាំង​រថក្រោះ លោក ញឹក ប៊ុនឆៃ មកដល់ ហើយ​បរ​កិន​កាំភ្លើង​នោះ​បាក់​ខ្ទេច​អស់​។ លោក​ក៏បាន​បញ្ជា​ឱ្យ​លើក​កាំភ្លើង DK-82 មួយ​ដើម​ទៀត បាញ់​ទៅលើ​រថក្រោះ​ត្រូវ​បី​គ្រាប់ តែ​មិន​ឆេះ ហើយ​បែរ​កាណុង​បាញ់​ក្បួន​រថយន្ត​លោក ញឹក ប៊ុនឆៃ ចំនួន​៧​គ្រឿង ដែល​បរ​ចូល​តាមផ្លូវ​រថភ្លើង​ម្តងវិញ ធ្វើឱ្យ​បែក​ខ្ចាត់ខ្ចាយ​ពី​រថយន្ត​នោះ​។​

​ការប្រយុទ្ធ​គ្នា​នៅ​សរម​ភូមិ​ត្រឡោកបែក តោ​ពីរ ជាប់​នឹង​សាកលវិទ្យាល័យ​ភ្នំពេញ​បាន​ប្រព្រឹត្តទៅ​យ៉ាង​ស្វិតស្វាញ ចាប់តាំងពី​ម៉ោង​ដប់​ព្រឹក​រហូតដល់​ព្រលប់ ទើប​ស្ងប់​វិញ​។ ចាប់តាំងពី​ព្រលឹម​ទល់​ព្រលប់​ស្នូរ​កាំភ្លើង​បាន​លាន់ឮ​ឡើង​កក្រើក​ទីក្រុង​ភ្នំពេញ​ទាំងមូល​។ នៅ​កន្លែង​ប្រយុទ្ធ​គ្នា​នៅ​ម្តុំ​សំណង់​១២ អូរ​បែកក្អម ទឹកថ្លា ភ្នំពេញ​ថ្មី ត្រឡោកបែក គេ​ឃើញ​ភ្លើង​ឆេះ​មាន​ផ្សែង​ខ្មួលខ្មាញ់​អណ្តែត​ទៅលើ​អាកាស​។ ប្រជាជន​ខ្លះ ដែល​បាន​ជាប់កុន​នៅក្នុង​សមរភូមិ ត្រូវបាន​ទទួលរង​គ្រោះ​ដោយ​គ្រាប់កាំភ្លើង ខ្លះ​ស្លាប់ ខ្លះ​ត្រូវរបួស​។ ប្រជាជន​រាប់ពាន់នាក់​ទៀត បាន​ភៀសខ្លួន​ចូល​រាជធានី​ភ្នំពេញ រក​កន្លែង​សុវត្ថិភាព​រៀងៗ​ខ្លួន ហើយ​ប្រជាជន​រាប់ពាន់នាក់​ទៀត បាន​ភៀសខ្លួន​ចេញពី​រាជធានី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ ៦A ផ្លូវជាតិ​លេខ​១ និង​ផ្លូវជាតិ​លេខ​២ ដើម្បី​គេច​ឱ្យ​ឆ្ងាយ​ពី​ការប្រយុទ្ធ​គ្នា​។ តែ​ប្រជាជន​ភាគច្រើន​បាន​សម្ងំ​លាក់ខ្លួន​តាម​ផ្ទះ​រៀងៗ​ខ្លួន និង​តាមដាន​សភាពការណ៍​ដោយ​ក្តី​តក់ស្លុតរ​កស្មាន​មិនត្រូវ​។ ការប្រយុទ្ធ​គ្នា​ត្រូវបាន​បញ្ចប់​នៅ​យប់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​១៩៩៧ ដោយ​កម្លាំង​របស់​រាជ​រដ្ឋាភិបាល ជា​អ្នកទទួល​ជោគជ័យ​។​

