បាត់ដំបង៖ ឯកឧត្តម គន់ គីម អគ្គលេខាធិការគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះចំនួន១៥ខ្នងទៀត ជាអំណោយសម្ដេចតេជោជូនដល់អតីតយុទ្ធជនទីទ័លក្រជាងគេ នៅបរិវេណតំបន់ប្រតិបត្តិការសឹកខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។
ឯកឧត្តម គន់ គីម បានមានប្រសាសន៍សំណេះសំណាល ដល់អតីតយុទ្ធជននិងពិការថា បងប្អូនកុំច្រណែនគ្នា នេះគឺការដោះស្រាយជូនអ្នកក្រីក្រជាងគេ ហើយជាបន្តទៀតគឺការគិតគូរត្រូវបានដូចគ្នាទេ ជាពិសេស សូមបងប្អូន ត្រូវរក្សាការពារសុខភាពជាចម្បង មិនត្រូវបណ្ដែតបណ្ដោយឲ្យមានជំងឺឆ្លងរាតត្បាត មកដល់ខ្លួនឯងនោះទេ។ សមាគមអតីតយុទ្ធជនកម្ពុជា បានខិតខំប្រឹងប្រែងជួយបងប្អូនរកដីធ្លី ដើម្បីដោះស្រាយជួនបងប្អូនមិនទុកចោលនោះទេ។
ឯកឧត្តម គន់ គីម បានមានប្រសាសន៍បញ្ជាក់ថា យើងធ្វើផ្ទះបានសម្រេចជាង២០០ខ្នងហើយ នៅខេត្តបាត់ដំបងនេះ ក្នុងនោះលោកឧកញ៉ា លី ហ៊ួ បានជួយសាងសង់ផ្ទះក្នុងមួយឆ្នាំ ១០០ខ្នង សម្រាប់ខេត្តបាត់ដំបងនេះ គាត់ធ្វើបាន៥០ខ្នងហើយ ដែលលើកមុខយើងប្រគល់ជូនអតីតយុទ្ធជន២០ខ្នងផ្ទះ ហើយថ្ងៃនេះបានប្រគល់ជួន៣០ខ្នងទៀត។ យើងមិនត្រូវបងប្អូនទៅរស់នៅលើដីចំណីផ្លូវ ឬចំណីស្ទឹងនោះទេ ថ្ងៃក្រោយគេនិងទៅដេញឲ្យរុះរើនាំឲ្យពិបាក។ ប្រគល់ផ្ទះចំនួន ១៥ខ្នង ស្ថិតនៅក្រុងបាត់ដំបង ១ខ្នង, ស្រុកបាណន់ ៥ខ្នង, ស្រុកមោងឫស្សី ៣ខ្នង, ស្រុកបវេល ៣ខ្នង និងស្រុកឯកភ្នំ ៣ខ្នង ។ ផ្ទះចំនួន ១៥ខ្នងនេះ គឺខ្នងផ្ទះទី១៦៣, ទី១៦៤, ទី១៦៥, ទី១៦៦, ទី១៦៧, ទី១៦៨, ទី១៦៩, ទី១៧០, ទី១៧១, ទី១៧២, ទី១៧៣, ទី១៧៤, ទី១៧៥, ទី១៧៦ និងទី១៧៧ ក្នុងចំណោមផ្ទះទាំង ១៩៩ខ្នង របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ធ្វើអំពីឈើប្រក់ស័ង្កសី រៀបការ៉ូបាត និងរៀបជញ្ជាំងឥដ្ឋកម្ពស់ ១ម៉ែត្រ ជាអំណោចដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ជូនអតីតយុទ្ធជនចំនួន ១៥គ្រួសារ ដែលមានជីវភាពទីទ័លក្រ គ្មានទីជម្រកសមរម្យ៕
ដោយ៖អ៊ុងសារុំ