ភ្នំពេញ៖ មន្ត្រីជំនាញសុរិយោដីរួមទាំងចៅសង្កាត់គោកឃ្លាង បានចុះធ្វើការត្រួតពិនិត្យនិងវាស់វែងដោយបាញ់ GPS នៅចំណុចដែលមានបញ្ហាត្រង់ព្រំប្រទល់ដី សំណង់ផ្ទះរបស់លោក ព្រាប សុវត្ថិ ហើយបានរកឃើញថា តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ ពិតជាបានសាងសង់ផ្ទះបំពានលើចិញ្ចើមផ្លូវ ប្រាកដមែន លោក ព្រាប សុវត្ថិ បានទទួលស្គាល់ថា សំណង់របស់គាត់ពិតជាសាងសង់រំលោភលើចិញ្ចើមផ្លូវពិតមែន ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នេះ មន្ត្រីជំនាញសុរិយោដីរួមទាំងចៅសង្កាត់គោងឃ្លាង បានចុះធ្វើការត្រួតពិនិត្យ និងវាស់វែងដោយបាញ់ GPS នៅចំណុចដែលមានបញ្ហាត្រង់ព្រំប្រទល់ដី ដោយមានការចូលរួមពីលោកព្រាប សុវត្ថិផងដែរ ហើយលោក ព្រាប សុវត្ថិ បានទទួលស្គាល់ថា សំណង់របស់គាត់ពិតជាសាងសង់រំលោភលើចិញ្ចើមផ្លូវពិតមែន ហើយលោកក៏បានផ្តិតមេដៃទទួលស្គាល់ ចំពោះការវាស់វែងរបស់មន្ត្រីមន្ទីរសុរិយោដីផងដែរ។
មហាជនចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីមានព័ត៌មានថាតារាចម្រៀងរូបនេះ ត្រូវបានប្រជាពលរដ្ឋរហូតដល់ទៅ ៧០គ្រួសារ មកតវ៉ានៅមុខផ្ទះលោក ដោយអះអាងថា លោកព្រាប សុវត្ថិ បានរំលោភផ្លូវសាធារណៈ និងធ្វើឲ្យរំខានអ្នកជិតខាង។
គួរជម្រាបថា បើតាមការតវ៉ានោះ អ្នកជិតខាងលោក ព្រាប សុវត្ថិ បានស្នើសុំអាជ្ញាធរមូលដ្ឋានជួយដោះស្រាយជាមួយលោក ព្រាប សុវត្ថិ មាន៤ចំណុច គឺឈប់ឲ្យលោក ព្រាប សុវត្ថិ ធ្វើរបងបំពានលើផ្លូវសាធារណៈ, ឈប់ធ្វើរោងឈើបិទផ្លូវ, ឈប់ចតរថយន្តបិទផ្លូវ គ្មានសណ្ដាប់ធ្នាប់ និងឈប់រោទ៍សំឡេងរថយន្តលាន់ខ្លាំង ដេកពួនមិនបាន។ ប៉ុន្តែរាល់បញ្ហាទាំងអស់នោះ ត្រូវបានសម្របសម្រួលដោះស្រាយគ្នា បញ្ចប់រួចរាល់ហើយ ដោយលោកយល់ព្រមអនុវត្តន៍ ៣ចំណុច ដើម្បីបញ្ចប់បញ្ហាទាំងអស់នេះ ជាមួយបងប្អូនប្រជាពលរដ្ឋ។
គួររំលឹកផងដែរថា ទីលំនៅរបស់តារាចម្រៀង លោកព្រាបសុវត្ថិដែលមានទីតាំងស្ថិតនៅ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានសាងសង់បំពានលើចិញ្ចើមផ្លូវ ធ្វើឲ្យផ្លូវរួមតូច ហើយរោងអារឈើបិទផ្លូវ នៅខាងក្រោយផ្ទះរបស់លោក ធ្វើឱ្យមានការប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទីតាំងនោះជាច្រើនគ្រួសារ។
បន្ទាប់ពីមានការតវ៉ា ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិច្រេស សង្កាត់គោងឃ្លាង ខណ្ឌសែនសុខ ជុំវិញករណីផ្ទះរបស់តារាចំរៀងលោក ព្រាប សុវត្ថិ ដែលបានសាងសង់រំលោភលើចិញ្ចើមផ្លូវ ធ្វើឲ្យផ្លូវរួមតូច និងបានធ្វើរោងអារឈើបិទផ្លូវនៅខាងក្រោយផ្ទះរបស់លោក ធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅក្នុងទីតាំងខាងលើជាច្រើនគ្រួសាររួចមក នៅពេលនេះ តារាចម្រៀង ព្រាប សុវត្ថិ បានអះអាងថា រឿងរ៉ាវដែលប្រជាពលរដ្ឋបានតវ៉ា ចំពោះរូបលោកនោះ គឺបានដោះស្រាយគ្នារួចរាល់យូរមកហើយ អត់មានអ្វីជាបញ្ហាទៀតទេ ហើយបើមានហេតុការណ៍អ្វីផ្សេងទៀតកើតឡើង គឺអាជ្ញាធរ និងសហការជាមួយរូបលោក ដើម្បីដោះស្រាយបន្តទៀត ព្រោះលោកមានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ត្រឹមត្រូវ៕ ដោយ៖បញ្ញាស័ក្តិ