​ប្រជាជន​មិនអាច​យល់ថា ហេតុអ្វី​បានជា​មានការ​ប្រយុទ្ធ​គ្នា​ឡើង​នោះទេ​។ ពួកគេ​ភ័យខ្លាច​ថា សង្គ្រាមស៊ីវិល​បាន​វិល​មកវិញ​ដូច​ខ្មោច​ពី​អតីតកាល ដែល​គេ​មិន​ចង់ឃើញ​។ ប្រជាជន​កម្ពុជា​ដែល​បើក​វិទ្យុ​អាមេរិក​ស្តាប់ឮ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ចោទ​សម្តេច ហ៊ុន សែន ថា បានធ្វើ​រដ្ឋប្រហារ​ប្រឆាំង​ព្រះអង្គ​។ រដ្ឋាភិបាល​ច្រានចោល​ការចោទប្រកាន់​នោះ​។ រដ្ឋាភិបាល​និយាយថា បើសិនជា​សម្តេច ហ៊ុន សែន មាន​ចេតនា​ធ្វើ​រដ្ឋប្រហារ សម្តេច​នឹងមិន​ទៅ​វិស្សមកាល​នៅក្រៅ​ប្រទេស​ទេ ហើយ​ថា សម្តេច​នឹងមាន​វត្តមាន​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ចែង​សកម្មភាព​។ រដ្ឋាភិបាល​និយាយថា ផ្ទុយទៅវិញ ការប្រយុទ្ធ​គ្នា​ត្រូវបាន​រៀបចំ និង​បើក​ឡើង​ដោយ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលមាន​វត្ត​មាននៅ​ទីក្រុង​ភ្នំពេញ​មុន​ការប៉ះទង្គិច​គ្នា​នៅពេលដែល​សម្តេច ហ៊ុន សែន នៅក្រៅ​ប្រទេស​។ ដោយ​បានធ្វើ​ដូច្នេះ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ គេចខ្លួន​យក​សុវត្ថិភាព ទៅ​ក្រុង​បាងកក​តែ​ប៉ុន្មាន​ម៉ោង​មុននឹង​ការប្រយុទ្ធ​បាន​ផ្ទុះឡើង​។ ការបកស្រាយ​ព្រឹត្តិការណ៍​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ផ្ទុយស្រឡះ ព្រះអង្គ​មិនបាន​ធ្វើ​អ្វី​ខុសច្បាប់ ឬ​បង្កហេតុ​ទេ ហើយ​ថា កម្លាំង​របស់​សម្តេច ហ៊ុន សែន បើក​ការប្រយុទ្ធ​មុន​(Harish C. Mehta & Julie B. Mehta ៖ ហ៊ុន សែន បុរស​ខ្លាំង​របស់​កម្ពុជា ទំព័រ​១៥៩) ។​

​សម្តេច ហ៊ុន សែន បានធ្វើ​សេចក្តីថ្លែងការណ៍​មួយ​នៅ​យប់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​១៩៩៧ ដោយបាន​អះអាងថា ព្រឹត្តិការណ៍​ដែល​បានកើត​ឡើង មិនមែនជា​ជម្លោះ​រវាង​គណបក្ស​មួយ និង​គណបក្ស​មួយ មិនមែនជា​សង្គ្រាមស៊ីវិល មិនមែនជា​រដ្ឋប្រហារ​ដណ្តើម​អំណាច​ដូច​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានប្រកាស​នៅ​បរទេស​នោះទេ ព្រោះ​គ្មាន​នរណាម្នាក់​ត្រូវបាន​ចាប់ខ្លួន គ្មាន​ច្បាប់អាជ្ញាសឹក គ្មាន​កំណែន​ទូទៅ តែ​ជាការ​បង្ក្រាប​បទល្មើស​ច្បាប់ ដែលមាន​ចរិត​យោធា នយោបាយ និង​សន្តិសុខ​ជាតិ ដែល​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង​បក្សពួក​ជ្រុលនិយម​បាន​បង្កឡើង​។ សម្តេច ហ៊ុន សែន បានប្រកាស​ពី​ការបន្ត​និរន្តរភាព​របស់​រដ្ឋធម្មនុញ្ញ និរន្តរភាព​នៃ​ច្បាប់​នានា​របស់​រាជរដ្ឋាភិបាល និរន្តរភាព​នៃ​រដ្ឋសភា និរន្តរភាព​នៃ​ស្ថាប័ន​គ្រប់ផ្នែក គ្រប់​ថ្នាក់ និង​និរន្តរភាព​នៃ​មន្ត្រីរាជការ​។​

