ភ្នំពេញ៖ យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា នៅរាជធានីភ្នំពេញ មានចំនួនកម្មករប្រមាណពី ២៤ ១៣០នាក់ ទៅ ២៤ ៥០០នាក់ក្នុងមួយថ្ងៃ ដែលបានធ្វើការងារក្នុងវិស័យសំណង់។
បើតាមក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា វិស័យសំណង់ និងអចលនទ្រព្យ បានបង្កើតការងារជាច្រើនជូនពលរដ្ឋ នៅកម្ពុជា ហើយនៅក្នុងឆមាសទី១ ឆ្នាំ២០២០នេះ គិតជាមធ្យមប្រមាណពី ១៧០ ០៥៩ នាក់ ទៅ១៧ ០១០០ នាក់ក្នុងមួយថ្ងៃនៅទូទាំងប្រទេស។ ប្រៀបធៀបឆមាសទី១ដូចគ្នា នៅឆ្នាំ២០១៩កន្លងទៅ ចំនួនកម្មករ គិតជាមធ្យមប្រមាណពី ១៣៣ ៧៣៨ នាក់ ទៅ ១៣៤ ០០០នាក់ ក្នុងមួយថ្ងៃ។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានអះអាងថា កម្មករក្នុងវិស័យសំណង់ បានរងផលប៉ះពាល់ផងដែរក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩ ដោយក្រុមហ៊ុនមួយចំនួន បានបិទ ឬផ្អាកប្រតិបត្តិការ។
អ្នកជំនាញបន្តថា « កម្មករសំណង់កំពុងមានការលំបាកក្នុងការរកប្រាក់ចំណូលក្នុងអំឡុងពេលមានជំងឺរាតត្បាតជំងឺកូវីដ ១៩នេះ” ។ កម្មករមួយចំនួន មិនត្រូវបានផ្តល់ប្រាក់ឈ្នួល ឬក៏ត្រូវបានបើកប្រាក់ខែយឺត ដោយក្រុមហ៊ុនចំនួន ក៏រងផលប៉ះពាល់ និងជួបការលំបាករបស់ខ្លួនផងដែរ» ។
ទន្ទឹមនឹងនេះ អ្នកជំនាញ បានអំពាវនាវដល់ក្រុមហ៊ុននានាបើកប្រាក់ឈ្នួលឱ្យកម្មករសំណង់ ឱ្យបានទាន់ពេលវេលាពីព្រោះពួកគេភាគច្រើន ទទួលបានប្រាក់ឈ្នួលថ្ងៃ ហើយត្រូវការប្រាក់សម្រាប់ចំណាយរបស់ពួកគេ»។
គួរបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ តាមការសិក្សាស្រាវជ្រាវ បង្ហាញឱ្យដឹងថា តម្លៃពលកម្មសម្រាប់វិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងទៀត ក្នុងមួយខែ អាចទទួលបានប្រាក់បៀវត្សពី ៤០០ដុល្លារ ទៅ២៥០០ដុល្លារអាមេរិក។ ដោយឡែក កម្មករសំណង់ ក្នុងមួយថ្ងៃ អាចទទួលបានពី ៤០.០០០រៀល ទៅ ៦០.០០០រៀល សម្រាប់កម្មករជំនាញ និងមេជាង ក្នុងមួយថ្ងៃ អាចរកចំណូលបានពី ៦០.០០០ រៀល ដល់១០០.០០០ រៀល៕
ដោយ៖CEN