ខេត្តព្រះសីហនុ៖លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទី បានឲ្យដឹងថា នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្ក្រាបជនជាតិចិនមួយក្រុម ដែលបានចាប់បង្ខាំង និងជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នា ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ក្នុងនោះកម្លាំងសមត្ថកិច្ចជួយរំដោះបានជនរងគ្រោះម្នាក់ និងចាប់បានជនសង្ស័យចំនួន៧នាក់ (ប្រុស៦នាក់ស្រីម្នាក់) ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បញ្ជាក់ថា សម្រាប់ប្រតិបត្តិការនេះ លោកបានដឹកនាំកម្លាំងកងរាជអាវុហត្ថចំនួន៣០នាក់ ក្រោមការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងមានវត្តមានលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តផងដែរ។
ជនសង្ស័យទាំង៧នាក់រួមមាន៖ ទី១.ឈ្មោះ Cao Ya Qi ភេទស្រី អាយុ២១ឆ្នាំ ទី២.ឈ្មោះ Yang Jing ភេទប្រុស អាយុ២៧ឆ្នាំ ទី៣.ឈ្មោះ Xie Ji Liu ភេទប្រុស អាយុ២៨ឆ្នាំ ៤.ឈ្មោះ Cai Lei Lei ភេទប្រុស អាយុ៣៣ឆ្នាំ ទី៥.ឈ្មោះ Ou Qiang ភេទប្រុស អាយុ២៦ឆ្នាំ ទី៦.ឈ្មោះ Zhu Shou Jiang ភេទប្រុស អាយុ២៥ឆ្នាំ ៧.ឈ្មោះ Li Jun ភេទប្រុស អាយុ៣៣ឆ្នាំ។ ដោយឡែក ជនរងគ្រោះដែលត្រូវមានឈ្មោះ Luo Ping ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន។
ក្រោយប្រតិបត្តិការ កម្លាំងអាវុធហត្ថ បានដកហូតវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួនរួមមាន៖ រថយន្ត ចំនួន១គ្រឿង ម៉ាក Highlander ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 2A-9891 , ម៉ូតូ ចំនួន១គ្រឿង ម៉ាក PCX ពណ៌ស គ្មានផ្លាកលេខ, ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន២គ្រាប់ និងម្សៅសថ្លា ចំនួន១កញ្ចប់ (សង្ស័យជាថ្នាំញៀន) ត្រាក្រហម ចំនួន៨ត្រា, កាតធនាគារចំនួន៥៤សន្លឹក, ខ្នោះដៃចំនួន៣,ម៉ាស៊ីនផ្លុំសក់ចំនួន១, វ៉ាលិស ចំនួន២ (តូច១ និងធំ១) ទូរស័ព្ទដៃចំនួន៦គ្រឿង, ដំបងឆក់ ចំនួន១ដើម, ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ចំនួន១គ្រឿង , លិខិតឆ្លងដែន ចំនួន៣ច្បាប់, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន, កាបូបដៃ ចំនួន១ , ស៊ីមទូរស័ព្ទមួយចំនួន , អត្តសញ្ញាណប័ណ្ណមួយចំនួន , ឧបករណ៍ឆែកទិន្នន័យធនាគារ ចំនួន១៣ គ្រឿង។
បច្ចុប្បន្នកម្លាំងជំនាញ អាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕ ដោយ៖កូឡាប