កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីថៃ្ងទី៧ ខែកក្កដា ឆ្នាំ២០២០ កម្លាំងចម្រុះ ដឹកនាំដោយ ឯកឧត្ដម សរ សុពុត្រា អភិបាលរងខេត្ដកំពង់ស្ពឺ តំណាងឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ដ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ដ បានចុះពិនិត្យនិងធ្វើការរុះរើ របងព័ទ្ធដី រោងចាំដី និងសំណង់អាណាធិបតេយ្យសង់រំលោភយកដីធ្វើជាកម្មសិទ្ធិ នៅក្នុងតំបន់ឧទ្យានជាតិ ព្រះសុរាម្រិត-កុសុមៈ “គីរីរម្យ” ដែលជាដីការពារដោយព្រះរាជក្រឹត្យ ចំណុចនាគព័ន្ធ ចំណុចអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ឯកឧត្ដម សរ សុពុត្រា បានថ្លែងថា “បច្ចុប្បន្នក្រុមអាណាធិបតេយ្យមួយចំនួន តែងតែលួចធ្វើសកម្មភាពទន្ទ្រាន យកដីធ្វើជាកម្មសិទ្ធិដោយមិនខ្វល់ អំពីអ្វីដែលហៅថាជាផ្លូវច្បាប់នោះឡើយ គឺបានកៀរគរពលរដ្ឋមួយចំនួនមកពីរតំបន់ឆ្ងាយ និងផ្ដល់លុយដោយការកុហក និងអះអាងថា ធានាក្នុងការបង្ក្រាបពីសមត្ថកិច្ច ជំនាញពាក់ព័ន្ធ” ។
ឯកឧត្តម បានបញ្ជាក់ថា “អនុវត្តន៍គោលការណ៍ច្បាប់ គណៈបញ្ជាការឯកភាពខេត្ដ បានធ្វើការរុះរើរបងព័ទ្ធយកដី រោងចាំដី និងសំណង់អាណាធិបតេយ្យបានមួយចំនួន និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវបានចាញ់បោកមេខ្យល់ ញុះញង់ ឲ្យចូលរួមប្រព្រឹត្ដសកម្មភាពធ្វើការទន្ទ្រានយកដីរដ្ឋ ដោយខុសច្បាប់ ត្រូវតែបញ្ឈប់សកម្មភាព ដោយការពិចារណា គិតគូរអំពីបញ្ហាការអនុវត្តន៍ច្បាប់នាំឲ្យមានពិរុទ្ធភាព មកលើខ្លួននិងក្រុមគ្រួសារ ផលប្រយោជន៍ បានអ្នកដទៃ “៕ដោយ៖កូឡាប