​នៅ​រាជធានី​ភំ​ពេញ សភាពការណ៍​បាន​វិល​ទៅរក​ប្រក្រតីភាព​វិញ​ជា​បណ្តើរៗ ប្រជាជន​ដែល​បាន​រត់ចេញ ពី​ផ្ទះសម្បែង​បាន​វិល​មកវិញ​ជា​បន្តបន្ទាប់​។ បម្រាម​គោចរ​ដែល​បាន​បិទ​នៅ​ពេលយប់​ថ្ងៃទី​៥ ទី​៦ ខែកក្កដា ពី​ម៉ោង​៨​យប់ ដល់​ម៉ោង ៦ ភ្លឺ​នោះបាន​បើក​ឡើងវិញ​។ ក្រោយពី​ការផ្ទុះអាវុធ​បានបញ្ចប់ អំពើ​អនាធិបតេយ្យ មួយ​បាន​កើតឡើង គឺ​ករណី​ចូល​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ ចូល​យក​ម៉ូតូ ឡាន តាម​ឃ្លាំង​នានា និង​ចូល​យក​សម្ភារ​បរិក្ខា​តាម​រោងចក្រ​កាត់ដេរ​មួយចំនួន​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ពី​សំណាក់​កម្លាំងប្រដាប់អាវុធ​ខ្លះ ដែល​ខ្វះ​វិន័យ​។ ប៉ុន្តែ ភ្លាមៗ​នោះ នាយអគ្គសេនាធិការ បានចេញ​បញ្ជា​មួយ​ភ្លាម ដើម្បី​រាំង​ស្កាត់​បាតុភាព​នេះ ដោយ​ប្រកាស​កម្លាំងប្រដាប់អាវុធ​ចេញពី​រាជធានី​ភ្នំពេញ និង​ឱ្យ​គ្រប់​មេបញ្ជាការ​ពង្រឹង​វិន័យ​កម្លាំង​របស់ខ្លួន​ឡើងវិញ​។​

​ទន្ទឹមនឹង​នោះដែរ ថ្វីបើ​ការប្រយុទ្ធ​គ្នា​បានបញ្ចប់​នៅ​ទីក្រុង​ភ្នំពេញ​មែន តែ​ការប្រយុទ្ធ​គ្នា​នៅបាន​បន្ត​នៅតាម​ព្រំដែន និង​តាមផ្លូវ​ទូត​។ ដើម្បី​រក្សា​ជំហរ​ទប់​ទល់នឹង​សម្តេច ហ៊ុន សែន ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​បង្កើត​កម្លាំង​តស៊ូ​ប្រដាប់អាវុធ​មួយ ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ដ៏​មាន​ភក្តីភាព​របស់​ព្រះអង្គ គឺ​លោក ញឹក ប៊ុនឆៃ​។ មូលដ្ឋាន​នៃ​ចលនា​តស៊ូ​នេះ​ស្ថិតនៅ​អូរ​ស្មាច់​តាម​ព្រុំដែន​ខ្មែរ​-​ថៃ នៅក្នុង​តំបន់ភ្នំ​នៃ​ប៉ែក​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​។ អូរ​ស្មាច់​ជា​បន្ត​មកទៀត បាន​ក្លាយជា​និមិត្តរូប​នៃ​ចលនា​តស៊ូ​ប្រឆាំង ហ៊ុន សែន​។ មូលដ្ឋាន​ផ្សេងទៀត​នៃ​ចលនា​តស៊ូ​ពួក​ខ្មែរក្រហម គឺ​បាន​បង្កើតឡើង​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ដូចជា​សំឡូត​ជាដើម (Ros Chantrabot, Cambodge, La Répetition de l’Histoire (De 1991 aux élections de juillet 1998), p. 205.) ។​

​នៅឯ​ក្រៅប្រទេស​វិញ ជាមួយនឹង​អតីត​អ្នកគាំទ្រ​ព្រះអង្គ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​បង្កើត​ប្រព័ន្ធ​នយោបាយ​មួយ​មាន​ឈ្មោះថា «​សហព័ន្ធ​អ្នកប្រជាធិបតេយ្យ​កម្ពុជា​» ដោយមាន​សមាសភាព​ចូលរួម​គឺ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ជាតិខ្មែរ គណបក្ស​កម្ពុជា​អព្យាក្រឹត និង​សមាគម​មួយចំនួនទៀត (Ros Chantrabot, Cambodge, La Répetition de l’Histoire (De 1991 aux élections de juillet 1998), p. 205.)​។​

​បើទោះបីជា​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែល​ភៀស​ព្រះកាយ​នៅក្រៅ​ប្រទេស ហើយ​នៅតែ​ធ្វើការ​ដោយ​ប្រដាប់អាវុធ និង​ផ្លូវ​ទូត​ប្រឆាំងនឹង​សម្តេច ហ៊ុន សែន ក៏ដោយ ក៏​ស្ថានការណ៍​នយោបាយ​បាន​វិល​មកកាន់​ប្រក្រតី​ភាពជា​បណ្តើរៗ​។ រាជរដ្ឋាភិបាល​បាន​បន្តការងារ​ប្រចាំថ្ងៃ ក្នុង​រដ្ឋាភិបាលចម្រុះ​ដែលមាន​គណបក្ស​មាន​អាសនៈ​នៅ​រដ្ឋសភា​ដដែល​។ ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​១៩៩៧ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​បើក​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​របស់លោក​នាយករដ្ឋមន្ត្រី​ទី​២ ហ៊ុន សែន ដែលមាន​ការចូលរួម​យ៉ាង​ទូលំទូលាយ​ពី​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃ គណបក្ស​ប្រជាជន​កម្ពុជា ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធ សាសនា និង​ទីប្រឹក្សា​របស់​នាយករដ្ឋមន្ត្រី​ទី​១ និង​នាយករដ្ឋមន្ត្រី​ទី​២ ដើម្បី​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​ព្រះរាជក្រឹត្យ​ស្តីពី​កាតព្វកិច្ច​ធ្វើ​ស្ថិតិ​។ ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​១៩៩៧ គណៈរដ្ឋមន្ត្រី​បាន​បើក​សម័យប្រជុំ​ពេញអង្គ​របស់ខ្លួន ជា​បន្តបន្ទាប់​ទៀត ក្រោម​អធិបតីភាព​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទី​២ ដើម្បី​អនុម័ត​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​សង្គមកិច្ច ការងារ និង​អតីតយុទ្ធជន​។​

