បាត់ដំបង៖ ប្រជាពលរដ្ឋនៅតាមសហគមន៍ ហាក់វិលទៅរកសភាពធម្មតាឡើងវិញ ដោយភ្លេចខ្លួន និងខ្វះការប្រុងប្រយ័ត្ន ពីការឆ្លងនិងចម្លងពីជំងឺកូវីដ-១៩ ដែលនៅលើពិភពលោកមិនទាន់ស្ងប់នៅឡើយ ហើយវាមានចំណុចល្អ និងចំណុចអាក្រក់ ដែលមន្ត្រីសុខាភិបាលទទួលបាននូវមេរៀន និងបទពិសោធន៍ការងារ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា អាជ្ញាធរដែនដីគ្រប់ថ្នាក់ សូមបន្តការយកចិត្តទុកដាក់បន្ថែមទៀត ពាក់ព័ន្ធកន្លងមកយើងបានអនុវត្តនូវវិធានការទប់ស្កាត់បានល្អប្រសើរ ជាពិសេសនៅខេត្តនេះ បានឆ្លើយតបនិងមានវិធានចំណាត់ការបញ្ហាកូវីដ ១៩ ឆ្លើយតបបានទាន់ពេលវេលា។
ក្រសួងនិងអាជ្ញាធរគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិត្រូវបន្តនូវការយកចិត្តទុកដាក់បន្ថែមទៀត ជុំវិញបញ្ហាសុខុមាលភាពសាធារណៈទូទៅ ដល់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេស បញ្ហាប្រឈមពីការកើតឡើងជំងឺរាតត្បាតផ្សេងៗទៀត ពិសេសបញ្ហាប្រឈមពីជំងឺគ្រុនឈាមនិងជំងឺគ្រុនចាញ់ ដែលអាចកើតមានឡើង និងត្រូវតែមានវិធានការបម្រុងជាមុន ក្នុងការទប់ស្កាត់និងការឆ្លើយតបឲ្យបានទាន់ពេលវេលា ដើម្បីជួយដល់សហគមន៍។
ការលើកឡើងបែបនេះ ក្នុងដំណើរបំពេញការងារ រយៈពេល២ថ្ងៃរបស់គណៈប្រតិភូមួយក្រុម នៃក្រសួងសុខាភិបាល ដឹកនាំដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងវត្តមានអមដំណើរពីលោកជំទាវ វេជ្ជបណ្ឌិត លី អេឡែន (Li AiLan) តំណាងអង្គការសុខភាពពិភពលោកWHOប្រចាំកម្ពុជា នៅខេត្តបាត់ដំបង។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំសំខាន់ៗ ជាពិសេសថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន នៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង និងគ្រោងបន្តដំណើរជួបមន្ត្រីសុខាភិបាល តាមបណ្តាមន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាពឃុំមួយចំនួន និងនៅមណ្ឌលចត្តាឡីស័កនៅតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង និងស្រុកសំពៅលូន។ ដោយផ្តោតពីការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ដើម្បីរួមគ្នាក្នុងការទប់ស្កាត់បង្កើនវិធានការបន្ត ក្នុងកិច្ចការពារកុំឲ្យកើតមានជាថ្មីការឆ្លង និងចម្លងជំងឺកូវីដ-១៩ រលកទី២ នៅក្នុងសហគមន៍ ដោយសារតែការធ្វេសប្រហែសរបស់បងប្អូន។ ដោយសារតែការកត់សម្គាល់របស់ក្រសួង ឃើញថាបងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ ពួកគាត់ហាក់វិលទៅរកសភាពធម្មតាឡើងវិញ ដោយភ្លេចខ្លួននិងខ្វះការប្រុងប្រយ័ត្ន ពីការឆ្លងនិងចម្លងពីជំងឺកូវីដ-១៩ ខណៈដែលនៅលើពិភពលោកមិនទាន់ស្ងប់នៅឡើយ។ ជំងឺកូវីដ-១៩ ក៏វាមានចំណុចល្អនិងចំណុចអាក្រក់ផងដែរ ដែលធ្វើឲ្យមន្ត្រីសុខាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទទួលបាននូវមេរៀននិងបទពិសោធន៍ការងារផងដែរ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណពីការយកចិត្តទុកដាក់ របស់ក្រសួង ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស វត្តមានដៃគូអភិវឌ្ឍន៍ក្នុងវិស័យសុខុមាលភាពសាធារណៈ នៃអង្គការសុខភាពពិភពលោកWHO ដែលបានផ្តល់នូវអនុសាសន៍គន្លឹះសំខាន់ៗ។ កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបង បានយកចិត្តទុកដាក់យ៉ាងសកម្ម ក្នុងកិច្ចសហការក្នុងការអនុវត្តន៍ការប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាមួយនិងមន្ទីរសុខាភិបាលខេត្ត និងគ្រប់ថ្នាក់តាមបណ្តាស្រុក និងគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ទៅតាមគោលការណែនាំ និងវិធានការជាក់លាក់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងវិធានការនានា ដែលអាជ្ញាធរនិងសមត្ថកិច្ចក្នុង ខេត្តបានបំពេញតួនាទី ក្នុងបេសកកម្មជួយដល់ប្រជាពលរដ្ឋ ស្ថិតក្នុងកម្រិតនិងលទ្ធភាព សមត្ថភាពដែលអាចធ្វើបាន និងឆ្លើយតបជួយប្រជាពលរដ្ឋ។ អ្វីជាអនុសាសន៍របស់លោកជំទាវ រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរសុខាភិបាលខេត្ត និងពិភាក្សាពិចារណារៀបចំនូវវិធានការ បង្ការទប់ស្កាត់និងត្រៀមផែនការ ឆ្លើយតបពីការរាតត្បាតនៃជំងឺឆ្លងផ្សេងៗ ជាពិសេសនិងខិតខំក្នុងការលើកកម្ពស់ នូវសុខុមាលភាពសាធារណៈទូទៅ និងធ្វើការចុះអប់រំផ្សព្វផ្សាយ ពីការថែរក្សា អនាម័យ រស់នៅស្អាត បន្ថែមទៀត ដើម្បីបញ្ចៀសឲ្យបានពីការឆ្លង និងចម្លងនូវមេរោគ និងពីការរាតត្បាតជំងឺឆ្លងផ្សេងៗទៀត ដូចជា បញ្ហាកូវីដ-១៩ ជំងឺគ្រុនឈាម និងគ្រុនចាញ់ ជាដើម។ល។
ក្នុងឱកាសចុះពិនិត្យមើល និងសាកសួរសុខទុក្ខ ដល់ក្រុមគ្រូពេទ្យបង្អែកស្រុកប្រតិបត្តិ និងនៅមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោកជំទាវ ក៏ឧបត្ថម្ភសម្ភារម៉ាស អាល់កុល ជែល អាវគ្រូពេទ្យ និងថវិកាមួយចំនួន ដល់អង្គភាពមានមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិមោងឫស្សី មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរសុខាភិបាលខេត្តផងដែរ៕ ដោយ៖អ៊ុងសារុំ