​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​១៩៩៧ សមាជិក​គណៈកម្មាធិកា​រ​នាយក​ហ្វ៊ុនស៊ិនប៉ិច ដែលមាន​វត្ត​មាននៅ​កម្ពុជា បានធ្វើការ​ប្រជុំគ្នា ដើម្បី​ធ្វើការ​បង្រួបបង្រួម​គ្រប់​ក្រុម​ទាំងអស់​នៃ​ហ្វ៊ុនស៊ិនប៉ិច ជាពិសេស​ក្រុម​លោក ទន់ ចាយ ឱ្យមាន​ឯកភាព​បក្ស​ឡើងវិញ និង​បន្ត​និរន្តរភាព​របស់​បក្ស ព្រមទាំង​ជ្រើសរើស​លោក អ៊ឹង ហួត ដែលជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​គណបក្ស និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ទី​១ ជំនួស​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ​។ រហូតដល់​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​១៩៩៧ តំណាងរាស្ត្រ​ហ្វ៊ុនស៊ិនប៉ិច ដែល​រត់គេច​ទៅកាន់​ទីក្រុង​បាងកក ក្រោយ​ហេតុការណ៍​ថ្ងៃ​៥-៦ ខែកក្កដា បាន​វិល​មក​កម្ពុជា​វិញ​ជា​បណ្តើរៗ​។​

​រដ្ឋសភា ដែល​គាំងដំណើរ​អស់​រយៈពេល ៧​ខែ មកហើយ​នោះ ក៏បាន​បើក​សម័យប្រជុំ​លើក​ទី​៨ នីតិកាល​ទី​១ របស់ខ្លួន​ឡើងវិញ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​១៩៩៧ ហើយ​បន្តដំណើរ​ការងារ​ជា​ប្រក្រតី​។​

​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​១៩៩៧ សមាជិក​រដ្ឋសភា​ចំនួន​៩៨ រូប លើ ៩៩ រូប ដែល​បាន​ចូល រួម​ប្រជុំ បានអនុម័ត​ដោយ​លើកដៃ​គាំទ្រ​ការលើក​អភ័យឯកសិទ្ធិសភា​ពី​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ​។ រដ្ឋសភា​បានសម្រេច​កិច្ចការ​ដ៏​សំខាន់​មួយទៀត ដើម្បី​ធានា​និរន្តរភាព​នៃ​រដ្ឋាភិបាលចម្រុះ ដែល​កើតចេញពី​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ ដោយបាន​ធ្វើការ​បោះឆ្នោត​ដោយ​សម្ងាត់​ជ្រើសរើស​លោក អ៊ឹង ហួត ជា​នាយករដ្ឋមន្ត្រី​ទី​១ ជំនួស​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដោយមាន​សំឡេងគាំទ្រ​ចំនួន ៨៦ សំឡេង ប្រឆាំង​ចំនួន ៤ សំឡេង អនុប្បវាទ​ចំនួន ៦ សំឡេង និង​ឆ្នោត​មិនបានការ​ចំនួន ៣ សំឡេង​។ ការអំពាវនាវ​របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​១៩៩៧ និង​ការអំពាវនាវ​របស់​ប្រធានស្តីទី​នៃ​រដ្ឋសភា ក៏ដូចជា​កិច្ចប្រឹងប្រែង​របស់​សមា​ជិ​ក​ហ្វ៊ុនស៊ិនប៉ិច​ក្នុងការ​ពន្យល់​នាយទាហាន ពលទាហាន ដែល​បាន​ចាក​ចេញពី​ស្រុក​នោះ ឱ្យ​វិល​មក​ប្រកប​ជីវភាព​នយោបាយ និង​ជួបជុំ​គ្រួសារ​ដូចដើម​វិ​ញ‍​»៕
​ដោយ​៖​កូ​ឡាប​

×